អានតួអត្ថបទ
អេស្ប៉ាញ-ហិរញ្ញវត្ថុ

ទីក្រុង​ម៉ាឌ្រី​ដ​​​បង្ហាញ​​នយោបាយ​​ថវិកា​​ត្បិតត្បៀត​​ដើម្បី​​កាត់​​បន្ថយ​​ឧនភាព​​

មួយថ្ងៃ​ក្រោយពី​មាន​បាតុកម្ម​និង​កូដកម្ម​ដ៏​ធំធេង​ដែលបាន​ធ្វើឲ្យ​ប្រទេស​អេស្ប៉ាញ​សឹងតែ​ទាំងមូល​ស្គាល់​ការ​គាំងស្ទះ​ ​ ទន្ទឺម​គ្នានេះ​រដ្ឋាភិបាល​របស់​លោក​ Mariano Rajoy ​បាន​ចេញ​បង្ហាញ​នៅ​សុក្រ​ទី​៣០មីនា​ឆ្នាំ២០១២​ម្សិលមិញ​ ឲ្យ​ឃើញ​នូវ​គម្រោង​ថវិកា​ត្បិតត្បៀត​មួយ​សម្រាប់​ឆ្នាំ២០១២​ដើម្បី​កាត់​បន្ថយ​ឧនភាព​និង​ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់​បំណុល​របស់​ប្រទេស​អេស្ប៉ាញ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អេស្ប៉ាញ​ លោក​  Luis de Guindos
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អេស្ប៉ាញ​ លោក​ Luis de Guindos Reuters/Andrea Comas
ផ្សាយពាណិជ្ជកម្ម

 

គោល​បំណង​នៃ​នយោបាយ​ថវិកា​ត្បិតត្បៀត​សម្រាប់​ឆ្នាំ២០១២​នៃ​រដ្ឋាភិបាល​អេស្ប៉ាញ​របស់​ លោក​ Mariano Rajoy ​គឺ​ធ្វើការ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​ ​ ដែល​បច្ចុប្បន្ន​នេះ​មាន​ដល់​ទៅ​៨,៥%​នៃ​ផលិតផល​ដុល​សរុប​ ​ ឲ្យ​ធ្លាក់​មកនៅ​៥,៣%​នៅដំណាច់​ឆ្នាំនេះ​ ​ ហើយនិង​ឲ្យ​ធ្លាក់​មកនៅ​៣%​នៃ​ផលិតផល​ដុល​សរុប​នៅ​ឆ្នាំ២០១៣។

ដូច្នេះ​ ​ ឃើញថា​ឧនភាព​សាធារណៈ​របស់​ប្រទេស​អេស្ប៉ាញ​ឋិត​នៅ​ឆ្ងាយណាស់​ពី​ការទាមទារ​របស់​សហភាព​អឺរ៉ុប​ដែល​ឲ្យ​មាន​ឧនភាព​ត្រឹមតែ​៣%​នៃ​ផលិតផល​ដុល​ក្នុងប្រទេស។​ គួរបញ្ជាក់ថា​ ​ ប្រទេស​អេស្ប៉ាញ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៤​ក្នុង​តំបន់​អឺរ៉ូ។​ ប៉ុន្តែ​ប្រទេស​អេស្ប៉ាញ​មាន​អត្រា​នៃ​អ្នក​ឥតការងារ​ធ្វើ​កើនឡើង​សល់​កម្រិត​កំពូល​ពោលគឺ​ប្រមាណ​ជាង​៥លាននាក់​ឬត្រូវជា​២៣%​នៃ​ប្រជាជនសកម្ម​ ​ ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ក្នុង​សហភាព​អឺរ៉ុប។

នយោបាយ​ថវិកា​ត្បិតត្បៀត​សម្រាប់​ឆ្នាំ២០១២​នេះ​ ​ នឹង​អាច​ធ្វើឲ្យ​គេ​មាន​ទំនុក​ចិត្ត​ទៅលើ​រដ្ឋាភិបាល​អេស្ប៉ាញ​របស់​លោក​ Mariano Rajoy។​ ក៏​ប៉ុន្តែ​ គឺ​ប្រជាជន​អេស្ប៉ាញ​ឯណោះទេ​ដែល​ជា​អ្នក​ទទួល​រង​គ្រោះ​ ​ ដោយ​ហេតុតែ​មាន​នយោបាយ​ថវិកា​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ពីរឆ្នាំ​រួចមក​ហើយ។​ ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​រាជការ​នឹងត្រូវ​នៅ​នឹងថ្កល់​នៅ​ឆ្នាំ២០១២​នេះ​ ​ ក្រោយពីបាន​ស្គាល់​សភាព​ដូចគ្នា​នេះ​នៅ​ឆ្នាំ២០១១​ ​ ហើយនិង​បាន​ត្រូវ​គេ​កាត់បន្ថយ​ប្រមាណ​៥%​នៅឆ្នាំ២០១០។

គួរកត់​សម្គាល់ថា​ ​ ថវិកា​សឹងតែ​គ្រប់​ក្រសួង​បាន​ត្រូវ​រដ្ឋាភិបាល​កាត់​បន្ថយ​ប្រមាណ​១៦,៩%​ ​ ហើយ​ក្រសួង​ដែល​ប៉ះពាល់​ខ្លាំងជាង​គេ​គឺ​ក្រសួង​បរិក្ខារ​​ដែល​បាន​ត្រូវ​រដ្ឋាភិបាល​របស់​លោក​ Mariano Rajoy​ កាត់​បន្ថយ​អស់​ប្រមាណ​៣៤,៦%។​ ដូច្នេះ​ ជាសរុប​ ​ រដ្ឋាភិបាល​អេស្ប៉ាញ​របស់​លោក​ Mariano Rajoy​ សន្សំ​សំចៃ​បាន​ប្រមាណ​២៧ពាន់លាន​អឺរ៉ូ។

ដើម្បី​ធ្វើការ​បង្កើន​ប្រាក់​ចំណូល​ឲ្យ​ហិបប្រាក់​រដ្ឋ​បន្ថែមទៀត ​ រដ្ឋាភិបាល​របស់​លោក​ Mariano Rajoy​ បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ប្រាក់​ចំណូល​៤,៣%​ ​ ពន្ធ​លើ​ក្រុមហ៊ុន​១៧,៨%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ