អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

The Interview ​រកចំណូល​បាន​១លានដុល្លារ​ ក្នុង​ថ្ងៃ​ចេញ​ផ្សាយ​ដំបូង

ខ្សែ​ភាពយន្ត​ហូលីវូដ​បែប​កំប្លែង​ដែល​និយាយ​ពី​ការ​ធ្វើ​ឃាត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម​ជុងអ៊ុន​ The Interview​ រក​ចំណូល​បាន​១លានដុល្លារ​ ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​លើក​ដំបូង​ ដោយ​មាន​ចំនួន​កំណត់​ បន្ទាប់​ពី​ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​រោងកុន​ធំៗ​ជា​ច្រើន​មិន​ទទួល​យក។ ​នេះ​បើតាម​ក្រុមហ៊ុន​សូនី​និយាយ​នៅថ្ងៃ​សុក្រម្សិលមិញ​នេះ។​

រូបភាពខ្សែភាពយន្ត The Interview
រូបភាពខ្សែភាពយន្ត The Interview AFP
ផ្សាយពាណិជ្ជកម្ម

ចំនួន​នៃ​ការ​ដាក់​បញ្ចាំង​មាន​កំណត់​ ដែល​មាន​ក្រោម​១០% ​នៃ​ចំនួន​រោងកុន​ដែល​បាន​គ្រោងទុក​នេះ​ គឺ​ជា​ការ​លក់​មួយ​ដ៏​អស្ចារ្យ​បំផុត​ ដោយ​នៅ​ថ្ងៃ​ទី​១​ ខ្សែ​ភាពយន្ត​ The Interview ​រក​ចំណូល​បាន​រហូត​ដល់​ទៅ​ជាង​ ១លានដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ រ៉ូរ៉ី ប្រ៊ូអឺ ​(Rory Bruer)​ នាយក​ចែកចាយ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុនសូនី។

បន្ទាប់​ពី​គំរោង​ដាក់​បញ្ចាំង​លើក​ដំបូង​ត្រូវ​បាន​បញ្ឈប់​ ដែល​ធើ្វ​ឲ្យ​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ ខ្សែ​ភាពយន្ត ​The Interview​ បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​ចំនួន​ ៣០០​ នៅ​ថ្ងៃ​ទី​ ២៥ធ្នូ​ ហើយ​ដែល​ភាគ​ច្រើន​គឺ​ជា​រោង​កុន​ឯករាជ្យ​តូចៗ។ ​ខ្សែភាពយន្ត​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចាំង​តាម​អ៊ីនធឺណែត ​សម្រាប់​ជួល​ និង​លក់​ផងដែរ។

រោងកុន​ធំៗ​ជាច្រើន​របស់​អាមេរិក​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុនថា​ ពួកគេ​នឹង​មិន​ដាក់​បញ្ចាំង​រឿង​ The Interview​ ទេ ​បន្ទាប់​ពី​មាន​ការ​គំរាម​ពីក្រុម​ hacker​ ដែល​បាន​អះអាង​ថា​ខ្លួន​បាន​ចូលលួច​យក​ទិន្នន័យ​របស់​ក្រុមហ៊ុន​សូនី។

ខ្សែភាពយន្ត​បែប​កំប្លែងដែល​សម្តែង​ដោយ​តួអង្គ​ Seth Rogen ​និង​ James Franco​ គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​ប្រឌិត​ឡើង​ និយាយ​ពី​ការ​លួច​ធ្វើ​ឃាតមេ​ដឹកនាំ​កូរ៉េ​ខាងជើង​ គីម​ ជុងអ៊ុន។ ​ហើយ​ភាពយន្ត​នេះ​ទៀត​សោត​ បាន​ធ្វើ​ឲ្យកូរ៉េ​ខាងជើង​ខឹង​សប្បា​យ៉ាងខ្លាំង​ រហូត​ធ្វើ​ឲ្យ​អាមេរិក​ចាត់ទុក​ថា​កូរ៉េ​ខាងជើង​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​ទៅ​ក្រុមហ៊ុន​សូនី។

លោក​ ប្រ៊ូអឺ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា​ ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​ដាក់​បញ្ចាំង​ ក្រុមហ៊ុន​សូនី​ពិតជា​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជាជន​ទាំង​អស់​ដែល​បាន​មក​ទស្សនា​រឿង​ The Interview​ ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​ដំបូង។ ​

គេហទំព័រ​ចែកចាយ​ឯកសារ​មួយ​បាន​ឲ្យ​ដឹងថា​ ខ្សែភាពយន្ត​មួយ​នេះ ​ត្រូវ​បាន​គេទាញ​យក​ចំនួន​ ៧៥ម៉ឺន​ដង​ដោយ​ខុសច្បាប់។​ ប៉ុន្តែ​ការ​បើក​មើល​តាម​ប្រព័ន្ធអ៊ីនធឺណែត​នៅ​មិនទាន់​បាន​បង្ហាញ​នៅ​ឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ