អានតួអត្ថបទ
កម្ពុជា

ប្រមុខ​​បក្ស​​កាន់​អំណាច ​យក​​ថ្ងៃ​៧​មករា ​ផ្ញើ​សារ​​នយោបាយ​​ដល់​​បក្ស​ប្រឆាំង​​ឲ្យ​​ចៀស​វាង​​ការ​ប្រើ​​វោហា​​រ​សាស្ត្រ​​​វាយ​​ប្រហារ​ ​និង​​ប្រឌិត​​បញ្ហា​

ក្នុង​​ពិធី​មិ​ទ្ទិញ ​រំឭក​ខួប​​ទី៣៦ ​នៃ​​ទិវា​​ជ័យ​ជម្នះ ​ថ្ងៃ៧​មករា ​នា​​ព្រឹក​​ថ្ងៃ​​ពុធ​​នេះ ​លោក​​ហេង ​​សំរិន ​ប្រធាន​កិត្តិយស​​គណបក្ស​​ប្រជាជន​​កម្ពុជា ​បាន​ប្រកាសថា​ គណបក្ស​​ប្រជាជន​​កម្ពុជា ​បញ្ជាក់​​ជាថ្មី​​នូវ​​គោល​ជំហរ​ អនុវត្ត​​កិច្ច​ព្រមព្រៀង​​នយោបាយ​​ជាមួយ​​គណបក្ស​​សង្គ្រោះ​ជាតិ​។​ ក្នុង​នោះ​​ប្រមុខ​​គណបក្ស​កាន់អំណាច ​ក៏​​សង្ឃឹម​ថា ​ឥស្សរជន​នយោបាយ​​ទាំង​ឡាយ នឹង​មាន​​ភាព​​ប្រយ័ត្ន​ប្រយែង​​ក្នុង​​ការ​ធ្វើ​​សេចក្តី​ថ្លែងការណ៍​​ជា​​សាធារណៈ​ផ្សេងៗ ​ឲ្យ​​មាន​​ប្រយោជន៍​​ដល់​​ការ​អនុវត្ត​​កិច្ចព្រមព្រៀង​​នេះ​ ដោយ​​ចៀស​វាង​​ការ​ប្រើ​​វោហា​រ​សាស្ត្រ​​វាយប្រហារ ​និង​​ប្រឌិត​​បញ្ហា​។​ លោក ​ប៉ុល​ ហំ​ម​ ប្រធាន​ស្តីទី ​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​​សម្តែង​​ការ​ស្វាគមន៍ ​ហើយ​​បន្ត​​អនុវត្ត​​កិច្ចព្រមព្រៀង ​និង​​លើក​កម្ពស់​​វប្បធ​ម៌​​សន្ទនា​​​រវាង​​គណបក្ស​​ទាំង​ពីរ​។

លោកហេង ​សំរិន ​ប្រធាន​កិត្តិយ​ស​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​៧​មករា​
លោកហេង ​សំរិន ​ប្រធាន​កិត្តិយ​ស​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​៧​មករា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ព្រឹក​ថ្ងៃ៧មករា ខួប​លើក​ទី៣៦ នៃ​ទិវា​ជ័យជម្នះ ថ្ងៃ៧មករា លោក​ហេង ​សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការលើកកម្ពស់​វប្បធម៌​សន្ទនា​រវាង​គ្រប់ភាគី គឺជា​វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈមផ្សេងៗ នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នីយកម្ម​របស់​កម្ពុជា។ ក្នុង​ស្មារតី​នេះ គណបក្ស​ប្រជាជន​កម្ពុជា សូមបញ្ជាក់​ជាថ្មីទៀត​នូវ​គោលជំហរ​ប្រកបដោយ​សុ​ឆន្ទៈ និង​ភាពស្មោះត្រង់ ក្នុងការ​អនុវត្ត​រាល់​ប្រការ ដែល​បានលើកឡើង​នៅក្នុង​សេចក្តីប្រកាសស្តីពី លទ្ធផល​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បី​ធានា​អនុវត្ត​ឲ្យ​បានសម្រេច​ពេញលេញ​នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង រវាង​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

ទន្ទឹមនឹងនេះ លោក​ហេង​ សំរិន ក៏​សង្ឃឹមថា ឥស្សរជន​នយោបាយ​ទាំងឡាយ នឹងមាន​ភាព​ប្រយ័ត្នប្រយែង ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈផ្សេងៗឲ្យ​មាន​ប្រយោជន៍​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ដោយ​ចៀសវាង​ការប្រើ​វោហា​រសាស្ត្រ​វាយប្រហារ និង​ប្រឌិត​បញ្ហា ដែល​គ្មាន​ចំណេញ​អ្វី​ដល់​សភាពការណ៍​ទូទៅ​នោះ។

ជា​សារ​នយោបាយ ដែល​ត្រូវបាន​លោកប៉ុល ហំ​ម ប្រធាន​ទី​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ស្វាគមន៍​ភ្លាម។ តាម​លោកប៉ុល ហំ​ម គណបក្ស​សង្គ្រោះ​ជាតិ មានបំណង ហើយ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឹងម៉ាត់​ថា នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នយោបាយ​នោះ អាច​សម្រេច​ទៅបាន ហើយ​និង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនមែន​ដើម្បី​តែ​ជា​ផលប្រយោជន៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។

យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជំរុញ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​នយោបាយ ដោយ​ត្រូវ​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចាប់ខ្លួនថ្មីៗនេះ បើទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការចាប់​ឃុំខ្លួន និង​កាត់ទោស​អ្នក​ទាំងនោះ ថា​ជា​រឿង​របស់​តុលាការ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ