អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​ត្រូវ​​រារាំង​​មិន​​ឲ្យ​​ជួប​​​សកម្មជន​​ជាប់​ឃុំ​​នៅ​​ថ្ងៃ​​ខួប ​៧​មករា​

អនុរក្ស​ពន្ធនាគារ​​ព្រៃ​ស​​នៅ​​មណ្ឌល​(ម១)​ នៅ​​ព្រឹក​​ថ្ងៃ​ពុធ​​នេះ មិ​ន​​​អនុញ្ញាត​​ឲ្យ​​តំណាង​រាស្ត្រ​ និង​មន្ត្រី​​គណបក្ស​​សង្គ្រោះ​ជាតិ ​បាន​​ចូល​ជួប​​សួរ​សុខ​ទុក្ខ​​សកម្មជន​​របស់​ខ្លួន ​និង ​ព្រះសង្ឃ​​ដែល​​កំពុង​​ជាប់​ឃុំ​​នៅ​​ទីនោះ​​ឡើយ ​បើ​ទោះបី​​មាន​​លិខិ​ត​អនុញ្ញាត​​ពី​​ព្រះ​រាជ​អាជ្ញា​រង​​តុលា​ការ​ក្រុង​​ភ្នំពេញ​​ក៏ដោយ​។ ​ក្រោម​​ហេតុផល​​ថា ​ជា​​ថ្ងៃ​​បុណ្យជាតិ ​៧ ​មករា ​អនុរក្ស​​ពន្ធនាគារ​​បាន​​ឲ្យ​​តំណាង​រាស្ត្រ ​និង ​មន្ត្រី​​បក្ស​ប្រឆាំង​​ត្រឡប់​​ទៅ​វិញ ​និង​​ឲ្យ​​មក​​សួរ​សុខទុក្ខ​​សារ​ជា​ថ្មី​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រ​ហ្ប​តិ៍​​ស្អែក​។​

លោកហូរ វ៉ាន់ ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​រារាំង​មិន​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជនរ​បស់​ខ្លួន​
លោកហូរ វ៉ាន់ ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​រារាំង​មិន​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជនរ​បស់​ខ្លួន​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​បន្ទាប់ពី​បាន​ចូលជួប​ជាមួយ​សកម្មជន​ដីធ្លី​ជា​ស្ត្រី​បឹងកក់​នៅ​មណ្ឌល(ម២) តំណាងរាស្ត្រ និង​មន្ត្រី​បក្សប្រឆាំង​ទាំងនោះ មិន​ត្រូវបាន​អនុរក្ស​ពន្ធនាគារ​នៅ​មណ្ឌល(ម១) ជាទី​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់ឃុំ​នោះ ឲ្យ​ចូលជួប​សួរសុខទុក្ខ​នោះទេ។ ដោយ​ទាញ​របង​បន្លា​លួស​បិទ ច្រកទ្វារ​ចូលទៅ​ខាង​ពន្ធនាគារ អនុរក្ស​ម្នាក់​បាន​ថ្លែងប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​បក្សប្រឆាំង​ថា មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ដោយសារតែ​ថ្ងៃនេះ ជា​ថ្ងៃ​ខួប ៧មករា ដែលជា​ថ្ងៃ​ឈប់សម្រាក។

លោក​ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា និង​ជា​តំ​ណា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹកនាំ​តំណាងរាស្ត្រ និង​មន្ត្រី​បក្សប្រឆាំង​ផ្សេងទៀត​ចុះទៅ​សួរសុខទុក្ខ​នោះ បាន​ហៅ​ទង្វើ​រារាំង​នោះ​ថា ជា​ចេតនា​មិន​ចង់​ឲ្យ​ក្រុម​លោក​បាន​ជួប​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

គួរ​កត់សម្គាល់ថា មិនមែន​តែ​មណ្ឌល(ម១)នេះ​ទេ​ដែល​អនុរក្ស​មិន​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចូលជួប​សកម្មជន​រប​ស់​ខ្លួន​នោះ ប៉ុន្តែ​សូម្បី​នៅ​មណ្ឌល(ម២)ជាទី​ដែល​ស្ត្រី​អ្នកភូមិ​បឹងកក់​កំពុង​ជាប់ឃុំ ក៏​អនុរក្ស​នៅ​ទីនោះ​រារាំង​មិន​ចូល​ផងដែរ​ក្រោម​ហេតុផល​ដូចគ្នា។ ប៉ុន្តែ​ក្រោយមក បានអនុញ្ញាត​ឲ្យ​ចូល​វិញ​បន្ទាប់​សម្របសម្រួល​ជាមួយ​អ្នកគ្រប់គ្រង​មណ្ឌល​នោះ។

ប្រឈម​នឹង​បញ្ហា​នេះ លោក​ហូរ វ៉ាន់ ដែលមាន​លិខិតអនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​ពី​ព្រះរាជអាជ្ញារង​តុលាការក្រុង​ភ្នំពេញ​ក្នុង​ដៃ​ផង​នោះ បាន​សម្តែង​នូវ​ការងឿងឆ្ងល់​ថា តើ​អ្នកណា​ដែលមាន​សិទ្ធិអំណាច​ពិតប្រាកដ​ក្នុងការ​អនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​បាន ? ហើយ​លោក​ក៏បាន​សម្តែង​ការមិនយល់​ពី​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​នៅក្នុង​ពន្ធនាគារ​នេះនោះ​ដែរ ។ មិន​យល់​ព្រោះថា លោក​មាន​លិខិតអនុញ្ញាត​ពី​ចៅ​ក្រុម ពី​ព្រះរាជអាជ្ញា​ហើយ តែ​បែរជា​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅវិញ ដោយ​អះអាងថា ជា​ថ្ងៃ​ឈប់សម្រាក។ លោក​ហូរ វ៉ាន់ ក៏បាន​ចោទសួរ​ទៅ​អនុរក្ស​នោះ​ថា តើ​ចៅក្រម ព្រះរាជអាជ្ញា​ទាំងនោះ​មិនដឹងថា ថ្ងៃនេះ គឺជា​ថ្ងៃ​ឈប់សម្រាក​ទេ​ឫ​យ៉ាងណា? យ៉ាងណាក៏ដោយ មិនមាន​ការពន្យល់​លម្អិត​ពី​សិទ្ធិអំណាច​ខុសគ្នា​រវាង​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​ពន្ធនាគារ ជុំវិញ​ការអនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​អ្នក​កំពុង​ជាប់ឃុំ​នោះឡើយ។

សូមបញ្ជាក់ថា តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​នៅ​ព្រឹក​ពុធ​ថ្ងៃទី៧ មករា​នេះ បាន​ចុះទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចូល​សួរសុខទុក្ខ​សកម្មជន​ដីធ្លី​ដែលជា​ស្ត្រី​អ្នកភូមិ​បឹងកក់ ព្រះ​ស​ង្ឈ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៥ នាក់​ទៀត​ដែល​កំពុង​ជាប់ឃុំ។ និយាយ​ដោយឡែក​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៥នាក់​នោះ ក្រុមតំណាងរាស្ត្រ និង​មន្ត្រី​បក្សប្រឆាំង​មានបំណង​ចុះទៅ​លើកទឹកចិត្ត​ពួកគេ​មុននឹង​ឡើង​តុលាការ។

តាម​គម្រោង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៨មករា ឆ្នាំ២០១៥ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សវនាការ​លើ​សំណុំរឿង​កើតមាន​អំពើ​ហ​ង្សា​នៅក្បែរ​ទីលាន​ប្រជា​ធិ​ប​ត្យេ​កាល​ទី​ថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤កន្លងទៅ ដែលមាន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន១១ នាក់​ជា​ជនជាប់ចោទ។ ក្នុងនោះ៥ នាក់​រួមទាំង​លោកមា​ជ សុវណ្ណារ៉ា​ផង ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស និង ៦ នាក់​ផ្សេងទៀត​ត្រូវបាន​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ