អានតួអត្ថបទ
កម្ពុជា

សមាគម​ខ្មែរ​​ពីរ​​នៅ​​ណូ​វ៉ែល​ហ្សេ​ឡង់​​ប្រកាស​​គាំទ្រ​​ការ​រំលាយ​​បក្ស​ប្រឆាំង​ ខណៈ​​ពលរដ្ឋ​​ផ្សេង​ទៀត​​គ្រោង​​ធ្វើ​បាតុ​កម្ម​

សមាគម​ពលរដ្ឋ​ខ្មែរ​ចំនួន២ នៅ​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​កាលពី​ថ្ងៃទី៩ ធ្នូ បានដាក់​លិខិត​មួយ​ទៅកាន់​លោក​Trevor Mallard ប្រធានរដ្ឋសភា​ប្រទេស​នេះ​ដោយ​រៀបរាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ សម្រាប់​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​នេះ ការសម្រេច​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល គឺ​បាន​ធ្វើឡើង​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា។ ការចេញមុខ​មក​គាំ​ទ្រនេះ ធ្វើឡើង​មុនពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ណូ​វ៉ែល​ហ្សេ​ឡង់​ផ្សេងទៀត​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី១២ ធ្នូ​ខាងមុខ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ @the cambodia daily
ផ្សាយពាណិជ្ជកម្ម

សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​នេះ រូ​ម​មាន​សមាគមយុវជន​ខ្មែរ​នៃ​រដ្ឋ​វែ​ល្លីង​តុ​ន(Wellington) និង សមាគម​ខ្មែរ ហា​មិ​ល​តុ​ន-ភ្នំពេញ។ សមាគម​ទាំងពីរ បានចាត់ទុក​ការសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​កម្ពុជា​ថា ជា​បុព្វសិទ្ធិ​របស់​កម្ពុជា​ក្នុងការ​អនុវត្ត​ច្បាប់​របស់ខ្លួន ដើម្បី​ធានាថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​គោរព។ សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង២ ក៏បាន​បញ្ជាក់ប្រាប់​លោក​ប្រធានរដ្ឋសភា​ណូ​វ៉ែល​ហ្សេ​ឡង់​ដែរ​ថា ក្នុងនាម​ពលរដ្ឋ​ខ្មែរ​ណូ​វ៉ែល​ហ្សេ​ឡង់ ពួកគេ​សូម​ប្រកាន់ខ្ជាប់ និង​គោរព​តាម​គោលការណ៍​របស់​ប្រទេស​ដែល​ប្រកាន់យក​នូវ​នីតិរដ្ឋ ដើម្បី​ធានាបាន​នូវ​ការបន្ដ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​យន្ដការ​នៃ​ការអនុវត្ត​ច្បាប់​ដ៏​តឹងតែង​ក្នុង​ការធានា​រក្សាបាន​នូវ​សន្ដិភាព ស្ថេរភាព សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សង្គម សម្រាប់​ប្រជាជន និង​សង្គម​កម្ពុជា។

ជា​កត់សម្គាល់ថា ការចេញ​មុខមក​ប្រកាស​ការពារ​ចំណាត់ការ​របស់​តុលាការ​កំពូល​កម្ពុជារ​បស់​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ពេលនា​នេះ បានធ្វើ​ឡើង​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​ផ្សេងទៀត គ្រោង​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១២ ធ្នូ​ខាងមុខ។ ជា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​ដំណើរការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី​មួរ សុខ​ហួរ ដែលជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ចំពោះ​គម្រោង​បាតុកម្ម​នេះ សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ បាន​ចាត់ទុកថា ជាការ​រៀបចំឡើង​ដោយ​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ គឺ​ពុំ​ឆ្លុះបញ្ចាំង​នូវ​ទស្សនៈ​ឫ​គំនិត​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ណូ​វ៉ែល​ហ្សេ​ឡង់​ទាំងមូល​នោះឡើយ។

សូម​រំលឹក​ឡើងវិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ថ្ងៃទី១៦ ខែ​វិច្ចិកា ក្រោម​ការរិះគន់​យ៉ាង​សម្បើម​ដៃ​ពី​សំណាក់​មជ្ឈដ្ឋាន​ក្នុងស្រុក​និង​អន្តរជាតិ​ដោយបាន​សម្តែង​ទាំង​ការព្រួយបារម្ភ​ផង និង​ព្រមាន​ចាត់វិធានការផ្សេងៗផង បើសិន​ស្ថានភាព​នយោបាយ​មិន​ធូរស្រាល។ ក្នុងនោះ សហរដ្ឋអាមេរិក បាន​ចេញមុខ​ចាត់វិធានការ​មុនគេ ដោយបាន​សម្រេច​បញ្ឈប់​ការ​ផ្តល់ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា និង បានប្រកាស​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​ចំពោះ​ការរួមចំណែក​បង្កើត​ឲ្យ​មានរឿង​រ៉ាវ​នេះ ដែល​អាមេរិក​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ