អានតួអត្ថបទ
អាល់ហ្សេរី

វិបត្តិ​ចំណាប់ខ្មាំង​នៅ​អាល់ហ្សេរី​កំពុង​រាលដាល​ជា​បញ្ហា​ការទូត

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ កងទ័ព​អាល់ហ្សេរី​បាន​បើកការវាយលុក​​ទៅលើ​ទីតាំង​រោងចក្រ​ប្រេង និង​ឧស្ម័ន ដែល​ក្រុមភេរវជន​ចាប់​បុគ្គលិក​ធ្វើ​ជា​ចំណាប់ខ្មាំង។ ប្រតិបត្តិការ​នេះ​បណ្តាល​ឲ្យ​ចំណាប់ខ្មាំង​ជាច្រើន រួមទាំង​ចំណាប់ខ្មាំង​ជា​ជនបរទេស​ផង​ ត្រូវ​បាត់បង់​ជីវិត។ ភាព​រឹងរូស​របស់​រដ្ឋាភិបាល​អាល់ហ្សេរី ដែល​ចចេស​មិន​ចរចា​ដាច់ខាត​ជាមួយ​ក្រុមភេរវជន ហើយ​បែរ​ជា​បើក​ប្រតិបត្តិការ​វាយលុក​ភ្លាមៗ ទៅលើ​​ក្រុមភេរវជន ដែល​​​មាន​ពេញ​ទៅដោយ​ចំណាប់​ខ្មាំង​បរទេស​បែបនេះ កំពុង​តែ​រាលដាល​ជា​បញ្ហា​ការទូត​ជាមួយ​នឹង​បណ្តា​ប្រទេស ដែល​មាន​ពលរដ្ឋ​ជាប់​ជា​ចំណាប់​ខ្មាំង ហើយ​ដែល​ខ្លះ​ត្រូវ​បាត់បង់​ជីវិត ក្នុង​ប្រតិបត្តិការ​នេះ។

លោក​ស្ហ៊ីនហ្សូ អាបេ កាត់បន្ថយ​ពេល​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី ដើម្បី​ត្រឡប់​មក​ដោះស្រាយ​បញ្ហា​ចំណាប់ខ្មាំង​ជប៉ុន​នៅ​អាល់ហ្សេរី
លោក​ស្ហ៊ីនហ្សូ អាបេ កាត់បន្ថយ​ពេល​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី ដើម្បី​ត្រឡប់​មក​ដោះស្រាយ​បញ្ហា​ចំណាប់ខ្មាំង​ជប៉ុន​នៅ​អាល់ហ្សេរី REUTERS/Enny Nuraheni
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អាមេរិក អង់គ្លេស និង​ជប៉ុន ដែល​មាន​ពលរដ្ឋ​ជាប់​ជា​ចំណាប់​ខ្មាំង នៅ​ក្នុង​រោងចក្រ​ប្រេង និង​ឧស្ម័ន នៅ​អាល់ហ្សេរី សុទ្ធតែ​នាំគ្នា​បង្ហាញ​នូវ​ការ​មិនសប្បាយ​ចិត្ត ចំពោះចំណាត់ការ​របស់​អាជ្ញាធរ​​​អាល់ហ្សេរី ក្នុងការ​ដោះស្រាយ​វិបត្តិ​ចំណាប់​ខ្មាំង​នេះ។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រោយ​ពី​បាន​ឮដំណឹង​ពី​ប្រតិបត្តិការ​របស់​កងទ័ព​អាល់ហ្សេរី ដែល​វាយលុក​ចូល​ក្នុង​ទីតាំង​រោងចក្រ ដែល​មាន​ចំណាប់​ខ្មាំង​បរទេស លោក​ David Cameron នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​​ស្តីបន្ទោស​រដ្ឋាភិបាល​អាល់ហ្សេរី ដោយ​សម្តី​ការទូត​ថា រដ្ឋាភិបាល​អាល់ហ្សេរី​គួរ​តែ​ប្រាប់​លោក​​ឲ្យដឹង​ជាមុន​អំពី​ប្រតិបត្តិការ​នេះ។ រដ្ឋាភិបាល​អាមេរិក​វិញ​បាន​សម្តែង​នូវ​ក្តីព្រួយបារម្ភ​ចំពោះ​ជោគវាសនា​ចំណាប់​ខ្មាំង​អាមេរិក ហើយ​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ ពីសំណាក់​រដ្ឋាភិបាល​អាល់ហ្សេរី។

ជប៉ុន​គឺ​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ជាងគេ ដោយ​កាល​ពី​ម្សិលមិញ​នេះ ក្រោយពីទទួលបាន​ដំណឹង​ពី​ប្រតិបត្តិការ​កងទ័ព​អាល់ហ្សេរី ជប៉ុន​បាន​ទាមទារ​ឲ្យ​អាល់ហ្សេរី​បញ្ឈប់​ជា​បន្ទាន់​ប្រតិបត្តិការ​យោធា​​ទៅលើ​ក្រុមភេរវជន ដោយ​លើកឡើង​ថា ជីវិត​ចំណាប់​ខ្មាំង​ជប៉ុន គឺ​ជា​អាទិភាព​ចម្បងបំផុត សម្រាប់​រដ្ឋាភិបាល​ជប៉ុន។ នៅថ្ងៃ​សុក្រ​នេះ ក្រសួង​ការបរទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូទ​អាល់ហ្សេរី ប្រចាំ​ទីក្រុង​តូក្យូ ដើម្បី​​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ ជុំវិញ​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង​នេះ។

លោក​ស្ហ៊ីនហ្សូ អាបេ ដែល​បាន​កាត់បន្ថយ​ដំណើរទស្សនកិច្ច​​​នៅ​ឥណ្ឌូណេស៊ី ដើម្បី​វិល​ត្រឡប់​ទៅ​ជប៉ុន ដោះស្រាយ​វិបត្តិ​ចំណាប់​ខ្មាំង​នេះ បាន​លើកឡើង​ថា អាល់ហ្សេរី​គួរតែ​ស្នើសុំ​ជំនួយ​ពី​កងកម្លាំង​អាមេរិក និង​អង់គ្លេស​ ដែល​មាន​បទពិសោធន៍​ច្រើន​ជាង ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ចំណាប់ខ្មាំង។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មិនសប្បាយចិត្ត​កាន់តែ​ខ្លាំង គឺ​ការដែល​អាជ្ញាធរ​អាល់ហ្សេរី​​មិនបាន​ជូនដំណឹង​ដល់​ប្រទេស​ពាក់ព័ន្ធ​ឲ្យដឹង​ជាមុន អំពី​ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​នេះ​ផង ហើយ​ថែមទាំង​បិទ​ខ្ទប់​ព័ត៌មាន មិន​បញ្ជាក់​ឲ្យដឹង​ច្បាស់ ទាំង​អំពី​ដំណើរការ​នៃ​ប្រតិបត្តិការ ទាំង​អំពី​លទ្ធផល​នៃ​ប្រតិបត្តិការ។ រហូតមកទល់នឹង​ពេលនេះ គេនៅតែ​មិនទាន់​ប្រាកដ​ថា តើ​មាន​ចំណាប់ខ្មាំង​ប៉ុន្មាន​នាក់​ដែល​រំដោះបាន ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាត់បង់​ជីវិត? បាត់បង់ជីវិត​ចំណាប់ខ្មាំង​ជនជាតិ​ណាខ្លះ? តួលេខ​ ដែល​បញ្ជាក់ថា មាន​ចំណាប់ខ្មាំង​បរទេស ៣៤នាក់ ត្រូវ​ស្លាប់ គឺ​បាន​មក​តែ​ពីខាង​ក្រុម​ភេរវជន​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ