អានតួអត្ថបទ
កម្ពុជា

សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ជា​គ្រោះថ្នាក់​គួរ​ឲ្យ​ព្រឺខ្លាច

ក្រុម​អ្នក​គីមី​វិទ្យា​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ ស្តីពី​សារធាតុ​គីមី​​ដ៏​គ្រោះថ្នាក់​ដែល​កំពុង​បង្កប់​ខ្លួន​ក្នុង​ចំណី​ អាហារ​ដែល​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា​​ក្នុង​ប្រទេស​កម្ពុជា។ ការ​បង្ហាញ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​មួយ​ដែល​មាន​រយៈ​​ពេល​ពីរ​ ថ្ងៃ​ហើយ​ដែល​ទើប​តែ​ចប់​នៅ​ថ្ងៃ​ទី​២០​សីហា​ម្សិលមិញ។​ ប្រឈម​មុខ​នឹង​​គ្រោះថ្នាក់​នេះ ​ក្រុម​អ្នក​មាន​ជំនាញ​ខាង​គីមី​វិទ្យា​បាន​រួមគ្នា​បង្កើត​សមាគម​មួយ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ។

© សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:23

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា

សុវត្ថិភាព​ចំណី​អាហារ​ គឺជា​ទុក្ខ​កង្វល់​ដ៏​ធំ​មួយ​របស់​ក្រុម​អ្នក​គីមីវិទ្យា​ បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​សារធាតុ​គីមី​ច្រើន​ប្រភេទ​ដែល​មាន​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព​កំពុង​​មាន​វត្តមាន​នៅ​ក្នុង​ចំណី​អាហារ​ដែល​គេ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។

         បន្លែ ​ត្រីសាច់ ​ត្រីងៀត ​សាច់ក្រក​ ប្រហិត ​សាច់ប៉ាតេ ​គុយទាវ មី និង​គ្រឿង​ឧបភោគ​​បរិភោគ​ជាច្រើន​ទៀត​សុទ្ធតែ​មាន​បង្កប់​ដោយ​សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់​ដល់​សុខភាព។​ វត្តមាន​ដ៏​គួរឲ្យ​ព្រឺខ្លាច​នៃ​សារធាតុ​គីមី​ដែល​មាន​ដូចជា​សារធាតុ​បូរ៉ាក់​ ហ្វ័រម៉ាលីន​ អាស៊ីត​សាលីស៊ីលីក ​និង​សំណល់​ថ្នាំ​គីមី​កសិកម្ម​ជាច្រើន​ទៀត​នៅ​ក្នុង​បន្លែ​ ផ្លែឈើ ​បាន​​បង្ហាញ​ពី​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នៃ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​សារ​ការ​ស្រូប​យក​​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ខ្លួន​ជារៀង​រាល់ថ្ងៃ​ដោយ​មិន​ដឹង​ខ្លួន។

         ក្រុម​អាជីវករ​ដែល​ជា​អ្នក​ផលិត ​និង​អ្នកលក់​ចំណី​អាហារ​ទាំង​នោះ​បាន​ប្រើ​​ប្រាស់​សារធាតុ​គីមី​ដើម្បី​បង្កើន​សោភណភាព​ក្នុង​បំណង​ទាក់ទាញ​អ្នកទិញ ​និង​ដើម្បី​​រក្សា​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​យូរ​មិន​ងាយ​រលួយ​ស្អុយ ​ប៉ុន្តែ​ ពួកគេ​មិន​បាន​គិត​ដល់​​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដែល​អ្នក​បរិភោគ​ត្រូវ​ទទួល​រង​នោះ​ឡើយ។ ​លោកស្រី​បណ្ឌិត​​ សៀង​ ហ៊ុយ ​នាយិកា​សមាគម​គីមី​កម្ពុជា​ដែល​ទើប​បង្កើត​ថ្មី​បាន​អះអាង​ថា​ការ​ប្រមូល​ផ្តុំ​គ្នា​នៃ​អ្នក​គីមីវិទ្យា​ និង​អ្នក​ជំនាញ​វិទ្យាសាស្រ្ត​នៅ​ក្នុង​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​បង្ហាញ​​ពី​គ្រោះថ្នាក់​នៃ​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ក៏​ដូច​ជា​ដើម្បី​កំណត់​ផែនការ​ការងារ​​របស់​សមាគម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​ពុល​ទាំង​នោះ។

         វត្តមាន​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ គឺជា​ក្តី​បារម្ភ​ជា​ទូទៅ​ និង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ ​កង្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធភាព​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បរិភោគ​​អាហារ​ដែល​មាន​សារធាតុ​គីមី​ជារៀង​រាល់ថ្ងៃ។ ​ជារឿយៗ ​គេតែង​ឃើញ​ភ្នាក់ងារ​​កាំកុងត្រូល​ចុះ​ពិនិត្យ​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា ​ប៉ុន្តែ ​វត្តមាន​ម្តងម្កាល​របស់​ពួកគេ​មិន​អាច​ទប់​ស្កាត់​សារធាតុ​គ្រោះថ្នាក់​នេះ​បាន​ឡើយ។

         ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ប្រឈម​មុខ​​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​នៅ​ពេល​អនាគត​ជា​ពិសេស​ជំងឺ​មហារីក​តែម្តង​នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​​នោះ​ពូន​ផ្តុំ​គ្នា​ជារៀង​រាល់ថ្ងៃ។​ វត្តមាន​របស់​សមាគម​គីមី​កម្ពុជា​ជាក្តី​សង្ឃឹម​មួយ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់នេះ។​ ប៉ុន្តែ​ ការ​ភ្ញាក់​រលឹក​របស់​អ្នក​ផលិត ​និង​​អ្នក​លក់​ទើប​ជា​ការ​ចាំបាច់​ដើម្បី​លុប​បំបាត់​សារធាតុ​គីមី​នៅ​ក្នុង​ចំណី​អាហារ​ឲ្យ​មាន​​ប្រសិទ្ធភាព៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ