អានតួអត្ថបទ
កម្ពុជា

លោក​​សម រង្ស៊ី​​និង​​លោក​​ហ៊ុន សែន ​ចោទ​​គ្នា​​ទៅវិញ​ទៅ​មក​​ថា ​ជា​​ភេរ​វករ​

ម្សិលមិញ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក​សម រង្ស៊ី ពី​ក្រៅប្រទេស​បាន​សរសេរ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ជា​មេក្រុម​ភេរវ​ករ​នៅក្នុង​ជួរ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ការចោទប្រកាន់​នេះ គឺជា​ការឆ្លើយតប​រប​ស់លោក​សម រង្ស៊ី​ទៅកាន់​លោក​ហ៊ុន សែន ដែល​បានចាត់ទុក​លោក​ថា​ជា​ភេរ​វករ​នៅក្រៅ​ប្រទេស។ លោកនាយក​រដ្ឋមន្ត្រី​បានចាត់ទុក​លោក​សម រង្ស៊ី ដូច្នេះ ដោយសារ​អតីត​មេបក្ស​ន្រ​ឆាំង​រូបនេះ​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​ហៅថា ជា​អង្គការ​ភេរវកម្ម។

លោក​សម រង្ស៊ី ​និង ​លោក​ហ៊ុន សែន ​ពេល​នៅ​​ផ្អែមល្ហែមនឹង​គ្នា​
លោក​សម រង្ស៊ី ​និង ​លោក​ហ៊ុន សែន ​ពេល​នៅ​​ផ្អែមល្ហែមនឹង​គ្នា​ @សហការី
ផ្សាយពាណិជ្ជកម្ម

គេ​នៅចាំ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​ជា​លើកដំបូង​ទៅលើ​ចលនា​សង្គ្រោះ​ជាតិ​របស់លោក​សម រង្ស៊ី។ គឺ​នៅពេលនោះ​ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ចោទប្រកាន់​លោក សម រង្ស៊ី ថា ជា​ភេរ​វករ ហើយ​លោក​ប្តេជ្ញា​ថា​នឹង​តាម​ចាប់ខ្លួន​លោក​សម រង្ស៊ី ឲ្យ​ទាល់តែ​បាន។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​លោក​សម រង្ស៊ី​ដែរ​ថា កុំ​ឲ្យ​ចូលមកក្នុង​តំបន់​អាស៊ី​ឲ្យ​សោះ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ស្នើ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ប្រទេស​ផ្សេង ដើម្បី​ចាប់ខ្លួន​លោក​សម រង្ស៊ី។

មួយថ្ងៃ​ក្រោយមក ពោល គឺ​កាលពី​ថ្ងៃ​សុក្រ លោក​សម រង្ស៊ី ដែល​ធ្លាប់​ធ្វើជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ហ្វេ​ស​ប៊ុ​ក បាន​វាយបក​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន វិញ ដោយ​ប្រើពាក្យធ្ងន់ៗថា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី “ឈប់​ឆ្កួត​ទៅ” ដែល​មក​ចោទ​លោក​ថា ជា​ភេរ​វករ​នោះ។ អតីត​ប្រមុខ​បក្សប្រឆាំង​កម្ពុជា​រូបនេះ បាន​អះអាងថា បើ​លោក​ជា​ភេរ​វករ​មែន​នោះ មិនមែន​ឥស្សរជន​ជាន់ខ្ពស់​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទ្វីបអឺរ៉ុប​រាប់អាន​លោក និង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​លោក​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​នោះទេ។

លើសពីនេះទៅទៀត លោក​សម រង្ស៊ី ថែមទាំង​ចោទ​លោក​ហ៊ុន សែនចំៗវិញ​ថា ជា​ឃាតករ និង​ជា​មេក្រុម​ភេរ​វករ​នៅក្នុង​ជួរ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ដែល​លោក​សម រង្ស៊ី ចោទថា បានសម្លាប់​មនុស្ស​ជាច្រើន។ ការសម្លាប់​មនុស្ស​ជាច្រើន​នេះ លោក​សម រង្ស៊ី​ចង់​សំដៅ​ទៅលើ​ការបង្កើត​ឲ្យ​មាន​ផែនការ​ក៥ និង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ក្នុង​ហ្វូង​បាតុករ​នៅមុខ​រដ្ឋសភា​ចាស់​កាល​ពីថ្ងៃ៣០ មិនា ឆ្នាំ១៩៩៧ ដែល​ព្រឹត្តិការណ៍​នេះ សម្រាប់​លោក​សម រង្ស៊ី គឺជា​អំពើ​ភេរវកម្ម។ មួយទៀត លោក​សម រង្ស៊ី​ក៏​ចង់​សំដៅ​ទៅលើ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​នៅក្នុង​ខែកក្កដា ឆ្នាំ១៩៩៧ផងដែរ ដែល​លោក​ចាត់ទុកថា ជា​រដ្ឋប្រហារ។ ដោយ​ចោទ​លោក​ហ៊ុន សែន ដូច្នេះ លោក​សម រង្ស៊ី អះអាងថា លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​នឹង​គេ​យក​កាត់ទោស​ចំពោះមុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុងពេល​ឆាប់។

សូមបញ្ជាក់ថា ដើមហេតុ​ដែល​នាំ​ឲ្យ​អ្នកនយោបាយ​ជើងចាស់​ទាំងពីរ​ដែល​ធ្លាប់​ទាក់ទង​គ្នា​ផ្អែមល្ហែម កាលពី​ឆ្នាំ២០១៤ ត្រឡប់មក​ចោទ​គ្នា​ទៅវិញទៅមក​ថា​ជា​ភេរ​វករ​នេះ គឺ​ដោយសារតែ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ។ តាម​លោក​សម រង្ស៊ី ចលនា​នេះ នឹងធ្វើ​សកម្មភាព​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ចលនា​នេះ​ថា អង្គការ​ឧទ្ទាម​ក្រៅច្បាប់ និង​ជា​អង្គការ​ភេរវកម្ម ដែល​ត្រូវ​កំទេចចោល​ភា្ល​ម​ប្រសិន​ហ៊ាន​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ