អានតួអត្ថបទ
ស៊ូដង់ខាង​ត្បូង

សង្គ្រាម​កំពុង​គំរាម​ជីវិត​កុមារស៊ូដង់​ខាង​ត្បូង ឱ្យ​ស្លាប់​មុន​អាយុ

កុមារ​ជាង​៥​ម៉ឺន​នាក់​ អាច​នឹង​រក​គ្រោះ​ស្លាប់​បាត់បង់​ជីវិត ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​គ្រោះ​ទុរភិក្ស ឬ​ដោយ​គ្រោះ​អត់ឃ្លាន មាន​ជំងឺ​រាត់​ត្បាត បន្ទាប់​ពី​ប្រទេស​បាន​ឆ្លង​កាត់​សង្គ្រាម​អស់​រយៈ​ពេល​៦​ខែ។ នេះ​បើ​តាម​អង្គការ​សហប្រជាជាតិ​ដែល​បាន​​ទាញ​សញ្ញា​អាសន្ន នៅ​ថ្ងៃ​សោរ៍​ទី ១៤​មិថុនា និង​ទាមទារ​ជំនួយ​ប្រមាណ​១ពាន់​លាន​ដុល្លារ​ដើម្បី​ប្រជាពល​រដ្ឋ​ទាំង​នោះ។

សាកសព​ជន​ស៊ីវិល​ស្លាប់​ នៅ​ស៊ូដង់​ខាង​ត្បូង
សាកសព​ជន​ស៊ីវិល​ស្លាប់​ នៅ​ស៊ូដង់​ខាង​ត្បូង REUTERS/Emre Rende
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​ប្រតិបត្តិការ​មនុស្សធម៌​បន្ទាន់​នេះ គឺ​ដើម្បី​សង្គ្រោះជីវិត​មនុស្ស​ពី​ភាព​អត់​ឃ្លាន​ ! ​​ព្រោះ​បណ្តា​ជន​ស៊ូដង់​ខាង​ត្បូង​គ្មាន​ស្រែ​គ្មាន​ចម្ការ គ្មាន​ការ​ចិញ្ចឹម​សត្វ​អ្វី ទៀត​ទេ ! គ្រោះ​ជួប​ទុរភិក្ស​ មាន​កាន់​តែ​ខ្លាំង និង​បាន​សម្លាប់​​ជីវិត​មនុស្ស​ជា​បណ្តើរៗ​ហើយ !

ជម្លោះ​សង្គ្រាម​ស៊ីវិល នៅស៊ូដង់​​ បាន​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​រាប់​សិប ឬ​រាប់​រយ​ពាន់​នាក់​ស្លាប់ (គ្មាន​ទេ​តុល្យការ​ច្បាស់ការណ៍​ណា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈទេ) និង​ជាង​មួយ​លាន​នាក់​កន្លះ​ភៀស​ខ្លួន។ ជា​ផលវិបាក​ កុមារ​យ៉ាង​ហោច​ណាស់ ៥​ម៉ឺន​នាក់ នឹង​អាច​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ ព្រោះ​ជំងឺ ព្រោះ​ភាព​អត់​ឃ្លាន ព្រោះអំពើ​ហិង្សា និង​ព្រោះ​តែ​មិន​បាន​ជំនួយ​មនុស្សធម៌។ ប្រតិបត្តិការ​មនុស្ស​ធម៌​ស៊ូដង់​ខាង​ត្បូង ដែល​គ្រោង​នឹង​ជួយ​សង្គ្រោះ​ប្រជាជន​ប្រមាណ​៣លាន​៨​សែន​នាក់។

ពេល​នេះ​រដូវ​វស្សា​បាន​មក​ដល់ លក្ខខណ្ឌ​រស់​នៅ​កាន់​តែ​លំបាក​ ! ជំងឺ​អាសន្នរោគ គ្រុនចាញ់​អាច​រាត​ត្បាត​បាន​គ្រប់ពេល​វេលា​។ សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ស៊ូដង់​ខាង​ត្បូង ប៉ាន់​ប្រមាណ គេ​ត្រូវ​ការ​ជំនួយ​ប្រមាណ​១ពាន់​លាន​ដុល្លារ​ទៀត​ ដើម្បី​ជួយ​ស្រោច​ស្រង់​ជា​បន្ទាន់​ផ្នែក​សេវា​សុខភិបាល ចំណីអាហារ​ ទឹក​ស្អាត និង​ជំរក សម្រាប់​ការពារ​ភ្លៀង​ខ្យល់។

សូម​បញ្ជាក់​ថា តាំង​ពី​សង្គ្រាម​ស៊ីវិល អន្តរសហគមន៍​ ​បាន​ផ្ទុះ​ឡើង ​ប្រធានាធិបតី​ស៊ូដង់ លោក សាល់វ៉ាគៀ និង​មេ​ឧទ្ទាម​ រៀក ម៉ាហ្សារ បាន​ព្រមព្រៀង​នៅ​សប្តាហ៍​នេះ បង្កើត​​រដ្ឋាភិបាល​អន្តរកាល​ឱ្យ​បាន​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត ប៉ុន្តែ​អ្នក​ឯកទេស​មាន​មន្ទិល​យ៉ាង​ខ្លាំង​លើ​ចេតនា​ចង់​បញ្ចប់​ជម្លោះ​​តាម​ផ្លូវចរចា។ កិច្ចព្រមព្រៀង​ឈប់​បាញ់​មាន​ពីរ​លើក​មក​ហើយ​ប៉ុន្តែ​គ្មាន​ភាគី​ណា​គោរព​ទេ។ ការ​ប្រើ​កម្លាំ​ង​បាយ​ កម្លាំង​យោធា​ទំនង​ជា​ច្រក​ផ្លូវ​អាទិភាព​របស់​ពួក​គេ។ សម្រាប់​ពេល​នេះ មាន​ជន​ភៀស​ខ្លួន​ជិត​មួយ​សែន​នាក់ ដែល​រត់​គេច​ពី​ការ​ប្រល័យ​ពូជសាសន៍​គ្នា កំពុង​ប្រជៀត​គ្នា​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​អង្គការ​សហប្រជាជាតិ ដើម្បី​បាន​ទទួល​ការពារ​ពី​កងទ័ព​មួក​ខៀវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ