អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងជើង

SONY ​សំរេច​បញ្ចាំង​ភាពយន្ត​រឿង​The Interview

ខ្សែ​ភាពយន្ត​ហូលីវូដ​បែប​កំប្លែង​ របស់​ក្រុមហ៊ុន​SONY ​រឿង​The Interview នឹង​ត្រូវ​ចាក់​បញ្ចាំង​ ចាប់​ពី​ថ្ងៃ​ពុធ​ទី​២៤ ធ្នូ​នេះ​ទៅ។ ក្រុមហ៊ុន​SONY​ ធា្លប់​បាន​ប្រាប់​ កាល​ពី​សប្តាហ៍​មុន​ថា ​ខ្លួន​នឹង​ផ្អាក​មិន​ទាន់​បញ្ចាំង​រឿង​នេះ​ទេ បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ ពី​ពួក​ចោរ​ព័ត៌មានវិទ្យា ​ថា​បើ​រឿង​នេះ​ដាក់​បញ្ចាំង ពួកគេ​ នឹង​ធ្វើ​ភេរវកម្ម​ នៅ​តាម​រោង​ភាពយន្ត។ គេសង្ស័យ​យ៉ាងខ្លាំងថា​ កូរ៉េ​ខាងជើង​ជា​អ្នក​បញ្ជារ​ក្រុមចោរ​ឲ្យ​ធ្វើ​ ព្រោះ​ខ្លួន​យល់​ថា ​ខ្សែ​ភាពយន្ត​នេះ មាន​ខ្លឹមសារ​សើច​ចំអក​ មើលងាយ​កូរ៉េ​ខាងជើង។

ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​ខ្សែ​ភាពយន្ត​រឿង​​ The Interview
ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​ខ្សែ​ភាពយន្ត​រឿង​​ The Interview REUTERS/Kevork Djansezian/Files
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​រង​ពាក្យ​រិះគន់​ជា​ច្រើន ​ក្រុមហ៊ុន​ផលិត​កុន​ដ៏​ធំ​របស់​ហូលីវូដ SONY PICTURES ​INTERTAINMENT​ បាន​ប្តូរ​ចិត្ត​វិញ ​ថា​នឹង​ចាប់​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង The Interview ​ចាប់​ពី​ថ្ងៃ​ពុធ​ទី​២៤​នេះ​ទៅ។ សូម​រំលឹក​ថា ក្រុមហ៊ុន SONY ​ត្រូវ​បាន​ពួកចោរ​ព័ត៌មានវិទ្យា ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺនែត លួច​យក​ឯកសារ​សំខាន់ៗ​ របស់​ក្រុមហ៊ុន​ស្ទើរតែ​ទាំងស្រុង ​ហើយ​ព្រមទាំង​បាន​គំរាម​កំហែង​ទៀត​ថា ពួកគេ​នឹង​ធ្វើ​ភេរវកម្ម​ តាម​រោងកុន​ណា ​ដែល​ហ៊ាន​ចាក់​បញ្ចាំង​រឿង The Interview។

 
កាល​ពី​សប្តាហ៍​មុន​ ក្រុមហ៊ុន​ SONY ​ធ្លាប់​បាន​ប្រាប់​ថា​ ខ្លួន​នឹង​ផ្អាក ​មិន​ទាន់​បញ្ចាំង​រឿង​នេះ​ទេ ដោយសារ​តែ​ខ្លាច​មាន​អំពើ​ភេរវកម្ម​កើតឡើង។ ដោយឡែក​ ក្រុម​តារា​ភាពយន្ត ក៏​ដូចជា​ម្ចាស់​រោងកុន​នៅ​អាមេរិក ​និង​ជា​ពិសេស​លោក​បារ៉ាក់ ​អូបាម៉ា ​ផ្ទាល់​តែ​ម្តង ​បាន​រិះគន់​ ការ​សម្រេច​ចិត្ត​របស់ ​ក្រុមហ៊ុន ​SONY។ ពាក្យ​រិះគន់​ថា ​ក្រុមហ៊ុន​ SONY​ធ្វើ​នេះ ​ជា​ការ​ចុះញម​ នឹង​ពួក​ទុច្ចរិត ឲ្យ​ធ្វើ​ឲ្យ​ពួកនេះ​បាន​ចិត្ត គំរាម​ចង់​បាន​អី​ បាន​នឹង។ អាមេរិក ជា​ប្រទេស​មាន​សេរីភាព​ពេញលេញ គេ​មិន​អាច​បញ្ឈប់​ការ​បញ្ចាំង​កុន ដោយសារ​តែ​មានគេ​ គំរាម​កំហែង​នោះទេ។

សូម​រំលឹក​ថា រឿង The Interview​ ជា​ខ្សែ​ភាពយន្ត​បែប​កំប្លែង​ ដែល​សាច់រឿង​និយាយ​អំពី អ្នក​កាសែត​អាមេរិក​ពីរ​នាក់ ធ្វើការ​ជា​គេញ​សម្ងាត់​ឲ្យ​ CIA ​រៀប​ចំ​គម្រោង​សម្លាប់​ប្រធានាធិបតី​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន។ បន្ទាប់​ពី​បាន​ដឹង​ព័ត៌មាន​ថា​មាន​ខ្សែ​ភាពយន្ត​នេះ កូរ៉េ​ខាងជើង ​បាន​និយាយ​ថា ​នឹង​ធ្វើការ​វាយប្រហារ​ បើសិន​ជា​កុន​នេះ​បញ្ចាំង ព្រោះ​កូរ៉េ​ខាងជើង​យល់ថា ​នេះ​ហាក់ដូច​ជា​សង្គ្រាម​ ដែល​អាមេរិក​វាយ​មក​លើ​កូរ៉េខាងជើង​អញ្ចឹង។

ក្រុម​FBI ​អាមេរិក ​មាន​ភស្តុតាង​មួយ​ចំនួន​ធំ​ ដែល​អាច​អះអាង​បាន​ថា កូរ៉េ​ខាងជើង​ជា​អ្នក​វាយ​ប្រហារ​ក្រុមហ៊ុន ​SONY ​ហើយ​ជា​អ្នក​គំរាម​កំហែង​ថា​នឹង​ធ្វើ​ភេរវកម្ម។ ការ​សម្រេច​ចិត្ត​ ថា​នឹង​ចាក់​បញ្ចាំង​កុន​រឿងនេះ​ឡើងវិញ ​ត្រូវ​បាន​គេ​អបអរ និង​សរសើរ ​ពី​សេចក្តី​ក្លាហាន​របស់​ក្រុមហ៊ុន ​SONY ​ព្រោះ​អី​នេះ ​ជា​សេរីភាព​ក្នុងការ​សំដែង​មតិយោបល់​របស់​សិល្បៈករ​ ហើយ​វា ​គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ភាពយន្ត​ តែ​ប៉ុណ្ណោះ ​មិនមែន​ជា​ការ​ពិត​ឯណា។

ដោយឡែក ​នៅ​កូរ៉េ​ខាងជើង​ឯនោះ​វិញ​ មាន​ការ​រអាក់រអួល ​ប្រព័ន្ធ​អ៊ិនធឺនែត ​ឈប់​ដំណើរ​ការ​ជិត១០ម៉ោង។ មតិ​មួយ​ចំនួន​ចោទ​សួរ​ថា ​ប្រហែល​ជា​អាមេរិក ​បាន​វាយ​បក​ទៅ​លើ​ប្រព័ន្ធ​អ៊ិនធឺនែត​កូរ៉េ​ខាងជើង​វិញ​ក៏​មិន​ដឹង។ យ៉ាងណា​ក៏​ដោយ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ឆ្លើយ​ថា ​អាមេរិក​មិន​យក​ពេល​ទៅ​ធ្វើរឿង​កំប៉ិកកំប៉ុក​ឥត​ប្រយោជន៍​បែប​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ