អានតួអត្ថបទ
កូរ៉េខាង​ជើង

ចិន​បដិសេធ​គ្មាន​ពាក់ព័ន្ធ​នឹង​ការ​ដាច់​អ៊ីនធ័រនែត​នៅកូរ៉េខាង​ជើង

ទើប​តែ​នៅព្រឹក​ថ្ងៃអង្គារ​ទី ២៣​ធ្នូ​នេះ​ទេ ដែល​កូរ៉េខាង​ជើង អាច​មាន​បណ្តាញ​អ៊ីនធ័រនែតប្រើ​​ឡើង​វិញ​បាន​។ ម្សិលមិញ រយៈ​ពេល​​៩​ម៉ោងកន្លះ អ៊ីនធ័រនែត​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​នៅ​ពេញ​ផ្ទៃ​កូរ៉េខាង​ជើង។ គ្មាន​ការ​ពន្យល់​អំពី​មូលហេតុ​នៃ​ដាច់​អ៊ីនធ័រនែត​ ដែល​កើត​ឡើង​ជួន​ចំ​ពេល​កូរ៉េខាង​ជើងកំពុង​ជាប់​ចោទ​​​សហរដ្ឋអាមេរិក ក្នុង​រឿងចោរ​ព័ត៌មាន​វិទ្យាវាយប្រហារ​ក្រុមហ៊ុន​ Sony pictures ។ ចំណែក​ឯ​ចិន​ដែល​ជា​អ្នក​ផ្គត់ផ្គង់​បណ្តាញ​អ៊ិនធ័រនែត​ឱ្យ​កូរ៉េខាង​ជើង បាន​បដិសេធ​​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ។

លោក គីម ជុនអ៊ុន ចុះ​ទៅ​មើល​ការងារ​បុគ្គលិក​ព័ត៌មាន​វិទ្យា។ រូបថត​ដែល​ភ្នាក់ងារ​ព័ត៌មានកូរ៉េខាង​ជើង​ផ្បព្វផ្សាយ​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០១៤
លោក គីម ជុនអ៊ុន ចុះ​ទៅ​មើល​ការងារ​បុគ្គលិក​ព័ត៌មាន​វិទ្យា។ រូបថត​ដែល​ភ្នាក់ងារ​ព័ត៌មានកូរ៉េខាង​ជើង​ផ្បព្វផ្សាយ​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ​អ៊ីនធ័រនែត នៅកូរ៉េខាង​ជើង មិន​ដែល​ដើរ​ស្រួល​ទេ ! ភាព​រអាក់រអួល ការ​ដាច់​ មួយ​ភ្លែតៗ តែង​កើត​មាន​ជាញឹកញយ ប៉ុន្តែ​នៅ​ថ្ងៃចន្ទ​ទី ២២​ធ្នូ​ម្សិលមិញ ប្រព័ន្ធ​អ៊ីនធ័រនែត​កូរ៉េខាង​ជើង ត្រូវ​គាំង ដាច់​ស្ទើរ​តែ​ស្រុង ក្នុង​រយៈ​ពេល​៩ម៉ោង​កន្លះ ! គឺ​មិន​ដែល​ធ្លាប់​មាន​ពី មុន​មក​ទេ។

 
មូលហេតុ​នៃ​ការ​ដាច់​អ៊ីនធ័រនែត អាច​មាន​ច្រើន​យ៉ាង​ ព្រោះ​ចិន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ មក​ឱ្យ​កូរ៉េខាង​ជើង ក្នុង​កំរិត​ទាប​បំផុត។ ពលរដ្ឋ​កូរ៉េខាង​ជើង​ភាគ​ច្រើន អាចប្រើ​បាន​តែ​ប្រព័ន្ធ​អ៊ីនធ័រនែត​ផ្ទៃក្នុង ដែល​អាជ្ញាធរ​ត្រួត​ត្រា​បាន​ទាំង​ស្រុង​។ មាន​តែ​ឥស្សរជន ថ្នាក់​ដឹកនាំ​សំខាន់ៗ ឬ​ក្រុមចោរ​ព័ត៌មានវិទ្យាផ្លូវការ​ប៉ុណ្ណោះ​ដែល​អាច​មាន​សេរីភាព​ប្រើ​អ៊ីនធ័រនែត​បាន ដូច្នេះ​ការ​​កំណត់មូលហេតុ​នៃ​ការ​ដាច់​ប្រព័ន្ធ​អាច​លំបាក​ខ្លាំង ៖ អាច​បណ្តាល​មក​ពី​ពួក​ចោរ​ព័ត៌មាន​វិទ្យា​ឯករាជ្យ អាច​មក​ពី​ចិន​ ឬ​អាច​ជា​ចេតនា​របស់​កូរ៉េ​ខាង​ជើង​ផ្ទាល់ ដើម្បី​ការពារ​ការ​សង​សឹក​ពី​អាមេរិក។

សូម​បញ្ជាក់​ថា​ មួយ​រយៈ​ចុងក្រោយ​នេះ ភាព​តាន​តឹង​រវាង​កូរ៉េខាង​ជើង​និង​អាមេរិក​បាន​ឡើង​ខ្លាំង​ស្ទើរ​ដល់​កំពូល បន្ទាប់​ពី​មាន​ការ​វាយប្រហារ​លួច​ព័ត៌មាន​ពី​សំណាក់​ចោរ​អ៊ីនធ័រនែត ដែ​លបើ​តាម​អាមេរិក​ គឺ​គ្មាន​នរណា​ក្រៅ​ពី​របប​ព្យុងយ៉ាង​ឡើយ។ អាមេរិក​បាន​ព្រមាន​សង​សឹក​ មិន​អនុគ្រោះ​ឱ្យ​កូរ៉េខាង​ជើង និង​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ចោរ​​ព័ត៌មានវិទ្យា។

ហេតុ​ដូច្នេះ​ហើយ​បាននៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​នាំពាក្យ​ចិន បាន​ធ្វើ​សន្និសីទ​កាសែត​ ច្រាន​ចោល​ភ្លាម​ ព័ត៌មាន​រអេច​រអូច ដោយ​បញ្ជាក់​ថា​​ចិន​​គ្មាន​ពាក់​ព័ន្ធ​នឹង​ការ​ដាច់​អ៊ីនធ័រនែត​នៅ​កូរ៉េខាង​ជើង និង​បាន​អំពាវនាវ​ឱ្យ​អាមេរិក​និង​កូរ៉េខាងជើង ពិភាក្សា​រួម​គ្នា លើ​ប្រធានបទ​ ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។ ចំណែក​សេតវិមាន​វិញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ជុំ​វិញ​ ការ​ដាច់​អ៊ីនធ័រនែត​នៅ​កូរ៉េខាង​ជើង​នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ