អានតួអត្ថបទ
រុស្ស៊ី

ព្រឹទ្ធសភា​រុស្ស៊ី​ពិភាក្សា​ទៅលើ​គម្រោង​ច្បាប់​ដ៏​ចម្រូង​​ចម្រាស​​

សាច់រឿង​គឺជុំវិញ​គម្រោងច្បាប់​ស្តីអំពី​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុងឋានៈ​ជា​ “ភ្នាក់ងារ​បរទេស”​ ,ស្តីអំពី​ “បទមួល​បង្កាច់”​ ,ស្តីអំពី​ “បញ្ជីខ្មៅ” ​ សម្រាប់​វែបសៃត៏​ខ្លះ។​ គម្រោងច្បាប់​ទាំងនេះ​ តាមធាតុពិត​ គឺឆ្ពោះ​ទៅរឹតត្បិត​សកម្មភាព​ពួក​ប្រឆាំង​លុះទាល់តែ​កាសែត​លោកខាងលិច​សន្និដ្ឋានថា​ តែក្នុង​រយៈពេល​ជាង២ខែ​សោះ ​ក្រោយពី​លោក ពូទីន​ ត្រឡប់​ទៅ​វិមាន​ក្រេមឡាំង​​វិញ​ រាល់អ្វីៗ​ជាសេរីនិយម ​អនុញ្ញាត​ដោយលោក​ មេដវេដេវ​ ហាក់បី​រលាយ​បាត់ទៅ។  

សភាឌូម៉ា​នៅប្រទេស​រុស្ស៊ី
សភាឌូម៉ា​នៅប្រទេស​រុស្ស៊ី © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

 

ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ថ្ងៃនេះ ​ដែលជាលើក​ចុងក្រោយ​ មុន​នឹង​បែកគ្នា​ទៅវ៉ាកង​ បណ្តា​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី ​ពិនិត្យ​មើល​បញ្ហា​ចំនួន​ដល់ទៅ ​៤០​ ប៉ុន្តែ​ ចម្រូង​ចម្រាស​ជាងគេ​ គឺគម្រោង​ច្បាប់​បី​ ដែល​ត្រូវ​បាន​អនុម័ត​ទៅហើយ​ ដោយសភា​ឌូម៉ា​ជាសភា​ជាន់ក្រោម ៖
ទី១- ​គឺ​គម្រោងច្បាប់​ ស្តីអំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក្នុងឋានៈ​ជា​ “ភ្នាក់ងារ​បរទេស”​ ដែលចែង​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ណាដែល​ទទួល​ប្រាក់​ឧបត្ថម្ភ​ពីក្រៅ​ ហើយធ្វើ​សកម្មភាព​នយោបាយ​ នៅរុស្ស៊ី​ ត្រូវចាត់​ទុកជា​”ភ្នាក់ងារ​បរទេស”។​ ពាក្យថា​ “ភ្នាក់ងារ​បរទេស”​នេះ ​តាមមតិ​ពួក​ប្រឆាំង​ គឺបង្វែរ​ស្មារតី​គេ ​ឲ្យនឹក​ឃើញ​ទាំងស្រៀវ​ឆ្អឹងខ្នង​ អំពី​ទសវត្សរ៍​ទី៣០​ ជំនាន់​ក្រោម​អំណាច​ផ្តាច់ការ​ Staline​ ក្នុង​ន័យ​ជាអ្នកលួច​យកការណ៍​ឲ្យបរទេស។​ ប៉ុន្តែ​អាជ្ញាធរ​រុស្ស៊ី​អះអាង​ថា ​បើអង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើសកម្មភាព​បែបយ៉ាង​ ផ្នែក​មនុស្សធម៌​ សាសនា​ឬ​វិទ្យាសាស្ត្រ​ គឺ​ គ្មាន​បញ្ហាទេ។

ទី២- ​គឺគម្រោង​ច្បាប់​ស្តីអំពី​” បទមួល​បង្កាច់”​ ដែល​តាមមតិ​ពួកប្រឆាំង​គឺសំដៅ​បិទ​កញ្ចប់​មាត់​ ទាំង​អ្នក​ណា​ដែលមិន​ឯកភាព​នឹង​នយោបាយ​ថ្នាក់ដឹកនាំ​ ទាំងកាសែត​ ទូរទស្សន៍​ កុំឲ្យ​ហ៊ាន​ទិតៀន​ផ្តេសផ្តាស​ ពុំនោះ​សោតទេ​ គឺអាច​ត្រូវជាប់​ចោទ​ក្នុងការ​ប្រឌិត​រឿងមួល​បង្កាច់។​ ច្បាប់​នេះ ​ចែងថា​ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មួល​បង្កាច់​គឺអាច​ត្រូវ​ពិន័យ​ឲ្យបង់ប្រាក់​រហូត​ដល់​៥លាន​រូប្ល​ ស្មើនឹង​ ជាង​១៥ម៉ឺន​ដុល្លារ​អាមេរិក​ឬ ក៏​ត្រូវ​ផ្តន្ទាទោស​ឲ្យ​បំពេញ​ការងារ​ចំនួន​ ៤៨០ម៉ោង ​សម្រាប់​ជា​គុណ​ប្រយោជន៍​សង្គម។

ទី៣- ​គឺ ច្បាប់​ស្តីអំពី​ ការតាក់តែង​ “បញ្ជីខ្មៅ”​ សម្រាប់​វែបសៃត៏​ណា ​ដែលផ្សព្វផ្សាយ​ ព៍ត៌មាន​ត្រូវបាន​ ហាម​មិនឲ្យ​ផ្សាយ​នៅរុស្ស៊ី។​ ច្បាប់នេះ​សំដៅ​ការពារ​កុមារ​ឲ្យផុត​ពី​ព័ត៌មាន​ណា ​ដែល ​នាំឲ្យ​ខូច​ដល់​សុខភាព​និង​ការលូត​លាស់​របស់​គេ​ បែប​យ៉ាង​ព័ត៌មាន​ដែល​ឃោសនា​ ការប្រើ​គ្រឿងញៀន ​ការសេពសន្ទវៈ​ជាមួយ​កុមារ​ ការលើក​ទឹកចិត្ត​ ឲ្យហ៊ាន​ប្រព្រឹត្ត​អត្តឃាតកម្ម​ សម្លាប់​ខ្លួនឯង​ជាដើម។​ ច្បាប់នេះ​ ត្រូវពួក​អ្នកវិភាគ​បកស្រាយ​ថា​ជាលេស​សម្រាប់​បិទ​វែបសៃត៏​ណា ​ដែល​អាជ្ញាធរ​មិន​ពេញចិត្ត។ ​ទាក់ទង​នឹង​សាច់រឿង​ដែលមាន​កាសែត​អាល្លឺម៉ង់​ Suddeutsche ​Zeitung ​ទើប​បញ្ចេញ ​យោបល់​ថា គ្រាន់តែ​ក្នុង​រយៈពេល​ជាង​២ខែសោះ ​ក្រោយពី​លោកពូទីន​វិលត្រឡប់​ទៅ​កាន់​អំណាច​កំពូល​នៅ ​វិមាន​ក្រេមឡាំង​វិញ​រាល់អ្វីៗ​ជាសេរីនិយម​ដែលចេះ​សម្រេច​បាន​ដោយ​លោក​មេដវេដេវ​ ក្នុង​ឋានៈ​ជា​អ្នក​”ខំខ្នះខ្នែង​យ៉ាង​ស្ងៀមស្ងាត់”​ ស្រាប់តែ​រលាយ​បាត់ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ