អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចំណាប់ខ្មាំង​បារាំង​៤រូប​ នៅ​អាហ្វ្រិក​ ត្រូវបាន​ដោះលែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​បារាំង ៤រូប ដែល​ត្រូវ​បាន​ក្រុមភេរវជន​អ៊ីស្លាម​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង នៅ​ប្រទេស នីហ្សេ នៅ​អាហ្វ្រិក កាល​ពី​ ៣ឆ្នាំមុន ត្រូវបាន​ដោះលែង​មកវិញ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។ ពួកគេ​មានរូបភាពស្គមស្គាំង​ប៉ុន្តែ គ្មាន​បញ្ហា​សុខភាព​អ្វីធ្ងន់ធ្ងរ​នោះទេ។​ រដ្ឋាភិបាល​​បារាំង​អះអាង​ថា ការដោះលែង​នេះ​ត្រូវ​បាន​ធ្វើឡើង តាមរយៈ​ការចរចា ហើយ​ថា បារាំង​មិនបាន​បង់លុយ​ទៅ​ឲ្យ​ក្រុមភេរវជន ជាថ្នូរ​នឹង​ការ​ដោះលែង​នេះ​ទេ។ អតីត​ចំណាប់ខ្មាំង​ទាំង ៤នាក់ បាន​​ធ្វើដំណើរ​ចេញ​ពី​ព្រលានយន្តហោះ​ទីក្រុង​នីអាម៉ី មក​ដល់​ប្រទេស​បារាំង ​នៅ​​​ថ្ងៃ​ពុធ​នេះ ដោយ​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ នឹង​ទៅ​ទទួល​ដល់​ព្រលាន​យន្តហោះ។

ចំណាប់​ខ្មាំង​បារាំង​ដែល​បានដោះលែង បាន​មកដល់​ប្រទេស​បារាំង​វិញ​ នៅ​ថ្ងៃ​ពុធ​នេះ។ ​ពី​ឆ្វេងទៅស្តាំ៖Marc Feret,  Thierry Dol, Pierre Legrand, ប្រធានាធិបតី​បារាំង, និង​ Daniel Larribe
ចំណាប់​ខ្មាំង​បារាំង​ដែល​បានដោះលែង បាន​មកដល់​ប្រទេស​បារាំង​វិញ​ នៅ​ថ្ងៃ​ពុធ​នេះ។ ​ពី​ឆ្វេងទៅស្តាំ៖Marc Feret, Thierry Dol, Pierre Legrand, ប្រធានាធិបតី​បារាំង, និង​ Daniel Larribe REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

១-តើ​ជាការពិត​ដែរ​ទេ​ ដែល​​ពលរដ្ឋបារាំង​ទាំង៤រូប​នេះ ត្រូវបាន​ដោះលែង​ដោយ​គ្មាន​ការ​បង់ប្រាក់ជាថ្នូរ ដល់​ក្រុមភេរវជន​ ​បន្តិច​ណាសោះនោះ?

រដ្ឋមន្រ្តី​ការបរទេស​បារាំង​ ឡូរ៉ង់ ហ្វាប៊ីយុស Larent Fabius បាន​បញ្ជាក់ច្បាស់​ណាស់ថា បារាំង​មិន​បាន​បង់ប្រាក់​ជាថ្នូរ​នោះទេ។ ការ​មិន​បង់​ប្រាក់​នេះ គឺ​ជា​​នយោបាយ​របស់​រដ្ឋាភិបាល​បារាំង។ តាំងពី​ខែ​មករា​ ដើមឆ្នាំ​មក ប្រធានាធិបតី​បារាំង​ធ្លាប់​បាន​ប្រាប់ដោយ​ចំ រឺ​ក៏ដោយ​ប្រយោល​​ទៅ​​ក្រុមគ្រួសារ​បារាំង​ដែល​មាន​សមាជិកត្រូវ​បាន​គេចាប់​ជាចំណាប់ខ្មាំង​នៅ​បរទេស​នោះ ថា​រដ្ឋាភិបាល​បារាំង​មិន​បង់ប្រាក់​ដើម្បី​ទទួលបានការដោះលែង​ចំណាប់ខ្មាំង​នោះទេ។ បារាំង​​បដិសេធ​មិន​ចរចា​ជាមួយ​ក្រុមភេរវជន​ទេ ប្រសិន​បើ​ការចរចា​នេះ ទាមទារ​អោយ​បារាំង​ចាយប្រាក់កាស។

អ្នកស្រី​ហ្វ្រង់ស៊័រហ្សឹ ឡារីប Françoise Larribe ជាភរិយា​របស់​ចំណាប់ខ្មាំង​បារាំង គឺ​លោក ដានីញេល​ ឡារីប Daniel Larribe ដែល​ត្រូវ​បាន​ដោះលែង ​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ប្រាប់ថា ប្រធានាធិបតី​បារាំង​ធ្លាប់​បាន​ប្រាប់​អ្នកស្រី​ថា គឺ​ពិបាក​នឹង​គិត​បាន​ណាស់ថា​ត្រូវ​តែ​ផ្តល់​លុយ​ដល់​​​​ក្រុម​រឺ​ក៏ស្ថាប័ន​ដែល​បារាំង​ធ្វើសង្គ្រាម​ប្រឆាំង​។ មានន័យថា គឺ​មិនអាច​ទៅរួច​នោះទេ ដែល​យើងត្រូវ​បង់លុយ​អោយ​សត្រូវ​របស់​យើង។

ហើយ​គួរបញ្ជាក់ថា សត្រូវ​ទាំងនោះ​ទៀតសោត សុទ្ធ​តែ​ជា​ក្រុមភេរវជន​សម្លាប់​មនុស្ស។​ ពិសេស​គឺ​ក្រុម​អាល់កៃដា​តំបន់ម៉ាហ្ក្រេបនេះ​តែម្តង ដែល​បាន​ចាប់ពលរដ្ឋបារាំ​ងទាំង៤រូប​នោះ ទៅ​អស់​រយៈពេល​៣ឆ្នាំ​មកនេះ។

អតីត​រដ្ឋមន្ត្រី​ការបរទេស​បារាំង ប៊ែរណា គុចនែរ Bernard Kouchner ក៏​​​បាន​ប្រាប់ដែរថា គ្រប់គ្នា​សុទ្ធ​តែ​បានព្រមព្រៀង​ថា បើ​ទោះ​ជា​បង់ប្រាក់ថ្នូរ​ដើម្បីទទួលបាន​ការដោះលែង​ចំណាប់ខ្មាំង​មកវិញ ក៏​វា​មិនអាច​ផ្លាស់ប្តូរ​អ្វី​បាននោះដែរ។ ព្រោះថា ពលរដ្ឋ​បារាំង​គឺ​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប ជា​អាទិភាព​ ដែល​​ក្រុមភេរវជន​ចង់​ចាប់យក​ធ្វើជា​ចំណាប់ខ្មាំង។

រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​ ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ បាន​គូសបញ្ជាក់ថា ការដោះលែង​ពលរដ្ឋបារាំង​បួននាក់​នេះ គឺ​សំរេច​ឡើង​តាម​រយៈការចរចា​សុទ្ធសាធ។ ការដោះលែង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល គ្មាន​ការប៉ះទង្គិច​អ្វីនោះឡើយ។ ហើយ​ក៏​គ្មាន​ការវាយប្រហារ​ដោយយោធា រឺ​ការបង់​ប្រាក់ជាថ្នូរ​នោះដែរ។
ជាផ្លូវការ​គឺ​គ្មាន​ការ​បង់ប្រាក់ ​​កាសែត​បារាំង​ អាអេហ្វប៉េ AFP បានប្រាប់​នៅ​ថ្ងៃពុធ​​នេះ ថា យោងតាម​​​​ប្រភព​​ក្រុមអ្នកចរចា​ប្រទេសនីហ្សេ ​ការដោះលែង​នេះ​គឺមានបង់ប្រាក់​ជាថ្នូរ​ពី ២០ទៅ​២៥លាន អឺរ៉ូ​ឯណោះ។ ហើយ​​តាម​កាសែត​ ឡឺប៉ារីស៊ីយាង Le Parisien បារាំង ក៏ធ្លាប់​ប្រាប់ដែរ​ថា​ ក្រុមហ៊ុនថាមពល​នុយក្លេអ៊ែរ​ អារ៉េវ៉ា​ ធ្លាប់​បាន​ប្រាប់​រដ្ឋាភិបាល​បារាំង​ដោយ​ប្រយោល​ថា ខ្លួន​ចង់​ចេញប្រាក់កាស​ដើម្បី អោយ​បុគ្គលិកការងារ​ខ្លួន​ទាំងនោះ​បានរួចខ្លួន​មកវិញ។ ក្រុមហ៊ុន​អារេវ៉ា Areva នេះ​ជា​ក្រុមហ៊ុនដែល​ពលរដ្ឋ​បារាំង​ទាំង​៤រូបនោះ​បំរើការងារ​អោយ។ ហើយប្រាក់កាស​ទាំងនោះ អាច​មាន​ដល់ទៅ​ច្រើនលាន​អឺរ៉ូ។ បង់ប្រាក់​រឺ​មិនបង់​ប្រាក់ សំខាន់​គោលដៅ​ចុងក្រោយ​គឺ​ចំណាប់ខ្មាំង​ត្រូវបាន​ដោះលែង។

ប៉ុន្តែ បើ​មានការ​បង់ប្រាក់​មែន គឺថា​ហាក់ដូច​ជា​អយុត្តិធម៌ចំពោះ​ចំណាប់ខ្មាំង​ឯទៀត​ណាស់ ដូច​ជា​ចំណាប់ខ្មាំង​ដែល​គ្មាន​ក្រុមហ៊ុន រឺ​ក៏​គ្មាន​ខ្នង​នឹង​ជួយ​រក​លុយ​បង់រំលោះ​នឹង​ការដោះលែង​នេះ។ អញ្ចឹង​ពួកគេ​រង់ចាំ​តែថ្ងៃស្លាប់​នោះទេ។

២- បារាំង​ប្រាប់ថា ការដោះលែង​នេះ​គឺ​ដោយសារ​តែ​​​ក្រុមការងារ​របស់​រដ្ឋាភិបាល​ប្រទេស​​នីហ្សេ បានចុះទៅចរចា​ជាមួយ​ក្រុមឧទ្ទាម​ផ្ទាល់​។ តើការចរចា​នោះ​​បាន​ប្រព្រឹត្ត​ទៅ​បែបណា​ដែរ ហើយ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ទើបបាន​ជាក្រុម​ភេរវជន​​ព្រម​ដោះលែង​ពលរដ្ឋបារាំង​បានមកវិញ? ហេតុអ្វី​ក៏​គ្មាន​ប្រតិបត្តិការ​យោធា?

ការចរចា​ចុងក្រោយ​ដើម្បី​សំរេច​អោយ​មានការដោះលែង​នេះ គឺ​បាន​​​នៅ​ប្រទេស​ម៉ាលី។ នៅម៉ាលី បារាំង​ធ្លាប់​ធ្វើប្រតិបត្តិការ​ប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម។ ប៉ុន្តែ រដ្ឋាភិបាល​​នីហ្សេ មិន​បាន​ប្រាប់ថា តើ​មាន​ប្រតិបត្តិការ​អ្វីខ្លះ រឺ​ក៏ថា​​ប្រទេស​ម៉ាលី​បាន​ចូលរួម​ក្នុង​ការសំរេច​អោយ​មានការដោះលែង​នេះដែរ ក៏​រដ្ឋាភិបាល​នីហ្សេ​មិនបញ្ជាក់​អ្វី​ទាំងអស់។ កាលពី​ថ្ងៃ​២៤តុលា កន្លងទៅ មាន​​ប្រភព​ព័ត៌មាន​​​មួយ​នៅ​ម៉ាលី បាន​ប្រាប់ថា មាន​បេសកជន​បារាំង​ទៅតំបន់សាហេល ដើម្បី​ជំរុញ​ការចរចា​ដោះលែង​ចំណាប់ខ្មាំង​​បារាំង ប៉ុន្តែ​បារាំង​បាន​បដិសេធ​ថា​បានបញ្ជូន​មនុស្ស​ទៅ​ចរចា​នៅទីនោះ។ ទោះយ៉ាងណា ​ប្រធានាធិបតី​​នីហ្សេ​ លោក ម៉ាហាម៉ាឌូ អ៊ីសស៊ូហ្វ៊ូ បាន​រំលឹកថា ការដោះលែង​នេះ ក៏ដោយសារ​តែ​មានការ​សហការ​ជាមួយ​ប្រទេស​បារាំង​ដែរ។ យើង​ឃើញថា ចាប់តាំង​ពី​ពលរដ្ឋ​បារាំង​ទាំង៤រូប ត្រូវ​បាន​ចាប់ជាចំណាប់ខ្មាំង​ នៅឆ្នាំ​២០១០ មក រដ្ឋាភិបាល​ប្រទេស​នីហ្សេ​បាន​​ត្រៀម​គ្រប់លក្ខខណ្ឌ ដើម្បី​អាច​​អោយក្រុមភេរវជន​ដោះលែង​ពួកគេ​មកវិញ។ បារាំង​ប្រាប់ថា រដ្ឋាភិបាល​នីហ្សេ​បាន​ទាក់ទង​ក្រុមភេរវជន​ជាច្រើន​ខែ​មកហើយ។

យើង​កត់សំគាល់ថា ក្រុមអ្នកចរចាប្រទេស​នីហ្សេ​ មានប្រភព​​មកពី​សហគមន៍​ទូអារេក Touareg។ សហគមន៍​នេះ​គឺ​មកពី​ភាគកណ្តាល​តំបន់វាលខ្សាច់​សាហារ៉ា នៅ​ភាគខាងជើង​ទ្វីបអាហ្វ្រិក។ ហើយ​ក្រុមភេរវជន​អាល់កៃដា តំបន់​ម៉ាហ្ក្រេប​ក៏​ប្រហែល​មកពីសហគមន៍​នេះដែរ។ អញ្ចឹង​គឺថា អាច​ជា​លក្ខណៈ​វិជ្ជមាន​មួយសំរាប់​ទំនាក់ទំនង​ចរចា​រ រវាង​ភាគី​ទាំងពីរ​ដែលស្ថិត​ក្នុង​សហគមន៍​ទូអារេក​តែមួយ។

សូមបញ្ជាក់ថា ចំណាប់ខ្មាំងទាំងអស់​នោះ​មិនបាន​ស្ថិត​នៅ​កន្លែងតែមួយ​នោះទេ អញ្ចឹង​ត្រូវតែ​ប្រមូល​អោយ​ពួកគេ​ទាំងអស់​នោះបាន​មកជុំគ្នា ទើបអាច​អោយ​មានការដោះលែង​ពួកគេបាន។

បើនិយាយ​ពីរឿង​ប្រតិបត្តិការ​យោធា​មិនមែន​ថា​ គ្មាន​ទាល់តែសោះនោះទេ។ គឺ​ថា យ៉ាងហោចណាស់ ក៏យោធាបារាំង​​និង​ក្រុម​ប្រតិបត្តិការ​ពិសេស​បារាំង ដែល​នៅ​ផ្ទាល់​នឹង​កន្លែង បាន​ធ្វើប្រតិបត្តិការ​ដូចថា ប្រតិបត្តិការ​ចុងក្រោយ ដើម្បី​អោយ​ការបញ្ជូន​ពលរដ្ឋបារាំង​ទាំង​៤នាក់​នោះ​ តាមយន្តហោះទទួលបាន​​សុវត្ថិភាព​សន្តិសុខខ្ពស់។ បារាំង​មិន​ចង់​ប្រថុយ​វាយប្រហារ​យោធា​អ្វី​ដើម្បី​ទទួលបាន​ការដោះលែង​នោះទេ។ យើងឃើញថា ពលរដ្ឋ​បារាំង​ទាំង​៤រូប​ពេល​ដោះលែងរួច​ហើយនោះ បាន​ស្លៀកពាក់​ដូច​ជា​ពួកសហគមន៍​ទូអារេក។ ក្រុមចរចា​រដ្ឋាភិបាល​នីហ្សេ ម​កពី​សហគមន៍​ទូអារេក ហើយ​ក្រុមភេរវជន​ក៏​ប្រហែល​ជា​មកពី​សហគមន៍​ទូអារេក​ដែរ​ អញ្ចឹង​មានន័យថា គ្មាន​ប្រតិបត្តិការ​យោធា​អ្វី​នោះទេ។

ហើយ​សូមរំលឹកថា បារាំងនៅ​មាន​ចំណាប់ខ្មាំង​​៧នាក់ទៀត នៅ​ក្នុង​ពិភពលោក ដែល​មិនទាន់បានដោះលែង។ មាន​ពីរនាក់​នៅ​ តំបន់សាហែល ម្នាក់នៅ​នីហ្សេរីយ៉ា និង​បួននាក់ទៀត នៅ​ស៊ីរី។ ប្រធានាធិបតី​បារាំង​បាន​ប្តេជ្ញាថា នឹង​ស្វែង​រកគ្រប់​មធ្យោបាយ​ដើម្បី​អោយ​ពួកគេ​បាន​ដោះលែងមកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ