អានតួអត្ថបទ
កម្ពុជា

លោក​​ ជាម​​ យៀប៖​​ អភិបាល​​ខេត្ត​​មួយ​​ចំនួន​​នឹង​​ឈរឈ្មោះ​​ជា​​បេក្ខជន​​តំណាង​​រាស្ត្រ​​

គណបក្ស​នយោបាយ ​កំពុង​រៀបចំ​សមាភាព​បេក្ខជន​តំណាង​រាស្ត្រ​របស់​ខ្លួន។ គណបក្ស​ប្រជាជន​កម្ពុជា​​​កំពុង​កាន់​អំណាច ​ក៏​កំពុង​រៀបចំ​សមាសភាព​នេះ​ដូច​គ្នា​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ ជាម យៀប ​បាន​ថ្លែង​អោយ​ដឹង​ថា អភិបាលខេត្ត​មួយ​ចំនួន​នឹង​ត្រូវ​ចូល​និវត្តន៍ ហើយ​ថា អ្នក​មាន​សមត្ថភាព ​នឹង​ត្រូវ​គណបក្ស​អនុញ្ញាតិ​អោយ​ធ្វើ​ការងារ​បន្ត ដោយ​​​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាង​រាស្ត្រ។

គណបក្ស​ប្រជាជន​នឹង​អនុញ្ញាត​អោយ​មន្ត្រី​ថ្នាក់​ដឹកនាំ ​ថ្នាក់​ខេត្ត​ដែលនៅ​​មាន​សមត្ថភាព​​​ធ្វើ​ការងារ​​ អាច​បន្ត​ធ្វើ​ការងារ​បាន។
គណបក្ស​ប្រជាជន​នឹង​អនុញ្ញាត​អោយ​មន្ត្រី​ថ្នាក់​ដឹកនាំ ​ថ្នាក់​ខេត្ត​ដែលនៅ​​មាន​សមត្ថភាព​​​ធ្វើ​ការងារ​​ អាច​បន្ត​ធ្វើ​ការងារ​បាន។ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខែ​ឧសភា​ ខាង​មុខ​នេះ ថ្នាក់​ដឹកនាំ​ខេត្ត​មួយ​ចំនួនរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ​​ដែល​ដល់​អាយុ​ចូល​និវត្តន៍ ​នឹង​ត្រូវ​រៀបចំ​ឯកសារ​ចូល​និវត្តន៍។ ហើយ​ថា​ក្នុង​ចំណោម​នោះ នឹង​មាន​សមាសភាព​ខ្លះ​ដែល​នឹង​ត្រូវ​ឈរ​​ឈ្មោះ​ជា​បេក្ខភាព​តំណាង​រាស្ត្រ ​នីតិកាល​ទី​៥ ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​​អះអាង​របស់​លោក ​ជាម យៀប សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​នៅ​ថ្ងៃ​ចន្ទ​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ប្រជាជន​នឹង​អនុញ្ញាត​អោយ​មន្ត្រី​ថ្នាក់​ដឹកនាំ ​ថ្នាក់​ខេត្ត​ដែល​មាន​សមត្ថភាព​​​ធ្វើ​ការងារ​បាន​ទៀត អាច​បន្ត​ធ្វើ​ការងារ​បាន។ លោក​ ជាម យៀប ​ចង់​មាន​និយាយ​អំពី​សមាសភាព​ខ្លះ​ដែល​គណបក្ស​អនុញ្ញាត​អោយ​ឈរ​​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នោះ​ឯង។ ដោយឡែក ​ចំពោះ​អ្នក​មិន​មាន​សមត្ថភាព​​ទេ​នោះ ពួក​គេ​នឹង​ត្រូវ​ចូល​និវត្តន៍​ធម្មតា។

ការ​បោះឆ្នោត​នីតិកាល​ទី​៥ ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២៨ ​ខែ​ក្កដា​ ខាង​មុខ​នេះ។ គណបក្ស​នយោបាយ​នានា​កំពុង​រៀបចំ​សមាសភាព​បេក្ខជន​តំណាង​រាស្ត្រ​រៀងៗ​ខ្លួន ​ដែល​ស្រប​ទៅ​នឹង​គោល​នយោបាយ​គណបក្ស​រៀងៗ​ខ្លួន​ដែរ។ លោក ​ជាម យៀប ដែល​អះអាង​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី៥​​ដដែល​នោះ បាន​​ប្រាប់​អោយ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្តន៍​គោល​នយោបាយ​លើកស្ទួយ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បញ្ចូល​បេក្ខជន​តំណាងរាស្ត្រ​ជា​យុវជន​ជា​ច្រើន ទៅ​ក្នុង​បញ្ជី​បេក្ខភាព​តំណាង​រាស្ត្រ សម្រាប់​អណត្តិ​ទី​៥​ ខាង​មុខ​នេះ។ ហើយ​​ថា ក៏​មាន​ដែរ​អ្នក​ដែល​ត្រូវ​ចាក​ចេញ​ពី​រដ្ឋសភា ​ដោយ​សារ​វ័យ​ចំណាស់​នោះ។

ប្រសិន​បើ​មាន​​គណបក្ស​នយោបាយ​ណា​លើក​តម្កើង​យុវជន លោក ​គល់ បញ្ញា ​ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោតComfrel នឹង​អបអរ​សាទរ។ លោក គល់​ បញ្ញា​ ប្រាប់​អោយ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ជឿនលឿន​ផ្នែក​ប្រជាធិបតេយ្យ និង​សូម្បី​តែ​ប្រទេស​ថៃ គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​បាន​ជំរុញ​វត្តមាន​យុវជន​យ៉ាង​ខ្លាំង។ នោះ​ក៏​ដោយសារ​យុវជន​មាន​ថាមពល មាន​គំនិត​ថ្មី។

ប្រធាន​អង្គការ​ខុមហ្រែ្វល​រូប​នេះ ​បាន​បន្ត​ថា ស្ថាប័ន​របស់​លោក​នឹង​តាម​ដាន​បញ្ជី​បេក្ខភាព​តំណាងរាស្ត្រ ​ក្នុង​ពេល​ខាង​មុខ​នេះ ខណៈ​លោក​បាន​ទទួល​ស្គាល់​ថា​ចំនួន​យុវជន​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ បាន​កើន​ឡើង​បន្តិច​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ