អានតួអត្ថបទ
ថៃ

BBC​បើក​ផ្សព្វផ្សាយ​ពត៌មាន​ជា​ភាសា​ថៃ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម

ទូរទស្សន៍​BBC បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ ​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពត៌មាន​ជា​ភាសា​ថៃ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​របស់​ខ្លួន​​ដូចជា ​Facebook​​ជា​ដើម។​ អ្នក​នាំពាក្យ​របស់​ទូរទស្សន៍​ BBC ​ថា​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​អាច​ផ្តល់​ដល់​ប្រជាជន​ថៃ​ ​​នូវ​ពត៌មាន​មួយ​ដែល​អាច​ទុក​ចិត្ត​បាន​​ ហើយ​មិន​​លម្អៀង​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​យោធា​ថៃ​បាន​​ និង​កំពុង​ព្យាយាម​រឹត​បន្តឹង​សិទ្ធ​សេរីភាព​សារពត៌មាន​​ និង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ថៃ។

ផ្លាក​សញ្ញា​ទូរទស្សន៍​BBCនៅលើ​កញ្ចក់​ទូរទស្សន៍​ដ៌​ធំ​មួយ​នៅ​ទី​ក្រុងឡុងដ្រ៍
ផ្លាក​សញ្ញា​ទូរទស្សន៍​BBCនៅលើ​កញ្ចក់​ទូរទស្សន៍​ដ៌​ធំ​មួយ​នៅ​ទី​ក្រុងឡុងដ្រ៍
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ​ ទូរទស្សន៍​ BBC​ នឹង​បង្កើត​ទំព័រ​ Facebook​​ ​មួយ​ដើម្បី​ផ្សព្វផ្សាយ​សាក​ល្បង​រយៈ​ពេល​៣ខែ​ ​នូវ​ពត៌មាន​ជា​ភាសា​ថៃ​​ និង​​អង់គ្លេស។ លោកស្រី លីល្យ៉ាន​ លែនដឺរ៍​ អ្នក​ទទួល​បន្ទុក​ផ្នែក​ភាសា​របស់​ស្ថានីយ៍​ទូរទស្សន៍ BBC បាន​បញ្ជាក់​ថា​ គោលការណ៍​គ្រឹះ​នៃ​សេវា​ពត៌មាន​ពិភពលោក​របស់ BBC គឺ​ផ្គត់ផ្គង់​ពត៌មាន​ដែល​ពិតប្រាកដ​ និង​​ មិនលម្អៀង​​ ទៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ដែល​សេវា​ពត៌មាន​សុក្រិត្យ​បែប​នេះ​ នៅ​មាន​ការ​ខ្វះខាត។ លោកស្រី​បន្ត​ថា ​ពេល​នេះ​ជា​ឱកាស​ដ៏​ល្អ​ណាស់​ក្នុង​ការ​សាកល្បង​ការ​ផ្សាយ​ជា​ភាសា​ថៃ​ និង​អង់គ្លេស​ដើម្បី​ឲ្យ​ប្រជាជន​ថៃ​បាន​ទទួល​នូវ​ពត៌មាន​សុក្រិត្យ​ច្បាស់​លាស់។ គួរ​រំលឹក​ដែរ​ថា ​ ទូរទស្សន៍​ BBC​ធ្លាប់​មាន​កម្មវិធី​ផ្សាយ​ជា​ភាសា​ថៃ​មួយ​ដែរ ដែល​បាន​ដំណើរការ​អស់​រយៈ​ពេល​៤០ឆ្នាំ​ ហើយ​ត្រូវ​បាន​បិទ​ទៅ​វិញ​នៅ​ឆ្នាំ​២០០៦។

 
ចាប់​តាំង​ពី​ការ​ឡើង​កាន់​អំណាច​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ នៅ​ថ្ងៃ​ទី២២​ ឧសភា រដ្ឋាភិបាល​យោធា​ថៃ បាន​ដាក់​ព្យួរ​រដ្ឋធម្មនុញ្ញ ហើយ​បាន​រឹត​បន្តឹង​សេរីភាព​សាធារណៈ​ជា​ច្រើន​ ដូច​ជា​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ ហាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ឬ​រិះគន់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ជាដើម។​ ក្រុម​យោធា​ថែម​ទាំង​បាន​បង្កើត​គណៈកម្មការ៥​ដើម្បី​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង​ ​ទៅ​លើ​បណ្តាញ​ពត៌មាន​ក្នុង​ស្រុក​ បណ្តាញ​ពត៌មាន​បរទេស និង​បណ្តាញ​ពត៌មាន​សង្គម​ដូចជា​ Facebook​ជាដើម។ ភ្លាមៗ​បន្ទាប់​ពី​បាន​ធ្វើ​រដ្ឋប្រហារ រដ្ឋាភិបាល​យោធា​បាន​ផ្អាក​ការ​ផ្សាយ​ជា​ច្រើន​ថ្ងៃ​ របស់​ស្ថានីយ៍​ទូរទស្សន៍​បរទេស​ជា​ច្រើន​ប៉ុស្ត៍​នៅ​ប្រទេស​ថៃ។ ក្នុង​នោះ​ក៏​មាន ទូរទស្សន៍​ BBC​ផង​ដែរ។

យ៉ាងណាមិញ តាម​សម្តី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា​ថៃ លោក​ថា​រដ្ឋាភិបាល​គ្មាន​អ្វី​ទៅ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ពត៌មាន​របស់​ទូរទស្សន៍​BBC​ទេ​មិន​ថា​ជា​ភាសា​ថៃ​ ឬ អង់គ្លេស​ក៏ដោយ ​ដ៏រាប​ណា​ពត៌មាន​ដែល​ផ្សព្វផ្សាយ​ទៅ​នោះ​ វា​មិន​មែន​ជា​ពត៌មាន​អុជអាល បញ្ឆេះ​កំហឹង និង​បង្ក​អស្ថិរភាព​សង្គម។​ លោក​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ថៃ​ពេញចិត្ត​ជានិច្ច​ ក្នុង​ការ​ជំរុញ​ឲ្យ​គ្រប់​គ្នា​ទាំង​អស់​ យល់ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ស្ថានភាព​ជាក់ស្តែង​ក្នុង​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​យោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​ទំលាក់​លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា​ ចេញ​ពី​តំណែង​ ហើយ​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ​ ដោយ​អះអាង​ថា​ដើម្បី​ធ្វើ​ការ​រៀបចំ​ស្រុក​ទេស​ឡើងវិញ។​ តាម​ការ​វិភាគ​ វិបត្តិ​នយោបាយ​នេះ​ មាន​ការ​ទាក់ទង​យ៉ាង​ប្រកដ​ជាមួយ​និង​ចេតនា​ចង់​កម្ចាត់​ក្រុម​គ្រូសារ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញ​ពី​ឆាក​នយោបាយ​ថៃ។​ វិបត្តិ​រ៉ាំរ៉ៃ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​បែក​ចេញ​ជា​ពីរ គឺ​ម្ខាង​ក្រុម​អ្នក​គាំទ្រ​ពួក​យោធា ឯ​ម្ខាង​ទៀត​ក្រុម​អ្នក​គាំទ្រ​លោក​ថាក់ស៊ីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ