អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋបឹងកក់ និងបុរីកីឡា តវ៉ា​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ

នៅ​ថ្ងៃ​រម្លឹក​ខួប លើក​ទី​១៩​ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ឲ្យប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ ថ្ងៃ​២៤​កញ្ញា នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា ជា​ស្ត្រី និង​កុមារ បាន​ប្រមូលផ្តុំ លើក​បដា និង​ស្រែក​តវ៉ា នៅ​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និងតុលាការ គោរព​រដ្ឋធម្មនុញ្ញ ពិសេស​គឺ​ការទាមទារ​សិទ្ធិ​លំនៅដ្ឋាន និង​ដោះលែង​ស្ត្រី​បឹងកក់ និង​ស្ត្រី​បុរី​កីឡា​ពីរ​នាក់ ដែល​ត្រូវ​តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពីដើម​ខែ​កញ្ញា​នេះ។ ចំណែក​សង្គម​ស៊ីវិល​វិញ មើលឃើញថា រយៈពេល ១៩ ឆ្នាំនេះ រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រាស់ កាលពី​ថ្ងៃ​២៤​កញ្ញា ឆ្នាំ​១៩៩៣ មិន​ត្រូវបាន​អនុវត្ត​ឲ្យបាន​ពេញលេ​ញ​ទេ។

ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ថ្ងៃទី ២៤ កញ្ញា ២០១២
ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ថ្ងៃទី ២៤ កញ្ញា ២០១២
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ដកហូត​កម្មសិទ្ធិ​ដីធ្លី ត្រូវ​ផ្តល់​សំណង​ជា​មុន ដោយ​សមរម្យ និង​យុត្តិធម៌​។ នេះ​ជា​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា ៤៤ ដែល​ត្រូវ​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា បាន​ស្រែក​​តវ៉ា ក្នុងពេល​ជួបជុំ លើក​បដា​តវ៉ា នៅ​មុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ថ្ងៃនេះ ជា​ខួប ១៩ ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ឲ្យប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​១៩៩៣។​

​ក្រុម​ស្ត្រី និង​កុមារ​នៅ​បឹង​កក់ និង​អ្នក​បុរី​កីឡា បាន​ស្រែក​មេក្រូ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រងគ្រោះ ដោយ​អយុត្តិធម៌​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ។ ក្រុមអ្នកតវ៉ា នៅ​មុខ​រដ្ឋសភា នា​ព្រឹក​មិញ បាន​បរិហា​រថា ប្រព័ន្ធតុលាការ សព្វថ្ងៃ មិន​ឯករាជ្យ និង​មិន​អនុវត្ត​រដ្ឋធម្មនុញ្ញ​ទេ តែ​បែរជា​ចាប់​ប្រជាពលរដ្ឋ ដែល​តវ៉ា ការពារ​ផ្ទះ​ខ្លួនឯង ដាក់​ពន្ធនាគារ​ទៅ​វិញ។​

​ក្រុម​អ្នក​ភូមិ បាន​ឧទ្ទិស​ទិវា​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃ​ចន្ទ​នេះ ឲ្យ​រដ្ឋាភិបាល និង​តុលាការ គោរព​ច្បាប់ ហើយ​ដោះលែង​ប្រជាពលរដ្ឋ​នៅ​បឹងកក់ និង​បុរី​កីឡា គឺ​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី ដែល​តុលាការ​ឃុំខ្លួន​កាលពីដើម​ខែ​កញ្ញា ឲ្យមាន​សេរីភាព​ឡើងវិញ។ រដ្ឋាភិបាល ក៏​ត្រូវ​គោរព​សិទ្ធិ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​បញ្ឈប់​ការ​បណ្ថេញ​ប្រជាជន​ដោយ​បង្ខំ និង​ផ្តល់​សំណង់​សមរម្យ ក្នុង​ជម្លោះ​ដីធ្លី។​

​នៅ​ថ្ងៃ​រម្លឹក​ខួប ១៩ ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ឲ្យប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ ថ្ងៃ​២៤​កញ្ញា ឆ្នាំ​១៩៩៣ អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​សង្គម ព្រម​ទាំង​គណបក្ស​ប្រឆាំង មើលឃើញថា រដ្ឋធម្មនុញ្ញ មិន​ត្រូវបាន​អនុវត្ត​ពេញលេញ​ទេ ពិសេស​អំណាច​រដ្ឋសភា រដ្ឋាភិបាល និង​អំណាចតុលាការ មិនទាន់​ឯករាជ្យ​ពីគ្នា ដូច​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ។​

​ក៏​ប៉ុន្តែ​លោក ជាម យៀប សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុងកាន់​អំណាច បាន​អះអាង​ថា កម្ពុជា​បាន​អនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ ក្នុងនោះ មានដូចជា អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​ការបោះឆ្នោត​ទៀងទាត់ តាម​កាលកំណត់ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ