អានតួអត្ថបទ
ចិន-អៀរឡង់

អនុ​ប្រធានា​ធិបតី​ចិន​បំពេញ​ទស្សនកិច្ច​នៅ​អៀរឡង់​

បន្ទាប់ពី​​បាន​​បំពេញ​​ទស្សនកិច្ច​​នៅ​​សហរដ្ឋអាមេរិក​​រយៈ​ពេល​​៥​​ថ្ងៃ​ អនុ​​ប្រធានាធិបតី​​ចិន​​ លោក​ Xi Jinping ​បាន​​អញ្ជើញ​​​ទៅ​​ដល់​​ប្រទេស​​អៀរឡង់​​នៅ​​ថ្ងៃ​​សៅរ៍​​១៨​​កុម្ភៈ​​ម្សិលមិញ​ ដើម្បី​​បំពេញ​​ទស្សនកិច្ច​​​​រយៈពេល​ ៣​​ថ្ងៃ។​ អៀរឡង់​ ជា​​ប្រទេស​​តែ​មួយ​​គត់​​នៅ​​សហភាព​អឺរ៉ុប​​ដែល​​អនាគត​​អ្នក​​ដឹកនាំ​​ចិន​​រូប​​នេះ​​មក​​បំពេញ​​ទស្សនកិច្ច។​ លោក​ Xi Jinping​ ត្រូវ​ ចុះ​​ហត្ថលេខា​​លើ​​កិច្ច​ព្រមព្រៀង​​មួយ​ចំនួន​​​ជា​មួយ​​អៀរឡង់​​មុន​​នឹង​​បន្ត​​ដំណើរ​​ទស្សនកិច្ច​​របស់​​លោក​​ទៅ​​ទួរគី​​នៅ​​ថ្ងៃ​​ចន្ទ​​២០​​កុម្ភៈ​​ស្អែក។​ 

អនុ​ប្រធានាធិបតី Xi Jinping ទទួលស្វាគមន៍​ដោយ​ឧបនាយករដ្ឋមន្ត្រី​អៀរឡង់ លោក Eamon Gilmore (ឆ្វេង) នៅពេលមកដល់​អាកាយាន្តដ្ឋាន Shannon ថ្ងៃ១៨ កម្ភៈ​២០១២​
អនុ​ប្រធានាធិបតី Xi Jinping ទទួលស្វាគមន៍​ដោយ​ឧបនាយករដ្ឋមន្ត្រី​អៀរឡង់ លោក Eamon Gilmore (ឆ្វេង) នៅពេលមកដល់​អាកាយាន្តដ្ឋាន Shannon ថ្ងៃ១៨ កម្ភៈ​២០១២​ RFI
ផ្សាយពាណិជ្ជកម្ម

 

លោក Xi Jinping អនុ​ប្រធានាធិបតី​ចិន មាន​ទំនុក​ទុកចិត្ត​ថា « វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប វា​ពុំ​ឋិត​ថេរ​​ទេ »។ យោងតាម​​លោក Xi Jinping រដ្ឋាភិបាល​និង​ពលរដ្ឋ​អឺរ៉ុប មានគតិ​បណ្ឌិត​និង​មធ្យោបាយ​គ្រប់គ្រាន់ ដើម្បី​កាត់​បន្ថយ​បំណុល​និង​​​ជំរុញ​​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ការ​រីកចំរើន​ឡើងវិញ។

នេះ​ជា​សេចក្តីថ្លែង​បញ្ជាក់​របស់​លោក Xi Jinping ដល់​ទិន្នានុប្បវត្តិអៀរឡង់មួយ​នៅ​ទីក្រុង Dublin ឈ្មោះ  Irish Times ។  បន្ទាប់ពី​បាន​ទទួល​ទាន​អាហារ​ល្ងាច​​និង​ស្នាក់​នៅ​ក្នុង​ប្រាសា​ទ​អៀរឡង់ ក្នុងយប់ទីមួយ​មក អនាគត​ប្រធានាធិបតីចិនរូបនេះ ​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ លោក​​ James Lynch ដែលជា​ផលិតករ​ទឹកដោះ​គោ​អៀរឡង់ម្នាក់​នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​។
មាន​មេ​គោ​ចំនួន ១៤០​ក្បាល​ស្ថិត​នៅ​ក្បែរតំបន់ឆ្នេរ​ចោទ​នៃ​សមុទ្រ​នៅ Moher កសិករ​អៀរឡង់​​នៃ​តំបន់​ Clare នេះ ពុំធ្លាប់​ដែល​បាន​ឃើញអតិថិជន​ដ៏ច្រើនសន្ធឹកសន្ធាប់និង​​ប្រកប​ដោយ​សក្តានុពល​បែប​នេះឡើយ ​ពីព្រោះ​សូមបញ្ជាក់ថា  លោក Xi Jinping បាន​ដឹក​នាំ​គណ​ប្រតិភូ​​មួយក្រុម​ដែលមានទាំង អ្នកជំនួញ និង អ្នកវិនិយោគប្រមាណ ​១៥០​នាក់អមដំណើរ។

វិស័យ ​​កសិ ​អាហារ​នឹង​នៅ​ជាប្រធានបទមួយ​ដ៏​សំខាន់​នៃទំនាក់​ទំនង​ពាណិជ្ជកម្ម​ដែល​​​អៀរឡង់ ចង់​​ផ្សារ​ភ្ជាប់និងរិតចំណងជាមួយ​ជាមួយ​ប្រទេសចិន ជា ​មហា​យក្ខ​នៅតំបន់​អាស៊ី​។ ជា​ការ​ពិត នៅ​យប់នេះ លោក Xi Jinping ត្រូវ​ទទួល​ទាន​អាហារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អៀរឡង់លោក Enka Kenny។ នៅ​ក្នុង​របៀបវារៈនឹង​មានការចុះកិច្ចព្រមព្រៀងមួយចំនួន  ដូច​​​ជានៅ​លើ​វិស័យពាណិជ្ជកម្ម និង​អប់រំ។

ប្រជាជនចិន ចាត់​ទុក​​អៀរឡង់ ដែល​ជា​ប្រទេស​និយាយ​ភាសា​អង់គ្លេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់ចាយ​​ប្រាក់​អឺរ៉ូ មាន​សេដ្ឋកិច្ច​បើក​ចំហ​និង​អាច​បត់បែន​បាន​ទៅ​តាម​កាលៈទេសៈនោះ ជា​ស្ពាន​ពាណិជ្ជកម្ម​មួយ ​សំរាប់ឆ្លងទៅកាន់​តំបន់​អឺរ៉ុបទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ