អានតួអត្ថបទ
កម្ពុជា-ហ្វីលីពីន-ចិន

ហ្វីលីពីន-ចិន​ព្រមព្រៀង​នៅ​កម្ពុជា មិន​បង្កើន​ភាពតាន​តឹង​នៅ​តំបន់ Scarborough

ប្រមុខ​យោធា​ហ្វីលីពីន​បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​និង​សមភាគី​ចិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មិន​ដំឡើង​ភាព​តានតឹង​ទៀត​ឡើយ​នៅ​ក្នុង​តំបន់​ជម្លោះ Scarborough ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ដំណោះស្រាយ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ពិភាក្សា​រយៈ​ពេល​ខ្លី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ហ្វីលីពីន-ចិន​ព្រមព្រៀង​នៅ​កម្ពុជា មិន​បង្កើន​ភាពតាន​តឹង​នៅ​តំបន់ Scarborough
ហ្វីលីពីន-ចិន​ព្រមព្រៀង​នៅ​កម្ពុជា មិន​បង្កើន​ភាពតាន​តឹង​នៅ​តំបន់ Scarborough
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​យោធា​ចិន និង​ហ្វីលីពីន​បាន​សន្យា​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់​ជម្លោះ​ Scarborough​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និងមិន​អោយ​មាន​ស្ថានភាព​តានតឹង​ទៀត​ឡើយ។ ការ​ព្រមព្រៀង​កំហិត​ភាពតាន​តឹង​នេះ​ត្រូវ​បាន​អះអាង​ដោយ​អនុ​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក វុលទែរ ហ្កាសមីន (Voltaire Gazmin) បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ចិន​នៅក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ។ លោក​ហ្កាសមីន​រៀបរាប់ថា ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​លើ​៣​ចំនុច៖ ទី​មួយ​កំហិត​សកម្មភាព​​យោធា ទី​២​កំហិត​ការអត្ថាធិប្បាយ​ដើម្បី​កុំ​អោយ​មាន​ភាពតាន​តឹង​កាន់​តែ​កើនឡើង និង​ទី​៣​គឺ​ការ​បន្ត​ចរចា​រហូត​ដល់​រក​បាន​ដំណោះស្រាយ​សន្តិភាព​មួយ។

ភាព​តានតឹង​រវាង​ចិន​និង​ហ្វីលីពីន​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​មេសា​មក​ម្ល៉េះ​នៅ​ក្នុង​ជម្លោះ​ទាមទារ​កាន់កាប់​តំបន់​ឈ្មោះ​ស្កាបូរាហ្វ Scarborough ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ជម្លោះ​ចុង​ក្រោយ​ដែល​កើត​ចេញ​ពី​ចាប់​កប៉ាល់​នេសាទ​របស់​ចិន​ពី​សំណាក់​យោធា​ហ្វីលីពីន។ ប្រទេស​​​ទាំង​ពីរបាន​ដំឡើង​​សាច់ដុំ​យោធា​ដាក់​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​ហ្វីលីពីន​​បាន​ទៅ​ស្វែង​រក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ដែល​ប្រកាស​ការពារ​ហ្វីលីពីន​ទៀត​ផង។ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ជម្លោះ​ថ្នាក់​តំបន់​មួយ​រវាង​ចិន និង​ប្រទេស​៤​ជា​សមាជិក​របស់​អាស៊ាន​រួមមាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ។ គឺ​វៀតណាម និង​ហ្វីលីពីន​នេះ​ហើយ​ដែល​មាន​ជម្លោះ​ស្រួចស្រាល់ និង​តានតឹង​ជាង​គេ​ទល់​ជាមួយ​ចិន។

នៅ​ពេល​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ ប្រមុខ​យោធា​ចិន​លោក លៀង គ័ងលី​ក៏​បំពេញទស្សនកិច្ច​នៅ​កម្ពុជា ហើយបាន​​ជួប​សមភាគី​អាស៊ាន​​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ ប៉ុន្តែ​គ្មាន​សេចក្តីថ្លែងការណ៍​ផ្លូវ​ការ​ណា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ស្តី​ពី​លទ្ធផល​ជំនួប​នោះ​ឡើយ។ គួរ​រម្លឹក​ថា ក្រុម​ឧត្តម​មន្ត្រី​អាស៊ាន​បាន​បញ្ចប់​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​ស្តីពី​​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ ហើយ​នឹង​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិនិត្យ​នៅ​ក្នុង​កិច្ច​ប្រជុំ​ខែ​កក្កដា​ខាង​មុខ។ ក្រម​ប្រតិបត្តិ​នេះ​ហើយ​ដែល​នឹង​បង្ហាញ​អំពី​ជំហរ​រួម​មួយ​របស់​អាស៊ាន​ដើម្បី​ជជែក​ជាមួយ​ចិន អំពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​មិន​ប្រើប្រាស់​អាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ