អានតួអត្ថបទ
កម្ពុជា

សាកសព​​អ្នកទោស​​រកស៊ី​​គ្រឿង​ញៀន​​អូស្ត្រាលី​​បា​ន​​បញ្ជូន​​ដល់​​អូស្ត្រាលី​

បុរស​អូស្ត្រាលី​ពីរ​នាក់ ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​ហើយ ក្នុង​ថ្ងៃ​សៅរ៍​នេះ តាមរយៈ​ជើងយន្តហោះ​មួយ ហើយ​ដែល​គេ​ជឿថា​សាកសព​ទាំងពីរ​ត្រូវ​បញ្ជូនទៅ​ជាមួយគ្នា។ ការស្លាប់​ជនជាតិ​អូស្ត្រាលី​ទាំងពីរ​នាក់​នេះ ត្រូវបាន​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott ស្តីបន្ទោស​ថា​ជា​រឿង ដែល​ឃោរឃៅ​បំផុត និង​ជា​រឿង​ដែល​មិនចាំបាច់​ត្រូវធ្វើ។

Andrew Chan (ឆ្វេង) និង​ Myuran Sukumaranជាជនជាតិ​អូស្ត្រាលី មុនត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារជីវិត
Andrew Chan (ឆ្វេង) និង​ Myuran Sukumaranជាជនជាតិ​អូស្ត្រាលី មុនត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារជីវិត ©REUTERS/Murdani Usman
ផ្សាយពាណិជ្ជកម្ម

លោក Andrew Chan អាយុ ៣១ឆ្នាំ និង​លោក Myuran Sukumaran អាយុ៣៤ ឆ្នាំ ត្រូវបាន​សម្លាប់​ដោយ​បាញ់​នឹង​កាំភ្លើង កាលពី​ថ្ងៃ​ពុធ។ ការសម្លាប់​នេះ បានធ្វើ​ឡើង​ក្រោម​បទ​ចោទថា ពួកគេ​ទាំងពីរ​នាក់​នេះ បាន​នាំ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទៅកាន់​ប្រទេស​អូស្ត្រាលី ពី​កោះ​បាលី ដែនដី​ប្រទេស​ឥណ្ឌូនេស៊ី។ ការកាត់ទោស​នេះ នៅតែ​ធ្វើឡើង បើទោះបីជា​មានការ​សូម​អង្វរ​ឲ្យ​លើកលែងទោស​ប្រហារជីវិត​ពី​អន្តរជាតិ​ក៏ដោយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ ABC របស់​អូស្ត្រាលី បាន​រាយការណ៍​ថា យន្តហោះ ដែល​ដឹក​សាកសព​របស់​អ្នកទោស​ទាំងពីរ​នាក់​នោះ បានមក​ដល់ទី​ក្រុង​ស៊ីន​នី ក្នុង​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ហើយ​ក្នុង​យន្តហោះ​នោះ​ក៏មាន​សាច់ញាតិ​នៃ​សព​លោក Sukumaran រួម​ដំណើរ​ក្នុង​យន្តហោះ​ដែរ។ យ៉ាងណាមិញ បើតាម​នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម របស់​អូស្ត្រាលី មិនអាច​បញ្ជាក់​បានទេ​ថា ក្នុង​យន្តហោះ​នោះ​ពិតជា​មាន​សព​លោក Chan និង​លោក Sukumaran ឬ​យ៉ាងណា។

ម្តាយ​របស់លោក Chan មិន​បានរួម​ដំណើរ​ទេ ក្នុង​ការដឹក​សព​លោក Chan មកកាន់​អូស្ត្រាលី​វិញ​នោះ ដោយសារតែ​ជើងយន្តហោះ ដែល​ធ្វើ​មាតុភូមិ​និវត្ត​សព​លោក Chan ត្រូវបាន​ពន្យារពេលរ​ហូត​មកដល់​ថ្ងៃ​សៅរ៍​នេះ ហើយ​ពួកគាត់​បាន​វិលត្រឡប់​មកកាន់​អូស្ត្រាលី​វិញ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

លោក Chan និង លោក Sukumaran គឺជា​មនុស្ស​ពីរ​នាក់ ក្នុងចំណោម​អ្នកទោស​បរទេស ៧នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ប្រហារជីវិត​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី២៩ មេសា កន្លងទៅនេះ។ ពួកគេ​ទាំងពីរ​នាក់​បាន​ចំណាយពេល​ប្រមាណ១០ឆ្នាំ នៅក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ត្រូវបាន​ចោទប្រកាន់ថា​ជា​មេក្រុម​ជួញដូរ​ថ្នាំញៀន ដែល​គេ​ស្គាល់​ឈ្មោះថា Bali Nine។
ចំណែកឯ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Abbott បាន​រិះគន់ថា​ការប្រហារជីវិត​បរុស​ទាំងពីរ​នាក់​នេះ គឺជា​ស្រមោល​បាំងបិទ ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី ហើយ​លោក Abbott បានចាត់ទុក​ថា​នេះ គឺជា​រឿង ដែល​ឃោ​ឃៅ​បំផុតនិង​ជា​រឿង​ដែល​មិនចាំបាច់​ត្រូវធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ