បារាំងជំរុញឲ្យសហភាពអឺរ៉ុបចាត់វិធានការក្រោយពីមានសោកនាដកម្មជនភៀសខ្លួនក្បែរឆ្នេរអ៊ីតាលី
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបារាំងបានជំរុញឲ្យសហភាពអឺរ៉ុបចាត់វិធានការជាក់ស្តែង ដើម្បីបញ្ចៀសកុំឲ្យមានសោកនាដកម្មថ្មីទៀត ចំពោះជនភៀសខ្លួន ដូចករណីដែលបានកើតឡើង នៅក្បែរឆ្នេរសមុទ្រអ៊ីតាលី កាលពីព្រហស្បតិ៍មុន។ ការលិចកប៉ាល់ដឹកជនភៀសខ្លួនមកពីអាហ្វ្រិក ដែលបណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់។ កាលពីថ្ងៃអាទិត្យនេះដែរ ប្រតិបត្តិការតាមរកអ្នកបាត់ខ្លួន បានចាប់ផ្តើមឡើងវិញ ហើយសាកសពថ្មីយ៉ាងតិចចំនួន ១០ត្រូវបានគេទាញយកចេញពីក្នុងកប៉ាល់ដែលលិច។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
រដ្ឋមន្រ្តីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) បានប្រាប់ទូរទស្សន៍បារាំង កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបារាំងនឹងទាមទារឲ្យដាក់បញ្ហាគ្រប់គ្រងព្រំដែនអឺរ៉ុប បញ្ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូល រវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រទេសសមាជិកសហភាពអឺរ៉ុប ដែលនឹងបើកធ្វើ នៅថ្ងៃទី២៤ និង២៥ តុលាខាងមុខ។
រដ្ឋាភិបាលបារាំង រួមជាមួយនឹងអ៊ីតាលី ក៏បានអំពាវនាវរួចមកហើយដែរ ឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសសហភាពអឺរ៉ុប លើកយកបញ្ហាជនភៀសខ្លួន និងជនអន្តោប្រវេសន៍មកជជែកគ្នា នៅក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើ ក្នុងប្រទេសលុចសំបួ នៅថ្ងៃអង្គារខាងមុខនេះ។
គួររំឭកឡើងវិញថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កប៉ាល់ ដែលមានដឹកជនភៀសខ្លួនមកពីអាហ្វ្រិក ប្រមាណជា ៤៥០នាក់ ទៅ ៥០០នាក់ បានក្រឡាប់លិច នៅក្បែរកោះមួយ របស់អ៊ីតាលី។ ក្នុងចំណោមជនភៀសខ្លួនទាំងអស់នេះ គេឃើញមានតែ ១៥៥នាក់ប៉ុណ្ណោះ ដែលរួចជីវិត។
គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ មកទល់នឹងថ្ងៃអាទិត្យ ក្រុមជួយសង្រ្គោះបានរកឃើញសាកសពចំនួន ១២១ ហើយមនុស្សប្រមាណជាជាង ២០០នាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួននៅឡើយ។ គេសង្ស័យថា អ្នកបាត់ខ្លួនអស់ទាំងនេះ ប្រហែលជាស្លាប់បាត់បង់ជីវិតអស់ទៅហើយ ដោយសាកសពរបស់ពួកគេកំពុងជាប់ក្នុងកប៉ាល់ ដែលលិចទៅក្រោមបាតសមុទ្រ ជម្រៅប្រមាណជា ៤០ម៉ែត្រ។
សោកនាដកម្មលើជនភៀសខ្លួននេះ កំពុងតែបង្កឲ្យមានភាពចម្រូងចម្រាស នៅក្នុងសហភាពអឺរ៉ុប ជុំវិញការគ្រប់គ្រងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ ប្រទេសសមាជិកសហភាពអឺរ៉ុបបានលុបចោលព្រំដែនរវាងគ្នា ក៏ប៉ុន្តែ ការគ្រប់គ្រងព្រំដែន រវាងអឺរ៉ុប និងប្រទេសក្រៅសហភាពអឺរ៉ុបតែងតែជាបញ្ហាចោទ។ ទីភ្នាក់ងារ Frontex ដែលជាស្ថាប័នអឺរ៉ុប ទទួលបន្ទុកគ្រប់គ្រងព្រំដែនរួម រវាងសហភាពអឺរ៉ុប និងប្រទេសខាងក្រៅ មានថវិកាប្រចាំឆ្នាំតិចតួច ហើយប្រទេសដែលនៅកណ្តាល មិនសូវជារវីរវល់អើពើ ដោយទុកឲ្យប្រទេសដែលនៅជាយៗសហភាពអឺរ៉ុប ជាពិសេស អ៊ីតាលី ដែលនៅក្បែរអាហ្វ្រិក ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងជនភៀសខ្លួនតែម្នាក់ឯង។
លោកឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តីការបរទេសបារាំង បានលើកឡើង កាលពីថ្ងៃអាទិត្យថា អ្វីដែលសហភាពអឺរ៉ុបត្រូវធ្វើ គឺត្រូវបង្កើនថវិកាដល់ទីភ្នាក់ងារ Frontex និងម្យ៉ាងទៀត ត្រូវចាត់វិធានការតឹងរ៉ឹង ដើម្បីដាក់ទោសអ្នករត់ការនាំជនភៀសខ្លួន ឬជនអន្តោប្រវេសន៍ ពីអាហ្វ្រិកមកអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ