អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​នៅ​ស៊ូដង់​ខាងត្បូង​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​អំពើ​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅស៊ូដង់​ខាងត្បូង បងប្អូន​គូសត្រូវ​ទាំងពីរ គឺ​ប្រធានាធិបតី និង​អតីត​អនុប្រធានាធិបតី​ដែល​ជាមេក្រុម​ឧទ្ទាម បាន​យល់ព្រម​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​ទីក្រុង​Addis Abeba របស់​ប្រទេស​អេត្យូពី។ ការប្រយុទ្ធគ្នា​រវាង​ក្រុមបក្ស​និយមពីរ គឺ​លោកប្រធានាធិបតី និង​ក្រុមឧទ្ទាម​របស់​លោក​អនុប្រធានាធិបតី​បាន​កើតឡើង តាំងពី​ពាក់កណ្តាល​ខែ​ធ្នូ​ឆ្នាំមុន និង​បាន​សម្លាប់​រាប់ពាន់នាក់ នៅ​ស៊ូដង់​ខាងត្បូង។ ភាគី​ទាំងពីរក៏ធ្លាប់បាន​ចុះកិច្ចព្រមព្រៀង​មួយ កាលពី​ខែ​មករា​កន្លងទៅ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល ប៉ុន្តែ ភាគី​ជម្លោះ​មិន​បាន​គោរព អនុវត្ត​កិច្ចព្រមព្រៀង​នោះទេ ដោយ​នៅ​តែ​បន្ត​ប្រយុទ្ធ​គ្នា។

ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង និង​អនុប្រធានាធិបតី ដែល​ប្រធានាធិបតី​ចោទ​ថា ជា​មេឧទ្ទាម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ ចុះ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ក្នុង​ប្រទេស​អេត្យូពី កាលពីថ្ងៃ​សុក្រទី ៩​ឧសភា
ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង និង​អនុប្រធានាធិបតី ដែល​ប្រធានាធិបតី​ចោទ​ថា ជា​មេឧទ្ទាម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ ចុះ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ក្នុង​ប្រទេស​អេត្យូពី កាលពីថ្ងៃ​សុក្រទី ៩​ឧសភា ©REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចព្រមព្រៀង កាលពី​យប់​ថ្ងៃ​សុក្រ ទី ៩​ឧសភា​ គូភាគី​ជម្លោះ​ត្រូវ​បង្កើត​ឲ្យ​មាន​បទ​ឈប់បាញ់ នៅក្នុង​រយៈពេល ២៤​ម៉ោង បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង។ គេ​មាន​ចែង​ផងដែរ ពី​ការបង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ដែលមាន​ចូល​រួម​ពី​ភាគី​ទាំងពីរ ដើម្បី​ដឹកនាំ​ប្រទេស ទម្រាំ​ដល់​មាន​ការរៀបចំ​បោះឆ្នោត​មុន​អាណត្តិមួយ ដែល​គេ​មិន​ទាន់​ប្រកាស​កាល​បរិច្ឆេទ។ មួយវិញទៀត ភាគី​ជម្លោះ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា ដកទ័ព​របស់ខ្លួន​ចេញ​ពី​កន្លែង​ប្រយុទ្ធគ្នា ដើម្បី​បើកផ្លូវ​ឲ្យ​មាន​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាជន​ស៊ីវិល ដែល​បាន​រងគ្រោះ និង​រត់ភៀសខ្លួន ចេញពី​ផ្ទះសម្បែង ដោយសារ​អំពើហិង្សា និង​ការប្រយុទ្ធគ្នា​កន្លងមក

 
លើកនេះ គេ​សង្ឃឹម​ច្រើនថា ភាគី​ជម្លោះ ទាំងពីរ គឺ​ខាងរដ្ឋាភិបាល និង​ពួកឧទ្ទាម​នឹង​គោរព​អនុវត្ត​កិច្ចព្រមព្រៀង ដោយសារ​តែ​ទាំង​លោកប្រធានាធិបតី សាលវ៉ា គៀ និង​គូជម្លោះ​របស់លោក គឺ​លោក​រីក ម៉ាស្ហារ​សុទ្ធតែ​ស្ថិតនៅ​ក្រោម​ការតាមដាន និង​គំនាប​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក។ កាលពី​អំឡុង​ទស្សនកិច្ច​​ទៅ​ស៊ូដង់​ខាងត្បូង លោក​ប្រមុខ​ការបរទេស​អាមេរិក ចន ឃែរី​ធ្លាប់​បាន​ដាក់​សម្ពាធ​ទៅ​លើ​មេដឹកនាំ​ជម្លោះ​ទាំងពីរ នៅ​ស៊ូដង់​ខាងត្បូង ដោយ​បាន​លើក​និយាយ​ពី​ទណ្ឌកម្ម​របស់​អាមេរិក ប្រសិន​បើ គេ​មិន​បញ្ឈប់​អំពើ​ហិង្សា នៅ​ស៊ូដង់​ខាងត្បូងទេ។

ជាក់ស្តែង កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងទៅ អាមេរិក​បាន​ចេញ​ទណ្ឌកម្ម​ទៅ​លើ​ឧត្តមសេនីយ៍​ពីរ​រូប មក​ពី​ភាគី​ជម្លោះ​ទាំងពីរ។ តាម​វ៉ាស៊ីនតោន ឧត្តមសេនីយ៍​របស់​ភាគី​ជម្លោះ​ទាំងពីរ​ជា​អ្នក​ទទួល​​ខុសត្រូវ​លើ​សកម្មភាព ហិង្សា​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​ស៊ីវិល។

រដ្ឋ​ស៊ូដង់ខាងត្បូង ដែលទើប​តែ​មាន​ជីវិត​រូបរាង បាន​បីឆ្នាំ នៅក្រោយ​ការបោះឆ្នោត​ប្រជាមតិ ផ្តាច់ខ្លួន ពី​សូដង់​ខាងជើង កាលពី​ឆ្នាំ ២០១១ នៅតែ​ត្រូវការ​អាមេរិក​ដើម្បី​ឈរ ទប់ទល់​នឹង​រដ្ឋអំណាច​ផ្តាច់ការ​ស៊ូដង់ខាងជើង។ ដូច្នេះ មេដឹកនាំ​ស៊ូដង់​ខាងត្បូង ចង់ ឬ​មិនចង់ ត្រូវ​តែបង្ខំចិត្ត ចាប់ដៃ គ្នា បញ្ឈប់​អំពើហិង្សា ដើម្បី ជៀសវាង កុំ​ឲ្យ​អាមេរិក​ខឹង​បោះបង់​ចោល​ខ្លួន។

សម្រាប់​ប្រេសិត សន្តិភាព និង​សន្តិសុខ​របស់​សហភាព​អាហ្រ្វិក​វិញ បើ​មើល​ទៅ​លើ​វិបត្តិ​នៅ ស៊ូដង់​ខាងត្បូង​នេះ សព្វថ្ងៃនេះ គេ​ពិបាក​នឹង​អាចស្តារ​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង។ ដើម្បី​កសាង​បរិយាកាស​សន្តិភាព​ឡើងវិញ ដំបូង​ក្រុមជម្លោះ​ទាំងពីរ​ត្រូវ​ចេះព្រមព្រៀង​គ្នា ក្នុង​ការដកអាវុធ​ពីក្រុមទាហាន​របស់ខ្លួន និង​យល់ព្រម​ឲ្យមាន​ការពង្រាយ​ទ័ព​អាហ្វ្រិក និង​ពង្រឹង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ នៅ​ស៊ូដង់​ខាងត្បូង។

មួយវិញ​ទៀត តាម​ប្រេសិត​សហភាព​អាហ្រ្វិក​អំពើហិង្សា​មិនងាយ​នឹង​រលុប​បាត់​ទៅ​ដោយ​ងាយ ព្រោះ​ថា ជម្លោះ រវាង​ភាគី​នយោបាយ នៅ​ស៊ូដង់​ខាងត្បូង បាន​វិវឌ្ឍ ចេញ​រូបរាង​ទៅ​ជា​ជម្លោះ កាប់សម្លាប់​គ្នា រវាង​ជាតិពិន្ធុ​ពីរ គឺជនជាតិ​ពិន្ធុ ឌិនកា ដែល​ជា​ជនជាតិភាគតិច របស់​លោក​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​បច្ចុប្បន្ន និង​ក្រុម​ជាតិ​ពិន្ធុ ​នុយអេ ដែល​ជា​ក្រុមគាំទ្រ​លោក​​អតីត​អនុប្រធានាធិបតី រីក ម៉ាស្ហារ ដែល​ជា​មេឧទ្ទាម។

ដំបូង​ឡើយ គេ​ជឿថា ក្រុម​នុយអេ (ក្រុមឧទ្ទាម)​បាន​ចេញ​ប្រយុទ្ធ ដើម្បី​គាំទ្រ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​អនុប្រធានាធិបតី រីក ម៉ាស្ហារ ដែល​បាន​រត់ចូលព្រៃ បន្ទាប់ពី​លោក​ប្រធានាធិបតី​ចោទ​ពី​បទប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។  ប៉ុន្តែ បើពិនិត្យ​ទៅលើ​​អំពើហិង្សា​កន្លងមក ក្រុម​ជាតិ​ពិន្ធុ​នុយអេ មិនមែន​ត្រឹម​សម្លាប់​ទាហាន​របស់​រដ្ឋាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែ បាន​សម្លាប់​ទាំង​ប្រជាជន​មក​ពីក្រុម​ជាតិ​ពិន្ធុ​ឌិនកា ដែល​ជា​ក្រុមជនជាតិ​របស់​លោក​ប្រធានាធិបតី​ទៀតផង។ ក្រុម​ទាហាន​ឌិនការ ក៏ធ្វើ​ដូច្នេះ ដែរ។ ក្រុមនេះ បាន​សម្លាប់​ប្រជាជន​ស៊ីវិល​នុយអេ នៅតាមផ្ទះ មន្ទីពេទ្យ ឬ​សូម្បី​តែ​នៅជំរក​ជនភៀសខ្លួន របស់​អង្គការ​សហប្រជាជាតិ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​នៅមួយថ្ងៃ​មុន កិច្ចព្រមព្រៀង​រវាង​លោកប្រធានាធិបតី និង​លោក​អនុ​ប្រធានាធិបតី ដែល​ជា​មេក្រុមឧទ្ទាម អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​មួយ ដែល​​និយាយ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ស៊ូដង់។

តាម​មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ​ដែល​ធ្វើការ​នៅ​ស៊ូដង់ ចាប់តាំងពី​ផ្ទុះ​សង្រ្គាម​ស៊ីវិល នៅ​ស៊ូដង់​ខាងត្បូង កាលពី​ពាក់កណ្តាល​ខែ​ធ្នូ​ឆ្នាំមុន គេ​សង្កេត​ឃើញ​ថា ​អំពើ​ហិង្សា ការសម្លាប់​រង្គាល ការបាត់ខ្លួន ការចាប់ដាក់ឃុំ​ដោយគ្មាន​ការកាត់ទោស​តាម​ផ្លូវច្បាប់ និង​ការរំលោភ​ផ្លូវភេទ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ក្រុម​ប្រយុទ្ធ​ទាំងពីរ​ភាគី។ ការសម្លាប់​រង្គាល និង​អំពើហិង្សា ធ្វើឡើង ទៅតាម​បែបផែន និង​មាន​ទិសដៅ​ច្បាស់លាស់ គឺ​គេ​សម្លាប់ ធ្វើ​ទុកម្នេញ​ទៅលើ​ប្រជាជន​តាម​ដើមកំណើត​ជនជាតិ​របស់ពួកគេ។ ក្រុម​ប្រដាប់​អាវុធ​ថែម​ទាំង​ហ៊ាន​វាយប្រហារ​ទៅលើ​ក្រុមរក្សាសន្តិសុខ​មួកខៀវ របស់​អង្គការ​សហប្រជាជាតិ​ទៀតផង។

នៅក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ គេ​តាមទាមទារ​ឲ្យ​មាន​ការវែកមុខ ថ្កោលទោស​​ក្រុមជនអ្នកប្រព្រឹត្ត​ឧក្រិដ្ឋកម្ម គឺ​គេ​មិន​ត្រូវ​បំភ្លេចចោល នោះទេ នោះបើទោះបី​ជា​បញ្ហា​នយោបាយ​ត្រូវ​បាន​ដោះស្រាយ​ចេញរួច​ក៏ដោយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ