អានតួអត្ថបទ
អេស្ប៉ាញ

ទីភ្នាក់ងារ S&P ​បញ្ចុះ​​ចំណាត់​​ថ្នាក់​​អេស្ប៉ាញ​​ពីរ​​កម្រិត​​

នៅថ្ងៃ​ព្រហស្បតិ៍​ទី២៦​មេសា​ម្សិលមិញ​ ​ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​អាមេរិកាំង​ S&P ​បញ្ចុះ​ចំណាត់​ថ្នាក់​អេស្ប៉ាញ​ពីរកម្រិត​ ​ ក្រោយ​ពីបាន​ទម្លាក់​ម្តង​រួច​ហើយ​កាលពី​ខែ​មករា​កន្លងទៅ។​ ចំណាត់​ថ្នាក់​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ធ្លាក់ពី​ “A”​មកនៅ​ “BBB+”​ ​ ដោយគេ​បារម្ភ​ខ្លាចក្រែង​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​គោល​បំណង​នៃ​ការកាត់​បន្ថយ​ឧនភាព​ថវិកា​ជាតិ​អេស្ប៉ាញ។

រដ្ឋមន្ត្រី​ក្រសួង​ថវិកា​អេស្ប៉ាញ លោក​ Cristobal  Montoro
រដ្ឋមន្ត្រី​ក្រសួង​ថវិកា​អេស្ប៉ាញ លោក​ Cristobal Montoro Reuters/Sergio Perez
ផ្សាយពាណិជ្ជកម្ម

 

“​នៅក្នុង​បរិបទ​នៃ​​សេដ្ឋកិច្ច​ដ៏​អាប់អួរ​ ​ ​ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​អាមេរិកាំង​Standard and Poor’s (S&P) ​យល់ឃើញថា​ ​ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ប្រទេស​អេស្ប៉ាញ​នឹង​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ”​ ​ នេះ​ជា​ការកត់​សម្គាល់​របស់​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន។

ប្រទេស​អេស្ប៉ាញ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៤​នៅក្នុង​តំបន់​អឺរ៉ូ។​ សេដ្ឋកិច្ច​អេស្ប៉ាញ​បាន​ស្គាល់​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នៅ​ត្រីមាស​ទី១​ឆ្នាំ២០១២។​ បើយោងតាម​ធនាគារ​កណ្តាល​អេស្ប៉ាញ​ ​ ផលិតផល​ដុល​សរុប​អេស្ប៉ាញ​បាន​ធ្លាក់​ស្រុត​ចុះ​អស់​០,៤%។​ ទាំងនេះ​ប្រាកដ​ជា​បង្ក​​ឲ្យ​កើតមាន​បញ្ហា​ដល់​កម្មវិធី​កាត់​បន្ថយ​ឧនភាព​ថវិកា​ដែល​ប្រទេស​អេស្ប៉ា​បាន​សន្យាថា​នឹង​ធ្វើឲ្យ​ឧនភាព​សាធារណៈ​ធ្លាក់​មកនៅ​៨,៥១%​នៃ​ផលិតផល​ដុល​សរុប​នៅ​ឆ្នាំ២០១១​ ​ ៥,៣%​នៅ​ឆ្នាំ២០១២​ ​ ហើយនិង​៣%​នៅឆ្នាំ២០១៣។​ ក៏​ប៉ុន្តែ​ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​អាមេរិកាំង​Standard and Poor’s (S&P) ​យល់ថា ​ឧនភាព​សាធារណៈ​នៃ​ប្រទេស​អេស្ប៉ាញ​នឹង​មាន​៦,២%​នៅឆ្នាំ២០១២​ ​ ហើយនិង​៤,៨%​នៅឆ្នាំ២០១៣​ខាងមុខ។

រីឯ​វិស័យ​ធនាគារ​អេស្ប៉ាញ​វិញ​ក៏​ជា​ប្រភព​មួយ​ដ៏​ធំ​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​កើតមាន​ក្តី​បារម្ភ​ ​ ដោយហេតុថា​វិស័យ​ធនាគារ​អេស្ប៉ាញ​បាន​ធ្លាក់​ទៅក្នុង​លក្ខណៈ​ផុយស្រួយ​ក៏​ពីព្រោះ​តែ​វិបត្តិ​ដ៏​សែន​ធ្ងន់ធ្ងរ​បាន​កើតមាន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អេស្ប៉ាញ​តាំងពី​ឆ្នាំ២០០៨។
មូលហេតុ​អស់​ទាំងនេះ​ហើយ​ដែល​ធ្វើឲ្យ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​អាមេរិកាំង​Standard and Poor’s (S&P) ​យល់​ឃើញថា​ ​ “បរិមាណ​នៃ​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​នឹង​ស្គាល់​ការ​កើនឡើង​បន្ថែម​ទៀត”។​ ដូច្នេះ​ការ​ទម្លាក់​ចំណាត់ថ្នាក់​របស់​ប្រទេស​អេស្ប៉ាញ​ជាការ​ចៀស​ពុំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ