អានតួអត្ថបទ
អេស្ប៉ាញ

ជំនួយអឺរ៉ុប​ទៅលើ​ធនាគារ​អេស្ប៉ាញ​រឹតតែ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ព្រួយបារម្ភ

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អាស៊ី បាន​ធ្លាក់​ចុះ នៅថ្ងៃ​អង្គារ​នេះ ជាមួយ​ក្តីព្រួយបារម្ភ​ពី​វិបត្តិ​ប្រាក់បំណុល​ដែល​រីក​រាលដាល នៅក្នុង​តំបន់​អឺរ៉ូ។ កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ អត្រា​ការប្រាក់​កម្ចី​របស់​អេស្ប៉ាញ បានកើនខ្ពស់​ជាង​​អ៊ីតាលី​ទៅទៀត គឺ​ប្រមាណ ៦,៥ ភាគរយ សម្រាប់​រយៈពេល​១០ឆ្នាំ។ អត្រាការប្រាក់​ខ្ពស់​របស់​អេស្ប៉ាញ​ធ្វើ​ឲ្យ​ក្រុមអ្នកវិនិយោគ​ខ្លាចថា អេស្ប៉ាញ ប្រទេស​សេដ្ឋកិច្ច​ទីបួន នៅអឺរ៉ុប នឹង​អាច​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ប្រាក់បំណុល​ដូច​ប្រទេសផ្សេងទៀត នៅតំបន់​អឺរ៉ូ។

ធនាគារ​Bankiaដែល​ជាប់​​វណ្ឌក​ដោយ​បំណុល​ដែល​ជាប់​គាំង​នៅ​​វិបត្តិ​អចលនទ្រព្យ
ធនាគារ​Bankiaដែល​ជាប់​​វណ្ឌក​ដោយ​បំណុល​ដែល​ជាប់​គាំង​នៅ​​វិបត្តិ​អចលនទ្រព្យ © REUTERS
ផ្សាយពាណិជ្ជកម្ម

អេស្ប៉ាញ​បច្ចុប្បន្ននេះ គ្រាន់តែ​មាន​វិបត្តិធនាគារ ដែល​រងគ្រោះ​បន្ត​ដោយ​វិបត្តិ​អចលនទ្រព្យ។ កាលពីថ្ងៃ​សៅរ៍ ក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ​បាន​សម្រេច​ឲ្យ​អេស្ប៉ាញ​ខ្ចីប្រាក់ ១០០​ពាន់​លាន​អឺរ៉ូ​ដើម្បី​ឲ្យ​អេស្ប៉ាញ​អាច​យក​ទៅ​ជួយសង្រ្គោះ​ធនាគារ​របស់ខ្លួន។ ទីផ្សារ​ហិរញ្ញវត្ថុ​គួរតែស្ងប់ចិត្ត​ដែល​ឃើញ​វិបត្តិធនាគារ​អេស្ប៉ាញ​ត្រូវ​ប្រទេស​នៅតំបន់​អឺរ៉ូ​ជួយ​សង្រ្គោះ។

 
ប៉ុន្តែ ផ្ទុយទៅវិញ គឺ​កញ្ចប់​ប្រាក់​កម្ចី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ព្រួយបារម្ភ​ពីសុខភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​អេស្ប៉ាញ ព្រោះថា ជាមួយ​នឹង​កញ្ចប់​លុយ​នោះ រដ្ឋាភិបាល​អេស្ប៉ាញ​អាច​ដោះស្រាយ​វិបត្តិ​ធនាគារ​បានមែន ប៉ុន្តែ ជាមួយ​គ្នានោះ គេមើល​ឃើញ​ថា កញ្ចប់​ប្រាក់កម្ចី​របស់​តំបន់​អឺរ៉ូ​នឹង​ទៅ​បន្ថែម​ចំនួន​ប្រាក់​បំណុល​របស់​អេស្ប៉ាញ​ឲ្យ​កើន​ឡើង​មួយ​កម្រិត​ទៀត។

តាមអ្នកវិភាគមួយចំនួន កញ្ចប់​ជំនួយ​របស់​តំបន់​អឺរ៉ូ មិន​ត្រូវ​បាន​អេស្ប៉ាញ​យក​ទៅ​ប្រើ​វិនិយោគ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទេ ប៉ុន្តែ គឺ​ដើម្បី​យក​ទៅ​សង​ការខូចខាត​របស់​ធនាគារ គឺ​ប្រៀប​បាន​នឹង​ចាក់​លុយចោល ដោយ​គ្មាន​ប្រយោជន៍។

ដូច្នេះ បើ​ សេដ្ឋកិច្ច​របស់​អេស្ប៉ាញ​នៅទ្រឹង ឬ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ល្អប្រសើរ​ជាងមុន ហើយ​ប្រាក់​បំណុល​អេស្ប៉ាញ​រឹតតែ​កើនឡើងនោះ អ្នកវិនិយោគ​ដែល​ជា​ម្ចាស់​ប្រាក់បំណុល ច្បាស់​ជាគិតថា បំណុល​របស់​រដ្ឋ​អេស្ប៉ាញ​​មាន​ហានិភ័យ​ខ្ពស់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​គេអល់អែក មិន​ចង់​ឲ្យ​ខ្ចីលុយ ហើយ​បើ​ឲ្យ​ខ្ចី ក៏​ជាមួយ​នឹង​អត្រា​ការប្រាក់ខ្ពស់។

រហូតមកដល់​ពេលនេះ វិបត្តិ​ប្រាក់បំណុល​បាន​ប៉ះពាល់​ស៊ីជម្រៅ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​បី គឺ​ក្រិក អៀឡង់ និង​ព័រទុយហ្គាល់ ប៉ុន្តែ នៅពេល​វិបត្តិ​ចាប់ផ្តើម​រីករាល​ចូលទៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ ដូចជា​អេស្ប៉ាញ និង​អ៊ីតាលី គេ​បារម្ភ​ថា កំណើន​សេដ្ឋកិច្ច​របស់​អឺរ៉ុប​រឹត​តែ​ចុះ ខ្សោយ។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុននៅ​អាមេរិក និង​អឺរ៉ុប​ធ្លាក់ចុះ​ដែរ កាលពី​ថ្ងៃ​ចន្ទម្សិលមិញ។

ដូច​ទម្លាប់ អឺរ៉ុប​តែងតែ​យឺតយ៉ាវ​ខ្លាំង​ណាស់ ក្នុង​ការធ្វើ​អន្តរាគមន៍ ដែល​ជាហេតុ​ធ្វើ​​ឲ្យ​វិបត្តិតូច ​បាន​រីកទៅ​ជា​វិបត្តិធំ និង​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ​ទៀត នៅក្នុង​តំបន់​អឺរ៉ូ។ អ្នកសេដ្ឋកិច្ច​បាន​ទាមទារ​ឲ្យ​អ្នកនយោបាយ​អឺរ៉ុប​ប្រញាប់​ចាត់​វិធានការ​បន្ទាន់ គឺ​ដើម្បី​ចាត់​វិធាន​​រយៈពេល​វែង ប៉ុន្តែ មិនមែន​ដំណោះស្រាយ​ដើម្បី​រួចខ្លួន​​មួយគ្រាៗ ដូច​ដែល​អ្នកវិនិយោគ​កំពុង​មើលឃើញ នៅក្នុង​នយោបាយ​របស់​ថ្នាក់ដឹកនាំ​អឺរ៉ុប នៅពេល​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ