អានតួអត្ថបទ
កម្ពុជា-ច្បាប់

សិទ្ធនារី៖ ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​តម្លៃ​លើ​ស្រ្តី

រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ខួប​លើក​ទី​១០៧ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ៨​មិនា​ក្រោម​ប្រធាន​​បទ “ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ”។​ ក្រៅ​ពី​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​រៀប​ចំ​ពិធី​នេះ​ដែរ ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​​គាំទ្រ​ដល់​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា។  

រូបតំណាងៈHuman Right Watch ​គ្រោង​ផ្សាយ​របាយការណ៍​មួយ​នៅដើមខែ​វិច្ឆិកានេះ​ស្តីពី​ការរំលោភ​សិទ្ធិស្ត្រី​កម្ពុជា​ដែលធ្វើការ​បម្រើ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​
រូបតំណាងៈHuman Right Watch ​គ្រោង​ផ្សាយ​របាយការណ៍​មួយ​នៅដើមខែ​វិច្ឆិកានេះ​ស្តីពី​ការរំលោភ​សិទ្ធិស្ត្រី​កម្ពុជា​ដែលធ្វើការ​បម្រើ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ក្រោម​ចំណង​ជើង​ថា សម្លេង​យើង​ដើម្បី​សម​ភាព​យេន​ឌ័រ ចុះ​ថ្ងៃទី​៧​មិនា​ម្សិល​មិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល​៤ រួមមាន​អង្គការ DCA មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​គណៈ​កម្មា​ធិការ​​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​លើ​ស្ត្រី​ភេទ(NGOCEDAW) មើល​ឃើញ​ថា ស្ត្រី​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ពី​អំពើ​ហិង្សា ដោយ​ស្ត្រី​មាន​ដៃ​គូរ​រហូត​ដល់​២៥​ភាគ​រយ​ធ្លាប់​ទទួល​រង​ការ​បំពារ​បំពាន​លើ​រូបរាង​កាយ និង​ផ្លូវ​ភេទ។

ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ស្ត្រី​ទូទៅ​នៅ​តែ​ប្រឈម​នឹង​ភាព​មិន​ស្មើ​គ្នា ហើយ​ពេល​​ខ្លះ​ពួក​គេ​ប្រឈម​នឹង​ការ​រើស​អើង​កាន់​តែ​ខ្លាំង​ពី​ក្រុម​គ្រួសារ និង​មជ្ឈដ្ឋាន​ខាងក្រៅ​ នៅ​ពេល​ពួក​គេ​ហ៊ាន​ក្រោក​ឈរ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​ដដែល។

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ហា​ស្ត្រី​អាច​ដោះ​ស្រាយ​បាន​លុះ​ណា តែ​មាន​ការ​ប្ដេ​ជ្ញា​ចិត្ត​ខ្លាំង​ក្លា និង​វិធាន​ការ​ជាក់​លាក់​ពី​សំណាក់​រដ្ឋាភិបាល​ដែល​មាន​ទំនួល​ខុស​ត្រូវក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​និង​សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេន​ឌ័រ។

នៅ​ក្នុង​ឱកាស​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែ​​នាំ​ទៅ​ស្ថាប័ន​រដ្ឋ ជំរុញ​សមត្ថភាព​ស្ត្រី និង​ផ្តល់​ការ​ងារ​ជូន​ស្ត្រី​ឲ្យ​មាន​ការ​កើន​ឡើង តាម​រយៈ​ការ​ដាក់ បេក្ខភាព​ស្ត្រី​នៅ​ក្នុង​តួនាទី ជា​រដ្ឋលេខា​ធិការ អនុ​រដ្ឋ​លេខាធិការ នៅ​តាម​ក្រសួង​នានា។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​រិះ​គន់​ស្ថាប័ន​រដ្ឋ​ខ្លះ​មិន​ផ្ដល់​ឱកាស​ការ​ងារ​ដល់​ស្ត្រី​ផង តែ​បែរ​ជា​ងាក​មក​បន្ទោស​ថា ស្ត្រី​ខ្វះ​ការ​សម្រេច​ចិត្ត​ទៅ​វិញ។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្ត្រី​តែង​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ផ្ទាល់​​ខ្លួន​ច្រើន និង​កាត់​បន្ថយ​បន្ទុក​គ្រួសារ​កាន់​តែ​ច្រើន។ នេះ​ក៏​ដោយ​សារ​តែ​ការ​លើក​កម្ពស់​ដល់​សមភាព​យេនឌ័រ គ្រប់​វិស័យ​នៅ​កម្ពុជា។

ចំណែក​នៅ​ក្នុង​ព្រះរាជ​សារ​របស់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ អង្គ​បាន​មាន​ព្រះរាជ​បន្ទូល ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ប្រឹង​ប្រែង​រួម​គ្នា​លើក​កម្ពស់​សីលធម៌ និង​វប្បធម៌​អហិង្សា​នៅ​តាម​គ្រួសារ​នី​មួយៗ ដើម្បី​ឲ្យ​ការ​រស់​នៅ​ក្នុង​សង្គម​កម្ពុជា​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ