អានតួអត្ថបទ
អាល់ហ្សេរី

យុទ្ធនាការ​រំដោះ​ចំណាប់​ខ្មាំង​បិទ​បញ្ចប់​ក្នុង​ថ្លុកឈាម

ចប់​ហើយ យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវជន​នៅ​រោងចក្រ​ប្រេង​និង​ឧស្ម័ន In Amenas ​! មាន​ស្លាប់​ច្រើន​ណាស់ ! កង​កុម្មង់ដូ​​ពិសេស​អាល់ហ្សេរី បាន​បើកយុទ្ធនាការ​ផ្តាច់​ព្រ័ត្រ​នៅ​​​​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ហើយ​ទើប​ផ្តល់​តុល្យការ​បណ្តោះ​អាសន្ន​ ផ្លូវការ​ដំបូង​នៅពេល​ល្ងាច។ ក្នុង​រយៈ​ពេល​បួន​ថ្ងៃនេះ ចំណាប់​ខ្មាំង​បរទេស​និង​អាល់ហ្សេរី ២៣នាក់​ ព្រមទាំង​ភេរវជន​៣២​នាក់ បាន​បាត់​បង់​ជីវិត តែ​តុល្យការ​នេះ​នឹង​អាច​មាន​ការ​កើន​ឡើង​ទៀត​។ បន្ទាប់​ពី​ស្ងាត់​ស្ងៀម និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ ម្សិលមិញ​លោក​ប្រធានាធិបតី​បារាំង​ បានសម្តែង​ការ​គាំទ្រ​យុទ្ធនាការ​របស់​​អាល់ហ្សេរី ថា​ជា​ជម្រើស​ដ៏​សមស្រប។

រោង​ចក្រប្រេង​និង​ឧស្ម័ន​នៅ​ In Amenas​ ប្រទេស​អាល់ហ្សេរី ដែល​ពួកភេរវជន​វាយលុក​ចាប់​ចំណាប់​ខ្មាំង​
រោង​ចក្រប្រេង​និង​ឧស្ម័ន​នៅ​ In Amenas​ ប្រទេស​អាល់ហ្សេរី ដែល​ពួកភេរវជន​វាយលុក​ចាប់​ចំណាប់​ខ្មាំង​ REUTERS/Kjetil Alsvik/Statoil via Scanpix
ផ្សាយពាណិជ្ជកម្ម

 

ទោះ​មាន​ការ​រិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ក៏​អាល់ហ្សេរី​បាន​សម្រេច​ចិត្ត​បើក​​យុទ្ធនាការ​ផ្តាច់ព្រ័ត្រ​ចុង​ក្រោយ ដើម្បី​បិទ​បញ្ចប់​ឆាក​ឈុត​ចាប់​ចំណាប់​ខ្មាំង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ នៅ​រោងចក្រ​ អ៊ីន អាមេណាស៍ In Amenas។

បើ​តាម​តុល្យការ​បណ្តោះអាសន្ន​ផ្លូវការ​ ដែល​ផ្តល់​ដោយ​អាជ្ញាធរ​អាល់ហ្សេរី នៅ​ល្ងាច​មិញ មាន​ភេរវជន​៣២​នាក់ ត្រូវ​បាន​កម្ចាត់​​ដោយ​កង​កម្លាំង​ពិសេសអាល់ហ្សេរី និង​មាន​ស្លាប់​ចំណាប់​ខ្មាំងជាតិ​អាល់ហ្សេរី​ និង​បរទេស​ ​២៣​នាក់​។ ក្នុង​ចំណោម​ជន​រងគ្រោះ​បរទេស ​ម្នាក់​ជា​ជនជាតិ​បារាំង អង់គ្លេស​​ស្លាប់​ឬ​បាត់​ខ្លួន​៦​នាក់ ណ័រវេស​៥​នាក់គ្មាន​​ដំណឹង​ ជនជាតិ​អាមេរិក​ពីរនាក់​មិន​ជា​មាន​ជោគវាសនា​យ៉ាងណា ចំណែក​ជនជាតិ​ជប៉ុន​ ជាង​១០​នាក់​ គ្មាន​ព័ត៌មាន​សោះ។ បើ​តាម​ក្រសួង​មហាផ្ទៃ អ្នក​បំរើការ​ជាតិ​អាល់ហ្សេរី ៦៨៥​នាក់ និង​បរទេស​១០៧​នាក់​ ត្រូវ​​បាន​រំដោះ​។ ទាក់ទង​នឹង​ពួក​ភេរវជន​វិញ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​បួននាក់​ជា​មេខ្លោង​ដឹកនាំ​ចលនា​ភេរវនិយម​​ ដ៏​គ្រោះ​ថ្នាក់​បំផុត​នៅ​អាល់ហ្សេរី មក​ពី​ជ្រុងៗ​ផ្សេង​នៃ​ទ្វីប​អាហ្វ្រិក និង​ម្នាក់​មាន​សញ្ជាតិ​កាណាដា។ គម្រោង​ផែនការ​ធ្វើ​ភេរវកម្ម​ ត្រូវ​បាន​រៀប​ចំ​​ជាយូរ​មក​ហើយ​! នេះ​បើតាម​អាជ្ញាធរ​អាល់ហ្សេរី​។

តាំង​ពី​ល្ងាច​មិញ​មក​ កម្លាំង​ពិសេស​អាល់ហ្សេរី ចាប់​ផ្តើម​ដោះមីន បង្កៃគ្រាប់​បែក​ដែល​ពួក​ភេរវជន​បានបង្កប់​នៅ​ក្នុង​រោងចក្រ។ អាជ្ញាធរ​ប្រទេស​ជាប់​ពាក់ព័ន្ធ​ ​ខ្មាំងកំពុង​ស្វែង​រក​ ពលរដ្ឋ​របស់​ខ្លួន ដែល​បាត់​ខ្លួន។ ដូច្នេះ​ចំនួន​ជន​រងគ្រោះ​អាច​នឹង​មាន​កើន​ឡើង​ខ្លាំង​ទៀត នេះ​បើតាម​ការ​ព្យាករណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​អាល់ហ្សេរី​នៅ​ព្រឹកនេះ។

ទាក់ទង​នឹង​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​វិញ ដំបូង​ឡើយទាំង​​អាមេរិក និង​ជប៉ុន​ ក៏​ដូច​ជា​អង់គ្លេស​​ លើក​លែង​តែ​ប្រទេស​បារាំង​បាន​ជំទាស់​យ៉ាង​ខ្លាំង​នឹង​ប្រតិបត្តិការ​យោធា​ទាន់ហន់​ គ្មានការ​ចរចា​របស់​អាជ្ញាធរ​អាល់ហ្សេរី​ ជាពិសេស​បន្ទោស​អាល់ហ្សេរី​ដែល​​​ផ្តល់​ព័ត៌មាន​តិចតួច ទាក់ទង​នឹង​ដំណើរការ​រំដោះ​ចំណាប់​ខ្មាំង។​ ប្រធានធាធិបតី​បារាំង​តាំង​ពីម្សិលមិញ​មក​បាន​បង្ហាញការគាំទ្រ​ រដ្ឋាភិបាល​អាល់ហ្សេរី ថា​បាន​ជ្រើសរើស​មធ្យោបាយ​ដ៏​សមស្រប ក្រោម​ហេតុ​ផល​ថា​គេ​មិន​អាច​ចរចា​​អ្វី​បាន​ឡើយ​ជាមួយ​នឹង​ពួក​កុម្មង់ដូ​អ៊ីស្លាម​និយមជ្រុល។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​អូបាម៉ា បាន​ទម្លាក់​កំហុស​ និងការ​ទទួល​ខុស​ត្រូវ​លើ​មរណភាព​របស់​ចំណាប់​ខ្មាំង​ទៅ​លើ​ពួក​ភេរវជនអ៊ីស្លាម​ទាំងអស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ