អានតួអត្ថបទ
កម្ពជា

UN ​ចាត់ទុក​​ការ​ឃុំខ្លួន​​លោក​​កឹម សុខា ​ថា​​ធ្វើឡើង​​ដោយ​​បំពាន​ច្បាប់​និង​​ទាមទារ​​ឲ្យ​​ដោះលែង​​ជាប​ន្ទាន់​

ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន (WGAD) បានចាត់ទុក​ការឃុំខ្លួន​លោក​កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើឡើង​ដោយ​បំពាន​ច្បាប់។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​កម្ពុជា​ទើបបាន​សម្រេច​បន្ត​ឃុំ​លោក​កឹម សុខា រយៈពេល៦ខែ​ទៀត​ក្នុង​ពន្ធនាគារ។ ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន បានទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​របស់​ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន (WGAD) នេះ គឺជា​ការឆ្លើយតប​ទៅនឹង​បណ្តឹង​របស់​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ជុំវិញ​ការឃុំខ្លួន​លោក​កឹម សុខា ពី​សំណាក់​តុលាការ​កម្ពុជា។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ចុះ​ថ្ងៃទី៩ ឧសភា ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន (WGAD) បាន​ហៅ​ការចាប់ខ្លួន និង​ឃុំខ្លួន​លោក​កឹម សុខា ថា​ជា​រឿង​នយោបាយ នៅក្នុង​បរិបទ​នៃ​ការលេចឡើង​នៃ​និន្នាការ​បង្ក្រាប​លើ​អ្នក​រិះគន់​កាន់តែខ្លាំង​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា នៅមុន​ការបោះឆ្នោត​មកដល់។

លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​កាលពីដើម​ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​បទ​ចោទ​ក្បត់ជាតិ។ តុលាការ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ច្រានចោល​ការស្នើសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​របស់លោក កឹម សុខា ហើយ​ចុង​ក្រោយនេះ តុលាការ​កំពូល​ទើបបាន​សម្រេច​បន្ត​ការឃុំ​លោក​រយៈពេល៦ខែ​ទៀត​នៅក្នុង​ពន្ធនាគារ។ ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន បានចាត់ទុក​ការចាប់ខ្លួន និង​ឃុំខ្លួន​លោក​កឹម សុខា ធ្វើ​ដោយ​បំពាន​ច្បាប់ ហើយ​បទ​ចោទ​ទៀតសោត ក៏​មិន​ច្បាស់លាស់​ថែមទៀត។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​អះអាងថា ការចាប់​ខ្លូន ការឃុំខ្លួន និង​ការចោទប្រកាន់​លោក​កឹម សុខា គឺធ្វើឡើង​ត្រឹម​ត្រូវបាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា។ តាម​លោក​សុខ ឥសាន ការចោទប្រកាន់​របស់​ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន​នេះ គឺធ្វើឡើង​ដោយ​យល់ច្រឡំ និង​មិន​យល់​ពី​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា។ ក៏ប៉ុន្តែ ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន​បាន​វាយតម្លៃថា ការឃុំខ្លួន​លោក​កឹម សុខា គឺ​កើតចេញពី​ការអនុវត្ត​សិទ្ធិ​របស់គាត់ ដើម្បី​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា។ រីឯ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) វិញ អះអាងថា លោក​កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​ការតស៊ូ​របស់លោក ដើម្បី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។

លោកស្រី Debbie Stothard អគ្គលេខាធិការ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) បាន​អះអាងថា ការឃុំខ្លួន​មុន​សវនាការ​លើ​លោក​កឹម សុខា​អស់​រយៈពេល៨ខែ​មកនេះ មិន​ត្រឹមតែ​ធ្វើឡើង​ដោយ​បំពាន​ទេ តែ​ក៏​ជា​រឿង​ដ៏​អាម៉ាស និង​អមនុស្សធម៌​ផងដែរ។ សម្រាប់​លោកស្រី Debbie Stothard អាជ្ញាធរ​ត្រូវតែ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់​ជាមួយ​សមាជិក និង​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ផ្សេងទៀត។ ចំណែក​ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន​វិញ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ផ្តល់ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ការ​ប៉ះប៉ូវ​ផ្សេងទៀត​ដល់​លោក​កឹម សុខា ចំពោះ​ការឃុំខ្លួន​ដោយ​បំពាន​នេះ ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ