អានតួអត្ថបទ
បារាំង

ក្រុមគ្រួសារ​​បារាំង​​ដែល​​ត្រូវ​ចាប់​ជំរិត​​នៅ​​អាហ្វ្រិក​​ ត្រលប់​​មកដល់​​ក្រុង​​ប៉ារីស​​ហើយ​​

បន្ទាប់​ពី​ត្រូវ​បានក្រុម​​​​​និកាយ​បូកូ អារ៉ាំ ចាប់​ជម្រិតឃុំឃាំង​​អស់​រយៈពេល​ពីរ​ខែ​​នៅ​ប្រទេស​នីហ្សេរីយ៉ា​​មក ​ជនជាតិ​បារាំង​ទាំង​៧នាក់ ដែល​ស្ថិត​ក្នុង​ក្រុម​គ្រួសារ​តែមួយ បាន​​ត្រូវ​ដោះលែង​អោយ​រួច​ខ្លួន​ កាល​ពី​​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ នៅ​ថ្ងៃ​សៅរ៍​នេះ ពួកគេ​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​កាន់​​ក្រុងប៉ារីស​ ប្រទេស​បារាំង​វិញ​ហើយ ដោយ​​បាន​ទទួលការ​ទទាក់ទទួល​ពី​ប្រធានាធិបតី​បារាំង​ផ្ទាល់ នៅ​អាកាសយានដ្ឋាន។

គ្រួសារ​​​បារាំង Moulin-Fournier ត្រូវបាន​ប្រធានាធិបតី​ François Hollande មក​ទទួល​ផ្ទាល់​នៅ​ព្រលានយន្តហោះ
គ្រួសារ​​​បារាំង Moulin-Fournier ត្រូវបាន​ប្រធានាធិបតី​ François Hollande មក​ទទួល​ផ្ទាល់​នៅ​ព្រលានយន្តហោះ AFP PHOTO/KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​បារាំង​ទាំង​៧រូប ដែល​ត្រូវ​គេ​ចាប់​ជម្រិត​និង​ឃុំឃាំង​​អស់​រយៈ​ពេល​ពីរ​ខែ​​ នៅ​ប្រទេស​នីហ្សេរីយ៉ា​​​​នោះ ជាសមាជិក​នៃ​គ្រួសារ​តែ​មួយ ក្នុង​​ត្រកូល Moulin-Fournier។
​​ពួកគេ​ទាំង​​៧រូប​នោះ​មាន ប្តីប្រពន្ធ និងបង​​ប្អូនប្រុស​ពួកគេ​ម្នាក់ ព្រមទាំង​​​​​កូន​ប្រុស​៤នាក់ មាន​អាយុ​ពី​៥ ទៅ​១២​ឆ្នាំ។

នៅ​ថ្ងៃ​សៅរ៍នេះ តាំងតែ​ពី​ម៉ោង​ប្រាំមួយ​ព្រឹក​ គ្រួសារ​​ Moulin-Fournier បាន​​ត្រលប់​មកដល់​ប្រទេស​បារាំង​វិញហើយ តាម​យន្តហោះ​របស់​ក្រសួង​ការបរទេស​បារាំង។ ប្រធានាធិបតី​បារាំង​ François Hollande បាន​ទៅ​ទទួល​ពួក​គេ​ នៅ​ព្រលាន​យន្តហោះ​ដោយ​ផ្ទាល់។

គួររំលឹកឡើងវីញថា នា​ឧកាស​ដំណើរ​កម្សាន្ត​របស់​​ខ្លួន​​នៅ​ប្រទេសCameroun​ ជនជាតិ​បារាំង​ទាំង​៧រូប ត្រូវ​​បាន​​​​​​​គេ​ចាប់​​ជម្រិត​នៅ​​​ថ្ងៃ​១៩ កុម្ភៈ​​ ដើម​ឆ្នាំ នៅ​ចុង​ភាគ​ខាង​ជើង​ប្រទេសនេះ ក្បែរ​ព្រំប្រទល់​ជាមួយ​ប្រទេស​នីហ្សេរីយ៉ា។​ បន្ទាប់​មក ​ពួកគេ​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​របស់​ក្រុម​និកាយ​ បូកូ អារ៉ាំ នៅ​ប្រទេស​នីហ្សេរីយ៉ា។​ ក្រុម​បូកូ​ អារ៉ាំ​បាន​ទាមទារ​អោយ​មាន​ការ​ដោះលែង​ស្ត្រី​និង​កុមារ​នានានៃ​ក្រុម​ខ្លួន ដែល​ជាប់ឃុំឃាំង​នៅ​នីហ្សេរីយ៉ា និង​កាំម៉ឺរូន ជាថ្នូរ​នឹង​ការ​ដោះលែង​ជនជាតិ​បារាំង​ទាំង​៧រូប។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ គ្រួសារ​​ Moulin-Fournier ​ត្រូវ​​បាន​ដោះលែងហើយ។ បន្ទាប់​មក ពួកគេ​ ​បានធ្វើដំណើរ​​ទៅ​ក្រុង​Yaoundé ប្រទេស​Cameroun។ ​នៅ​ទីនោះ ប្រមុខការទូត​បារាំង​លោក Laurent Fabius បាន​ទៅ​ទទួល​យក​ពួកគេ​ ត្រលប់​មកប្រទេស​​បារាំងវិញ។

ចុះ​ពី​យន្តហោះ​មក គេសង្កេតឃើញ​ជនជាតិ​បារាំង​ទាំង​៧រូប មាន​រូបរាង​ស្គម​ស្គាំង។ ប៉ុន្តែ​ពួកគេ​មិន​មាន​បញ្ហាសុខភាព​អ្វី​នោះ​ទេ។ លោក Tanguy ដែល​ជា​ឳពុក​នៃ​គ្រួសារ​ បាន​ស្រក​ទម្ងន់​អស់​១៤គីឡូ។ លោកបាន​បង្ហាញពី​ការ​លំបាក​​​របស់​ពួកលោក នៅ​ក្រោម​ការ​ឃុំឃាំង​ពីរខែ​កន្លង​មក ដោយ​រូបលោក និង​ក្រុម​គ្រួសារ​ត្រូវ​បាន​កាត់ផ្តាច់​ពី​​ពិភព​ខាងក្រៅ។ លោក​មាន​ការ​ត្រេកអរ​ដោយ​សារ​តែ​បាន​​​ប្រធានាធិបតី​បារាំង និង​សមាជិក​គ្រួសារ​របស់​លោក​នានា​ផ្សេងទៀត​ បាន​មក​ទទួល​រូបលោក និង​ក្រុមគ្រួសារ​យ៉ាងកក់ក្តៅ។ ទោះ​យ៉ាងនេះ​ក្តី មេគ្រួសារ​ Moulin-Fournier រូប​នេះ បាន​ប្រាប់​ថា នឹង​ត្រលប់​ទៅ​ប្រទេស​​Cameroun ម្តងទៀត​ ដោយសារ​​លោក​ស្រលាញ់​​ប្រទេស​នេះ​។

ប្រធានាធិបតី​បារាំង​ François Hollande បាន​​ថ្លែង​អំណរគុណ​ដល់​​អាជ្ញាធរ​​​ Cameroun និង​នីហ្សេរីយ៉ា ដែល​បាន​ស្វះស្វែង​សំរេច​​​​បាន​នូវ​ការដោះលែង​ជនជាតិ​បារាំង​ទាំង​៧រូប។
ព័ត៌មាន​ទាក់ទង​នឹង​លក្ខខណ្ឌ​ដែល​នាំ​អោយ​មាន​​​ការ​ដោះលែង​មិន​ត្រូវ​បង្ហាញ​អោយ​ដឹង​ជា​ផ្លូវការ​នោះ​ទេ។ ប៉ុន្តែ ប្រធានាធិបតី​បារាំង​បាន​គូសបញ្ជាក់​ថា បារាំង​ពុំបាន​​បង់ប្រាក់កាស​អ្វី​ជាថ្នូរ​នឹង​​ការដោះលែង​នេះទេ។

នៅ​ទ្វីបអាហ្វ្រិក នៅ​មាន​ជនជាតិ​បារាំង​យ៉ាងហោច​ណាស់​ក៏​៧នាក់​ទៀត​ដែរ ​ដែល​ស្ថិត​នៅ​ក្នុង​ការ​ចាប់​ជម្រិត​នៅ​ឡើយ។ ក្រុម​ភេរវកម្ម​អាល់កៃដា នៅ​ម៉ាហ្ក្រេប​ បាន​ប្រកាស​ថា ​ជនជាតិ​បារាំង​៦នាក់​ ​កំពុង​ស្ថិត​​ក្នុង​កណ្តាប់​ដៃ​របស់​ពួកគេ​​​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ