អានតួអត្ថបទ
អាល់ហ្សេរី-ម៉ាលី

ចំណាប់ខ្មាំង​នៅ​អាល់ហ្សេរី​ធ្វើឲ្យ​សង្រ្គាម​នៅ​ម៉ាលី​ក្លាយជា​បញ្ហារួម​របស់​សហគមន៍​អន្តរជាតិ

ក្រុមភេរវជន​ស្និទ្ធិនឹង​អាល់កៃដា​​បាន​បើក​ការវាយប្រហារ​លើ​រោងចក្រ​​ប្រេង​និង​ឧស្ម័ន​​មួយ​កន្លែង ​ក្នុង​ប្រទេស​អាល់ហ្សេរី កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​បាន​ចាប់​បុគ្គលិក​ជាច្រើន​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង។ នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំងនេះ មាន​ ៤១នាក់ គឺ​ជា​ជនបរទេស ដូចជា ជនជាតិ​​ន័រវែស អាមេរិក ជប៉ុន អង់គ្លេស បារាំង ជាដើម។ ក្រុមភេរវជន​បាន​អះអាង​ថា ការ​ចំណាប់ខ្មាំង​បរទេស​នេះ គឺ​ជា​ការ​សងសឹក​ចំពោះ​ប្រតិបត្តិការ​យោធា​នៅ​ម៉ាលី។

ទីតាំង​រោងចក្រ​របស់​ក្រុមហ៊ុន​ប្រេងអង់គ្លេស BP ដែល​ភេរវជន​ស្និទ្ធិ​នឹង​អាល់កៃដា​ចាប់បុគ្គលិក​បរទេស​ជាចំណាប់ខ្មាំង
ទីតាំង​រោងចក្រ​របស់​ក្រុមហ៊ុន​ប្រេងអង់គ្លេស BP ដែល​ភេរវជន​ស្និទ្ធិ​នឹង​អាល់កៃដា​ចាប់បុគ្គលិក​បរទេស​ជាចំណាប់ខ្មាំង REUTERS/Kjetil Alsvik / Statoil/Handout
ផ្សាយពាណិជ្ជកម្ម

គិតមកទល់នឹង​ពេលនេះ ក្រុមភេរវជន​កំពុង​បន្ត​កាន់កាប់​រោងចក្រ​​ប្រេង ដោយ​​មាន​បុគ្គលិក​រោងចក្រ​ជាច្រើន​ ទាំង​ជា​ជនជាតិ​អាល់ហ្សេរី និង​បុគ្គលិក​បរទេស ត្រូវ​បាន​ចាប់ជា​ចំណាប់ខ្មាំង​នៅ​ខាងក្នុង។ ទាហាន​អាល់ហ្សេរី​ត្រូវ​បាន​គេ​ដាក់ពង្រាយ​ព័ទ្ធ​ជុំវិញ​រោងចក្រប្រេង​នេះ ក៏ប៉ុន្តែ ក្រុមភេរវជន​បាន​ព្រមាន​ទុកជាមុន​ថា​ ពួកគេ​បាន​រាយ​គ្រឿងផ្ទុះ​នៅ​ជុំវិញ​រោងចក្រ​នេះ​រួចហើយ។ ប្រសិនបើ​មាន​ការប៉ុនប៉ង​វាយលុក​រំដោះ​ចំណាប់​ខ្មាំង ពួកគេ​នឹងចុចបំផ្ទុះ​រោងចក្រ​ប្រេងនេះ រួមជាមួយ​នឹង​ចំណាប់​ខ្មាំង​ទាំងអស់។

ក្រុម​ភេរវជន ដែល​ស្និទ្ធិ​នឹង​ក្រុមអាល់កៃដា​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល់ហ្សេរី​ដោះលែង​ក្រុម​ភេរវជន​អ៊ីស្លាម​១០០នាក់ ដែល​កំពុង​ជាប់ឃុំ ហើយ​ទាមទារ​ឲ្យ​បារាំង​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​ម៉ាលី។

គិតរហូតមកទល់នឹង​ពេលនេះ គេនៅតែ​មិនទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ប្រាកដ​ច្បាស់ អំពី​ចំនួន​ចំណាប់​ខ្មាំង​បរទេស ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ភេរវជន​នេះ​នៅឡើយទេ។ ក្រុមភេរវជន​បាន​អះអាង​ថា ចំណាប់​ខ្មាំង​ជាជនបរទេស​មាន​ទាំងអស់ ៤១នាក់។ សហរដ្ឋ​អាមេរិក អង់គ្លេស ន័រវែស និង​ជប៉ុន សុទ្ធតែ​បាន​ទទួលស្គាល់​ថា​ពិតជាមាន​ពលរដ្ឋ​របស់​ខ្លួន ដែល​កំពុង​ជាប់ជាចំណាប់ខ្មាំង នៅ​អាល់ហ្សេរីនេះ។ ចំណែក​បារាំង​វិញ បាន​ត្រឹមតែ​និយាយ​ថា ប្រហែល​ជា​មាន​ជនជាតិ​បារាំង​ជា​ចំណាប់​ខ្មាំង ប៉ុន្តែ នៅមិនទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ពិតប្រាកដ​នៅឡើយទេ។

ទូរទស្សន៍​អន្តរជាតិ​បារាំង France 24 បាន​អះអាង​ កាលពីថ្ងៃ​ពុធ​ម្សិលមិញ​ថា គេ​បាន​ជួប​និយាយ​តាមទូរស័ព្ទ​ជាមួយ​ចំណាប់ខ្មាំង ដែល​ជា​ជនជាតិ​បារាំង ហើយ​ចំណាប់ខ្មាំង​រូបនេះ​បានអះអាងថា​ខ្លួន​កំពុង​ជាប់ឃុំ​រួមជាមួយ​នឹង​​ជនជាតិ​អង់គ្លេស ជប៉ុន ​ហ្វីលីពីន​ និង​ម៉ាឡេស៊ី។

រដ្ឋមន្រ្តី​ក្រសួងការបរទេស​អង់គ្លេស​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការចាប់ចំណាប់ខ្មាំង​នៅ​អាល់ហ្សេរី​នៅពេលនេះ គឺ​ជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អាច​វិវឌ្ឍ​យ៉ាងលឿន​គ្រប់ពេលវេលា។ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​វិញ​បាន​អះអាង​ថា អាជ្ញាធរ​អាមេរិក​នឹង​ចាត់គ្រប់វិធានការ​ទាំងអស់ ដើម្បី​ដោះស្រាយ​វិបត្តិ​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី​នេះ។ ចំណែក​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀតណាម បាន​ប្រកាស​ថា លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​រកវិធី​ដោះលែង​ចំណាប់​ខ្មាំង​មកវិញ។

អ្វី​ដែល​គេអាចនិយាយ​បាន​នៅពេលនេះ គឺថា ការចាប់ជនបរទេស​ចម្រុះជាតិសាសន៍​ជា​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី នៅពេលនេះ គឺ​ជា​ការដាស់អារម្មណ៍​សហគមន៍​អន្តរជាតិ​ឲ្យ​មើលឃើញ​កាន់តែច្បាស់ថា ភេរវជន​​នៅម៉ាលី មិនមែន​គ្រាន់តែ​​ជា​បញ្ហា​របស់​ម៉ាលី អាហ្វ្រិក និង​បារាំង​នោះទេ ប៉ុន្តែ វាជា​បញ្ហា​រួម ដែល​អាច​បង្ក​អសន្តិសុខ​ដល់​ស្ទើរតែ​គ្រប់ប្រទេស​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ