គណៈអចិន្ត្រៃយ៍អតីតបក្សប្រឆាំងតម្រូវឱ្យលោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មិនឲ្យផុតឆ្នាំ២០១៩
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៨ ខែមិថុនា ត្រូវនឹងយប់រំលងអធ្រាតឈានចូលថ្ងៃទី០៩ មិថុនាម៉ោងនៅកម្ពុជា បានជួបប្រជុំគ្នាជាថ្មី នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីរៀបចំយុទ្ធសាស្ត្រឱ្យលោកសម រង្ស៊ី វិលត្រឡប់មកកាន់ប្រទសកម្ពុជាវិញ។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចតម្រូវឱ្យលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ មិនឱ្យផុតពីឆ្នាំ២០១៩នេះឡើយ។ ប៉ុន្តែកន្លងមក លោកសម រង្ស៊ី ធ្លាប់បានអះអាងថា លោកនឹងចូលស្រុកវិញ ក្រោយពេលអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៥
លោក សម រង្ស៊ី ត្រូវតែចូលមកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេះ ដោយមានការអមដំណើរពីសំណាក់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស អ្នកការទូត ក៏ដូចជាអ្នកតំណាងរាស្ត្របរទេសដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នេះគឺជាការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រោះជាតិដែលមានសមាជិក៧រូបចូលរួម នៅសហរដ្ឋអាមេរិក។ លោកអ៊ំ សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតបក្សប្រឆាំងបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិបន្ថែមថា គណៈអចិន្ត្រៃយ៍បានកំណត់ឱ្យលោកសម រង្ស៊ី ត្រូវចូលមកស្រុកវិញដោយអនុវត្តគោលការណ៍អហិង្សា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។
ចំពោះការវិលត្រឡប់របស់លោកសម រង្ស៊ី នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ម្តងជាពីរដងធ្លាប់បានគូសបញ្ជាក់ថា អ្នកណាមកជាមួយលោកសម រង្ស៊ី ក៏បានដែរ តែអាជ្ញាធរកម្ពុជាវាយខ្នោះតែលើលោកសម រង្ស៊ី ម្នាក់តែប៉ុណ្ណោះតាមដីការបស់តុលាការ។ បើតាមលោកប្រមុខរដ្ឋាភិបាលកម្ពុជា អាជ្ញាធរកម្ពុជាបានត្រៀមខ្លួនរាល់រួចអស់ហើយ ដើម្បីទទួលដំណើរលោកសម រង្ស៊ី បញ្ជូនទៅកាន់ពន្ធនាគារ នៅពេលណាដែលលោកសម រង្ស៊ីមកដល់ប្រទេសកម្ពុជា។
ប៉ុន្តែលោកសម រង្ស៊ី វិញ បានប្រកាសតបទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា លោកមកកម្ពុជានៅក្នុងឆ្នាំនេះ មិនមែនមកឱ្យអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួននោះទេ។ ផ្ទុយទៅវិញ គឺលោកមកដើម្បីចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។ ការមកវិញនេះ គឺលោកសម រង្ស៊ី កំណត់ថា នឹងធ្វើឡើងក្រោយពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ពេលនោះ លោកយល់ថា កម្មករនិយោជិតនឹងងើបប៉ះបោរប្រឆាំងរដ្ឋាភិបាលចំពោះបញ្ហានេះ ដែលជាពេលអំណោយផលបំផុតដល់រូបលោកដើម្បីចូលមកដឹកនាំការផ្លាស់ប្តូរនៅកម្ពុជា។
បើទោះបីលោកសម រង្ស៊ី បង្ហាញយុទ្ធសាស្ត្របែបនេះក្តី ប៉ុន្តែគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ពុំទាន់បានកំណត់ឱ្យជាក់លាក់ពីកាលបរិច្ឆេទដែលលោកសម រង្ស៊ីត្រូវចូលមកកម្ពុជានៅឡើយ។ បើតាមលោកអ៊ំ សំអាន នេះ គឺដោយសារតែគណៈកម្មាធិការអចិន្ត្រៃយ៍រង់ចាំឱ្យមានស្ថានភាពគាំទ្រខ្លាំងពីក្នុងស្រុក និងអន្តរជាតិជាមុនសិន ទើបអាចអនុវត្តគម្រោងចូលមកកម្ពុជាវិញនេះបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ