អានតួអត្ថបទ
កម្ពុជា

​​ការ​ផ្ទៀងផ្ទាត់​​នៅ​​​មណ្ឌល​​បាត់​ដំបង៖​ខុស​​តួលេខ​​តែ​​១​​សន្លឹកឆ្នោត​​ប៉ុណ្ណោះ​​សម្រាប់​​គណបក្ស​​ធំៗ​​ទាំង២ ​

ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព"ក" នៅ ៨ ការិយាល័យ នៅ​ខេត្តបាត់ដំបង បាន​ចំណាយពេល​ប្រហែល ២ ម៉ោង​ប៉ុណ្ណោះ។ ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព"ក" នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដូច​នីតិវិធី​ពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព​បោះឆ្នោត​លើក​មុន គឺ​ការពិនិត្យ​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត​នោះ ត្រូវបាន​បើក​ធ្វើ​ជា​សាធារណៈ។ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ៣ រូប បាន​អញ្ជើញ​ចូលរួម ព្រមទាំង​តំណាង​គ.ជ.ប តំណាង​គណបក្ស​នយោបាយ និង​អ្នកកាសែត បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ការកត់ត្រា​សំឡេងឆ្នោត តាម​ទម្រង់ ១១០២ ១១០៨ និង​ផ្ទាំង​ក្រដាស​ធំ។ ជា​លទ្ធផល ទូទាំង ៨ ការិយាល័យ​នោះ មានការ​ស្រង់ លើស​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១ សំឡេង។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវគេ​ស្រង់​សំឡេង​លើស ១ សំឡេង​ដែរ។

ការបើកកញ្ចប់សុវត្ថិភាព«ក» ​កាលពីថ្ងៃអាទិត្យ ២៥សីហា
ការបើកកញ្ចប់សុវត្ថិភាព«ក» ​កាលពីថ្ងៃអាទិត្យ ២៥សីហា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​រុករក​កញ្ចប់​សុវត្ថិភាព​"ក" អស់​ពេល​ជាង ១ ម៉ោង ចាប់ពី​ម៉ោង ៨ ព្រឹក​មិញ ក្រុមការងារ​របស់គ.ជ.ប បាន​បើក​កញ្ចប់​សុវត្ថិភាព​"ក" នៅ ៨ ការិយាល័យ​បោះឆ្នោត ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ ការកត់ត្រា​តួលេខ​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​៨ ឡើងវិញ។

លទ្ធផល​ពិនិត្យ​ផ្ទៀងផ្ទាត់​នោះ​បានត្រូវ​ប្រកាស នៅ​ចំពោះមុខ​​តំណាង​គណបក្សនយោបាយ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ៣ រូប តំណាង​អ្នកសង្កេតការណ៍ និង​ក្រុមអ្នកកាសែត។ ក្នុង​ការិយាល័យ​បោះឆ្នោត​ទាំង ៨ នោះ មាន ២ ការិយាល័យ ដែល​ទម្រង់ ១១០៨ ជាតា​រាង​កត់ត្រា​សំឡេងឆ្នោត តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត មិនមាន​សរសេរ​ទិន្នន័យ។

ក្នុងនោះ ក៏មាន​តែ ២ ការិយាល័យ​បោះឆ្នោត​ដែរ ដែល​ការចំលង​តួលេខ​សំឡេងឆ្នោត​ខុសគ្នា។ ទី១ នៅ​ការិយាល័យ​បោះឆ្នោត​លេខ ០១៨៨ គឺ​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានតែ ១៥៤ តែ​ក្នុង​ទម្រង់ ១១០៨ ត្រូវបាន​គេ​ដាក់ថា ១៥៥។ ចំណែក​នៅ​ការិយាល័យ​បោះឆ្នោត លេខ ០២០៤ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​ត្រឹមតែ ២៧៤ តែ​ត្រូវបាន​គេ​ចំលង​ដាក់​ក្នុង​ទម្រង់ ១១០២ ដល់​ទៅ ២៧៥ សំឡេង។

ក្នុងពេល​ពិនិត្យ​ផ្ទៀងផ្ទាត់​នោះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន បាន​ទទូច​ស្នើសុំ​ឲ្យ​គ.ជ.ប បិទ​ផ្សាយ​នូវ​ចំនួន​សន្លឹកឆ្នោត តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត។ តែ​មិន​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គ.ជ.ប យល់ព្រមភ្លាមៗទេ។

យ៉ាងណាក៏ដោយ ក្រោយពី​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​ការិយាល័យមួយៗ កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ទម្រង់ ១១០២ តារាង​កត់ត្រា​សំឡេងឆ្នោត តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ទម្រង់ ១១០៨ ត្រូវបាន​ថតចំលង​ចែក​អ្នកកាសែតភ្លាម។ រីឯ​ក្រដាស​ផ្ទាំង​ធំ ដែលជា​តារាង​រាប់​សំឡេងឆ្នោត ក៏ត្រូវ​បាន​គេ​បិទ​លើ​ក្តារខៀន​ផងដែរ។

លោក គួ​យ ប៊ុន​រឿន បានកត់សម្គាល់​ដូច​អ្នកកាសែត និង​អ្នកសង្កេតការណ៍​ដែរ​ថា បច្ចេកទេស​វេច​ខ្ចប់​នូវ​កញ្ចប់​សុវត្ថិភាព "ក" ទាំង ៨ ការិយាល័យ​បោះឆ្នោត នៅ​ខេត្តបាត់ដំបង ដែល​យកមក​ពិនិត្យ​ផ្ទៀងផ្ទាត់​លើក​នេះ បានល្អ​ប្រសើរ​ជាង​លើក​មុន ពោលគឺ​មិនមាន​ការបើកចំហរ​ទេ។ រីឯ​ភាពមិនប្រក្រតី​ក៏​កើតមាន​តិចតួច​ជាង​​​ការពិនិត្យ​នៅ​ខេត្តក្រចេះ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន បាន​បញ្ជាក់ថា នៅ​ខេត្តបាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តឹងតវ៉ា ចំពោះ ២២៣ ការិយាល័យ​បោះឆ្នោត។ តែ​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​ឲ្យ​ពិនិត្យ​ផ្ទៀងផ្ទាត់​តែ ៨ ការិយាល័យ​ប៉ុណ្ណោះ។

ចំណែក​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន សមាជិក និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​អ្នកកាសែត​ថា កំណត់ហេតុ​នៃ​ការពិនិត្យ​កញ្ចប់​សុវត្ថិភាព នៃ​ការបោះឆ្នោត នៅ ៨ ការិយាល័យ​​បោះឆ្នោត នឹងត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ យកទៅ​ប្រជុំ​ពិនិត្យ មុននឹង​សម្រេច​បើកសវនាការ ដែល​មិនទាន់​កំណត់​ថ្ងៃ។

លោក អ៊ុត ឈន អះអាងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​ដោះស្រាយ​បណ្តឹង​បដិសេធ​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១៥៥ បណ្តឹង ធ្វើ​ឲ្យ​បាន​មុន​ថ្ងៃ​ដែល​គ.ជ.ប ត្រូវ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ។ គ.ជ.ប យ៉ាងយូរ​ត្រឹម​ថ្ងៃទី៨ ខែកញ្ញា ត្រូវ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ