អានតួអត្ថបទ
កម្ពុជា

គណ​បក្ស​ទាំង​ពីរ​អះអាង​ថា​ជំនួប​កំពូល ​ហ៊ុន​ សែន​-សម​ រង្ស៊ី ជា​ជោគ​ជ័យ​

ទោះ​បីជា​​ជំនួប​​កំពូល​​រវាង​​គណបក្ស​​​ប្រជា​ជន​​កម្ពុជា​​ និង​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ ក្រោម​​ព្រះ​រាជា​​ធិ​ប​​តី​​ភាព​​របស់​​ព្រះ​មហាក្ស​ត្រ​​កាល​ពី​​ព្រឹក​​មិញ​​នេះ ​​បាន​​ប្រព្រឹត្ត​​ទៅក្នុង​​រយៈ​ពេល​​ខ្លី​​ក៏ពិត​មែន​ ក៏ប៉ុន្តែ​ បើ​តាម​​ការ​បញ្ជាក់​​អះ​អាង​​របស់​​ភាគី​​ទាំង​ពីរ ​នេះ​​មិន​មែន​ជា​​បរាជ័យ​​ទេ។ ​ផ្ទុយ​ទៅ​វិញ​​ នេះ​​ជា​​ជំហាន​​វិជ្ជ​មាន​​មួយ។ ជំនួប​​កំពូល​​រវាង​​គណ​បក្ស​​ទាំង​ពីរ​​គ្រោង​​បើក​​ធ្វើ​​ម្តង​ទៀត​​ នៅ​​ថ្ងៃ​​ចន្ទ​​ដើម​​សប្តាហ៍​​ នៅឯ​​មន្ទីរ​​រដ្ឋ​សភា​ជាតិ។

រថ​យន្ត​ដឹក​ថ្នាក់​ដឹក​នាំ​គរថយន្ត​គណ​បក្ស​​នយោ​បាយ​​ធំៗ​​ទាំង​ពីរដែល​​​​ចូល​ប្រជុំ​នៅ​ព្រះ​បរម​រាជ​រាំង ​ក្រោម​អធិប​តីភាព​ព្រះ​មហាក្ស​ត្រ
រថ​យន្ត​ដឹក​ថ្នាក់​ដឹក​នាំ​គរថយន្ត​គណ​បក្ស​​នយោ​បាយ​​ធំៗ​​ទាំង​ពីរដែល​​​​ចូល​ប្រជុំ​នៅ​ព្រះ​បរម​រាជ​រាំង ​ក្រោម​អធិប​តីភាព​ព្រះ​មហាក្ស​ត្រ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ធ្វើ​ឡើងក្រោម​ព្រះរាជាធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ នៅ​ក្នុង​ព្រះបរមរាជវាំង​ នៅ​ព្រឹក​មិញ​នេះ​ បាន​បញ្ចប់​ទៅ​វិញ​ភ្លាមៗ​បន្ទាប់ពី​ដំណើរការ​កិច្ចប្រជុំ​យ៉ាង​ខ្លី​មិន​ដល់​កន្លះ​ម៉ោង​ផង។​ តើជំនួប​នេះជា​បរាជ័យ​ ឬ​ក៏​មាន​លទ្ធផល​ផ្លែផ្កា​ខ្លះ​ដែរ?

ជាបឋម ​គួររម្លឹក​បន្តិច​ថា​ ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ បាន​បើក​ធ្វើ​នៅ​ព្រឹក​មិញ​នេះ​នៅ​ក្នុង​ព្រះបរមរាជវាំង​ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ។​ ជំនួប​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី​ ព្រះអង្គ​បាន​កោះអញ្ជើញ​គណបក្ស​ទាំងពីរ​ឲ្យ​ចូល​ប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ក្រោយការ​បោះឆ្នោត​ ដែល​កំពុង​ជាប់គាំង។ ​ជំនួបកំពូល​នេះ ​មាន​សមាសភាព​ ៣នាក់​ម្ខាង។ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ លោក​ ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង​ និង​ លោក​ សាយ ឈុំ​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន។​

ចំណែក​ខាង​ភាគី​គណបក្ស​​សង្គ្រោះជាតិ​​​វិញ​ មាន​លោក​ សម​ រង្ស៊ី​ លោក​ កឹម សុខា​ ដែល​ជា​ប្រធាន ​និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​គួយ ប៊ុនរឿន​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ។

តាម​ពិត​ទៅ​ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ខ្លី​ ដោយ​គ្រាន់តែ​ប្រតិភូភាគី​ទាំងពីរ​ចូល​ក្នុង​ព្រះបរមរាជ​វាំង​​តែមួយ​ភ្លែត ​ក៏ស្រាប់​តែ​នាំ​គ្នា​ចេញ​មក​វិញ​រៀងៗ​ខ្លួន។ ​មើល​មួយ​ភ្លែតទៅ​ហាក់​ដូច​ជា​បរាជ័យ​មួយ​ហើយ ​ពីព្រោះ​ជា​ធម្មតា ​ជំនួប​ចរចា​គ្នា​គួរតែ​ធ្វើ​ឡើង​យូរពីព្រោះ​ភាគី​ទាំងពីរ​ត្រូវ​ការពិភាក្សា​គ្នា។ ​ប៉ុន្តែ ​បើ​ស្តាប់​តាម​អ្វី​ដែល​ភាគី​ទាំងពីរ​បានអះអាង​គឺ​ ជំនួប​នេះ​មិនមែន​ជា​បរាជ័យ​ទេ។​ បន្ទាប់​ពី​ចេញ​ពី​ជំនួប​នេះ​ លោក​ គួយ ប៊ុនរឿន​ បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​កាសែត​ថា​ នេះ​ជា​ជំហាន​វិជ្ជមាន​មួយ។ ចំណែក​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្គ្រោះជាតិ ​ក៏​បាន​ចាត់ទុក​ថា​ ជា​ជំហាន​មួយ​ដែរ​សម្រាប់​ការឈាន​ទៅ​ដោះស្រាយ​បញ្ហា​នយោបាយ។ ​លោក ​សម រង្ស៊ី ​អះអាងថា ​លោក​បាន​ទូលថ្វាយ​ព្រះមហាក្សត្រ​អំពី​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​ដូច​ដែល​គណបក្ស​នេះ​កំពុង​តវ៉ា។

ចំណែក​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ​លោក​ ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ​នេះ​ជា​ជោគជ័យ​មួយ​ធំ​សម្រាប់​ជំនួប​កំពូល​នេះ។​ ជោគជ័យ​ដោយ​ហេតុ​ថា​ ភាគី​ទាំងពីរ​បាន​ជួបគ្នា​នៅ​ចំពោះ​ព្រះភ័ក្ត្រព្រះមហាក្សត្រ​ ហើយ​បាន​សម្តែង​ពី​គោល​បំណង​រៀងៗ​ខ្លួន។ ​បើ​យោង​តាម​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ​ខេង​ ព្រះមហាក្សត្រ​បាន​សុំ​ឲ្យ​គណបក្ស​​ទាំងពីរ​ធ្វើការ​ជាមួយ​គ្នា ​ហើយ​​ជជែក​គ្នា​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា។​

គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​ថា​ នឹង​ជួបគ្នា​ថ្នាក់​កំពូល​ដដែល​នៅ​មន្ទីរ​រដ្ឋសភា​នៅថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ ​ដើម្បី​បន្ត​ពិភាក្សា​បញ្ហា​លម្អិត។​ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​ក្នុង​ជំនួប​នេះ​ដែរ​គឺ​ ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ចែក​លិខិត​កោះប្រជុំ​សភា​ដំបូង​ ដល់គណបក្ស​ទាំងពីរ។​ លិខិត​កោះ​អញ្ជើញ​អ្នកតំណាងរាស្ត្រ​ទាំង ​១២៣​ រូប​ ត្រូវ​បាន​ព្រះមហាក្សត្រ​ចែក​ជូន​ដល់ដៃ​គណបក្ស​ទាំងពីរ​ជា​ស្រេច​ ទៅ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ៦៨​ កៅអី ​និង​គណបក្ស​សង្គ្រោះជាតិ​ ៥៥​ កៅអី។

បើ​តាម​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​ជំនួប​នេះ​បាន​ធ្វើ​ឡើង​ដោយ​ខ្លី​ដោយ​សារតែ​ព្រះមហាក្សត្រ​ព្រះអង្គ​មិន​មែន​ជា​អ្នក​កាត់ក្តី​ទេ ​ដូច្នេះ​ព្រះអង្គ​មិន​ចង់​ស្តាប់​កិច្ច​ពិភាក្សា​រវាង​គណបក្ស​ទាំងពីរ​នូវ​បញ្ហា​លម្អិត​នោះ​ទេ។ ព្រះអង្គ​គ្រាន់តែ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ទាំងពីរ​ជួបគ្នា​បាន​ជួបគ្នា​តែ​ប៉ុណ្ណោះ។

ស្តាប់ទៅ​​ដូច​ជា​បញ្ហា​បាន​ធូរស្រាល​ហើយ​ ចុះ​បញ្ហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​វិញ​នៅ​តែ​បន្ត​ធ្វើ ​ឬ​ក៏ត្រូវ​ផ្អាក​សិន​ដើម្បី​រង់ចាំ​កិច្ចចរចា?

បញ្ហា​ហាក់​នៅ​មិនទាន់​ធូរស្រាល​ទេ។​ ជា​រូបភាព​វា​មាន​ការធូរស្រាល​ខ្លះ​ដែរ​ បន្ទាប់​ពីមាន​ជំនួប​កំពូល​នេះ ​យ៉ាងហោច​ណាស់​ក៏​ភាគី​ទាំងពីរ​បាន​ចាប់ដៃ​គ្នា​ និង​និយាយ​រក​គ្នាដែរ។ ​ប៉ុន្តែ​ គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ផ្អាក​គម្រោង​បាតុកម្ម​របស់​ខ្លួន​ទេ។ ​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​មិញ ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ប្រកាស​ថា​ បន្ត​ធ្វើមហាបាតុកម្ម​៣​យប់​ ៣​ថ្ងៃ ​ចាប់ពី​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​តទៅ។​ បាតុកម្ម​នេះ​ទៀត​សោត​​នឹង​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហើយ​នឹង​មាន​ការដើរ​ហែ​ក្បួន​ទៀតផង។​ ដូច្នេះ​ យើង​ឃើញ​ថា​ ស្ថានភាព​នៅ​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ​ទេ។

សូម​កុំភ្លេច​ថា​ ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ​តែ​បក្ស​ប្រឆាំង​នៅ​តែ​ជំនះ​ធ្វើ។ ​នេះ​ជា​ចំណុច​ប្រឈម​ទី១។ ​ទី២​ គេ​ពិត​ជា​ពិបាក​រំពឹង​ណាស់​ថា ​គណបក្ស​ទាំង​ពីរ​អាច​ស្រុះស្រួល​គ្នា​អំពី​ដំណោះស្រាយ​នយោបាយ​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ប្រកាន់​ជំហរ​ដោយ​ឈរ​លើ​លទ្ធផល​បោះឆ្នោត។ ​នេះ​ជា​ចំណុច​ប្រឈម​ដ៏​ធំមួយ​តែដដែល។​

យ៉ាងណា​ក៏ដោយ​ យើង​រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​ តើ​វា​នឹង​វិវឌ្ឍន៍​​ទៅ​បែប​ណា​ទៀត?​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ