អានតួអត្ថបទ
កម្ពុជា​

អ្នកផ្ទុក​មេរោគ​អេដស៍​ព្រួយ​បារម្ភ​ខ្លាច​ថ្នាំ​ពន្យារ​ជីវិត​ឡើង​ថ្លៃ

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ព្រួយបារម្ភ​ខ្លាច​ថ្នាំ​ ពន្យារ​ជីវិត​ឡើង​ថ្លៃ។ ការ​ព្រួយបារម្ភ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​ និង​សហភាព​អឺរ៉ុប​គ្រោង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ គ្នា​នៅ​ចុង​ឆ្នាំ​២០១០​នេះ។

DR
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា​អំពាវនាវ​រួមគ្នា​នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​សូម​អោយ​ប្រទេស​ឥណ្ឌា​កុំ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​នៅក្នុង​ពេល​ខាង​មុខ​នេះ។

ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើអោយ​ថ្នាំ​ពន្យារ​ជីវិត​សម្រាប់​អ្នក​រស់​នៅ​ជាមួយ​ជំងឺ​អេដស៍​នឹង​ឡើង​ថ្លៃ​បន្ថែម​ទៀត។ បច្ចុប្បន្ន​នេះ​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ផលិត​និង​ចែកចាយ​ឱសថ​ពន្យារ​ជីវិត​ច្រើន​ជាង​គេ​នៅក្នុង​ពិភព​លោក​ជាមួយ​នឹង​តម្លៃ​ថោក​ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​មួយ​នេះ​សម្រេច​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​ដោយ​គោរព​តាម​ច្បាប់​កម្មសិទ្ធិ​បញ្ញា​នោះ​ឱសថ​ពន្យារ​ជីវិត​អ្នក​ជំងឺអេដស៍​នឹង​ឡើង​ថ្លៃ​១០​ដង​បន្ថែម​ទៀត។

បណ្ដាញ​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ថ្នាំ​ពន្យារ​ជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​៨០​ដុល្លារ​និង​​៨០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​អាស្រ័យ​ទៅលើ​ស្ថានភាព​នៃ​អ្នក​ជំងឺ។

លោក ហែន ភិន មន្ត្រី​ជាន់ខ្ពស់​នៃ​បណ្ដាញ​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ឥណ្ឌា​និង​សហភាព​អឺរ៉ុប​នឹង​ធ្វើអោយ​អ្នក​ផ្ទុក​ជំងឺ​អេដស៍​នៅក្នុង​ពិភពលោក​មាន​ការ​លំបាក​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺអេដស៍​ជាង​៧​ម៉ឺន​នាក់​ក្នុង​នោះ​អ្នកជំងឺ​ជាង​៣​ម៉ឺន​នាក់​ទទួល​បាន​ថ្នាំ​ពន្យារ​ជីវិត។ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ចំណាយ​ថវិកា​ប្រចាំ​ថ្នាំ​អស់​ជាង​១០​លាន​ដុល្លារ​សម្រាប់​ទិញ​ថ្នាំ​ពន្យារ​ជីវិត​ជូន​ដល់​អ្នក​ជំងឺអេដស៍។ ដូច្នេះ​ប្រសិនបើ​ថ្នាំ​ពន្យារ​ជីវិត​ត្រូវ​ឡើង​ថ្លៃ​តាមរយៈ​ការ​គោរព​កម្មសិទ្ធិ​បញ្ញា​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ចំណាយ​កាន់​តែ​ច្រើន។ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ខ្វះ​ថវិកា​ដើម្បី​ទិញ​ថ្នាំ​ទាំង​នោះ​ពេល​នោះ​អ្នក​ផ្ទុក​ជំងឺ​អេដស៍​ជា​អ្នក​ទទួល​ថ្ម​បាក់។

អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​បាន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ខ្វល់ខ្វាយ​មែនទែន​នៅពេល​ដែល​ពួកគេ​ទទួល​ដំណឹង​អំពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ឥណ្ឌា​និង​សហភាព​អឺរ៉ុប។ ពួកគេ​បាន​សំណូមពរ​ថា សូម​បញ្ឈប់​កិច្ច​ព្រមព្រៀង​នេះ​ហើយ​សូម​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ជីវិត​របស់​ពួកគេ​ជា​បន្ទាន់។

លោក តែង គន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថាប័ន​របស់​លោក​មិនទាន់​អាច​ប្រតិកម្ម​ទៅ​នឹង​គម្រោង​ចុះហត្ថលេខា​នេះ​បាន​នៅ​ឡើយ​ទេ​ពីព្រោះ​ស្ថាប័ន​របស់​លោក​នៅ​មិនទាន់​ទទួល​បាន​ខ្លឹមសារ​ច្បាស់លាស់​ជុំវិញ​កិច្ច​ព្រមព្រៀង​នេះ។ លោក គន្ធី បាន​បញ្ជាក់​ថា ក្នុង​ពេល​ខាង​មុខ​នេះ​ស្ថាប័ន​របស់​លោក​នឹង​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​អោយ​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ជា​មុន​សិន មុន​នឹង​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ណា​មួយ​នោះ​។

លោក បាន​បន្ត​ទៀត​ថា ជា​គោលការណ៍ ស្ថាប័ន​របស់​លោក​ចង់​អោយ​ថ្នាំ​ពន្យារ​ជីវិត​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​តម្លៃថោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ