អានតួអត្ថបទ
ថៃ

តុលាការ​ថៃ​ផ្តន្ទា​ទោស​មនុស្ស​ម្នាក់​ពី​បទ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​រដ្ឋប្រហារ

តុលាការ​ថៃ​បានកាត់​ទោស​ ជា លើក​ទី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី៣​ កក្កដា​ នេះ​ ទៅ​លើ​ សកម្មជន​នយោបាយ​ម្នាក់​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​ក្រុម​យោធា។​ ការ​កាត់ទោស​នេះ​ ហាក់​ដូច​ជា​ការ​ដាក់​បំរាម​ មិន​ឲ្យ​នរណា​ម្នាក់​ហ៊ាន​ងើប​ឡើង​ប្រឆាំង​​ នឹង​ការ​កាន់​កាប់​អំណាច​របស់​របប​យោធា​ត​ទៅ​ទៀត។

ប្រមុខដឹកនាំយោធាថៃ លោក​ប្រាយុទ្ធ​ ចន្ទ​អ៊ូចារ​
ប្រមុខដឹកនាំយោធាថៃ លោក​ប្រាយុទ្ធ​ ចន្ទ​អ៊ូចារ​ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

លោក​វីរ៉ាយុទ្ធ កុងកាណាថាន ​អាយុ​៤៩ឆ្នាំ ត្រូវ​បាន​ក្រុម​យោធា​ចាប់​ខ្លួន​មួយ​ថ្ងៃ​ក្រោយ​ការធ្វើរដ្ឋប្រហារ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា​បាន​រំលោភ​លើ​ច្បាប់​ ដែល​ហាម​ឃាត់​មិន​​ឲ្យ​ជួប​ប្រជុំ​គ្នា​ចាប់​ពី​៥នាក់​ឡើង​ទៅ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី៣​ ​កក្កដា ម្សិលមិញ​នេះ តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​សម្រេច​សាលក្រម  ​ផ្តន្ទាទោស​លោក​២​ខែ​ដែល​ជា​ទោស​ព្យួរ ហើយ​បន្ថយ​ឲ្យ​នៅ​សល់​មួយ​ខែ​ដោយ​សារ​គាត់​បាន​ទទួលស្គាល់ទង្វើរបស់​គាត់។

 
ទោះ​បី​ជា​យ៉ាងណា លោក​វីរ៉ាយុទ្ធ កុងកាណាថាន បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នឹង​មិន​បញ្ឈប់​សកម្មភាព​នយោបាយ​របស់​លោកឡើយ។​ លោក​អះអាង​ថា​លោក​គឺ​ជា​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ដូច្នេះ​លោក​នឹង​តស៊ូ​ជា​និច្ច។ ប៉ុន្តែ​អំណេះ​តទៅ លោក​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង ចៀសវាង​ការ​ចាប់​ខ្លួន​សា​ជា​ថ្មី។

អង្គការ​Amnesty International បាន​ឲ្យ​ដឹង​ថា​ ការ​កាត់ទោស​នេះ ​វា​នឹង​ជំរុញ​ ​បរិយាកាស​អ័ព្ទអួ ​និង​ភ័យខ្លាច​នៅ​ក្នុង​ប្រទេស​ថៃ​ ឲ្យ​មាន​កាន់​តែ​ខ្លាំង​ឡើង។​ សាលក្រម​របស់​តុលាការ​នា​ពេល​នេះ ប្រៀប​បាន​នឹង​ការ​ជូន​ដំណឹង​ គំរាម​ដល់​បណ្តា​សកម្មជន​ដែល​ប្រឆាំង​នឹង​របប​យោធា​ទាំង​អស់​ ថា​ត្រូវ​ឈប់​ធ្វើ​សកម្មភាព​របស់​ពួក​គេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​យោធា​ថៃ​ បាន​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ ថ្ងៃ​ទី២២​ឧសភា ហើយ​បាន​ព្យួរ​រដ្ឋ​ធម្មនុញ្ញ ដោយ​យក​លេស​ថា​ ដើម្បី​រៀបចំ​ប្រទេស​ឡើង​វិញ​បន្ទាប់​ពី​មាន​បាតុកម្ម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​៧ខែ​កន្លង​មក។ បន្ទាប់​ពី​បាន​កាន់កាប់​អំណាច របប​យោធា​បាន​ធ្វើ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដូច​ជា​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​ជា​ដើម។​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​ឃើញ​មាន​ការ​រៀបចំ​សកម្មភាព​ប្រឆាំង​របស់​សកម្មជន​ក៏​ដូច​ជា​ប្រជាជន​ទូទៅ ក្រោម​រូបភាព​ផ្សេងៗ​ជា​បន្ត​បន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ