អានតួអត្ថបទ
អ៊ីរ៉ង់

តើ​អ៊ីរ៉ង់​អាច​បិទ​ច្រក​សមុទ្រ Ormuz បាន​ដែរ​ឬ​ទេ?

នៅ​ថ្ងៃ​ចន្ទ​នេះ សមយុទ្ធ​កងទ័ព​ជើងទឹក​អ៊ីរ៉ង់​​កំពុង​បន្ត​ធ្វើ នៅ​ក្បែរ​ច្រកសមុទ្រ Ormuz។ មីស៊ីល​ជាច្រើន​ដើម ត្រូវ​បាន​អ៊ីរ៉ង់​បាញ់​សាកល្បង ដើម្បី​ជា​ការ​បង្ហាញ​សាច់ដុំ​ដល់​ប្រទេស​លោកខាងលិច។ អ៊ីរ៉ង់​បាន​ព្រមាន​ថា​​នឹង​បិទ​ច្រក​សមុទ្រ Ormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏សំខាន់ នៅ​ឈូងសមុទ្រ​ពែរ្ស ប្រសិន​បើ​លោកខាងលិច​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់។ តើ​អ៊ីរ៉ង់​ពិត​ជា​មាន​សិទ្ធិ និង​មាន​សមត្ថភាព​បិទ​ច្រកសមុទ្រ​នេះ​ដែរ​ឬទេ?

ផែនទី​បង្ហាញ​ពី​ច្រកសមុទ្រ Ormuz (Hormuz ជាភាសាអង់គ្លេស)
ផែនទី​បង្ហាញ​ពី​ច្រកសមុទ្រ Ormuz (Hormuz ជាភាសាអង់គ្លេស) Ryanthashma / Wikicommons
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​សៅរ៍ ៣១ ធ្នូ ២០១១ លោក​អូបាម៉ា​បាន​ចុះហត្ថលេខា​​លើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ដែល​គេ​សង្ស័យ​ថា​ធ្វើឡើង​ក្នុង​គោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ សហភាព​អឺរ៉ុប​ក៏​កំពុង​តែ​ពិចារណា​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ​ដែរ។ សហភាព​អឺរ៉ុប​នឹង​ប្រជុំ​អនុម័ត​ទណ្ឌកម្ម​នេះ នៅ​ចុង​ខែ​មករា​ខាងមុខ។

កាលពី​សប្តាហ៍​មុន អ៊ីរ៉ង់​បាន​គំរាម​ថា​ បើសិន​​ជា​អ៊ីរ៉ង់​មិន​អាច​នាំប្រេង​ចេញ​ទៅលក់​នៅ​បរទេស​បានទេ ប្រទេស​ផ្សេង​ទៀត​​ក្នុង​ឈូងសមុទ្រពែរ្ស ក៏​មិន​អាច​ដឹកប្រេង​កាត់តាម​ច្រកសមុទ្រ Ormuz ទៅលក់​នៅ​បរទេស​បានដែរ។ នៅពេលនេះ កងទ័ព​ជើងទឹក​របស់​អ៊ីរ៉ង់​​កំពុង​ធ្វើ​សមយុទ្ធ នៅ​ក្បែរ​ច្រកសមុទ្រ​នេះ។

ច្រកសមុទ្រ Ormuz (​នៅ​ត្រើយ​ខាង​ជើង​មាន​អ៊ីរ៉ង់ ហើយ​នៅ​ខាង​ត្បូង​មាន​​​អារ៉ាប់រួម និង​អូម៉ង់) គឺ​ជា​ផ្លូវ​នាវាចរណ៍​តែ​មួយ​គត់ សម្រាប់​តភ្ជាប់​តំបន់​ឈូងសមុទ្រ​ពែរ្ស ដែល​ជា​តំបន់​ជង្រុក​ប្រេង​ដ៏ធំ​ (អ៊ីរ៉ាក់ អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត កាតា និងអារ៉ាប់រួម) ទៅ​កាន់​សមុទ្រ​អន្តរជាតិ ជាពិសេស មហាសមុទ្រ​ឥណ្ឌា។ ច្រកសមុទ្រ​នេះ​ជាច្រក​តូច​ចង្អៀត (កន្លែង​ខ្លះ​មាន​ទទឹង​តែ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ) ដោយ​កន្លែង​ខ្លះ ផ្លូវ​នាវាចរណ៍​ត្រូវ​ឆ្លងកាត់​ក្នុង​ដែនទឹក​របស់​អ៊ីរ៉ង់។

ជាការពិត​ថា អ៊ីរ៉ង់​មាន​អធិបតេយ្យ​ពេញទី នៅ​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន​។ ក៏ប៉ុន្តែ Ormuz គឺ​ជា​ច្រកសមុទ្រ​អន្តរជាតិ។ យោងតាម​ច្បាប់​អន្តរជាតិ (អនុសញ្ញា​អ.ស.ប.​ ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ និង​ការអនុវត្ត​ជា​ទម្លាប់) មិនមាន​ប្រទេស​ណាមួយ​អាច​រារាំង​នាវាចរណ៍​កាត់តាម​ច្រកសមុទ្រ​អន្តរជាតិ​បានទេ បើទោះជា​ច្រកនេះ កាត់តាម​ដែនទឹក​របស់​ខ្លួន​ក៏ដោយ។

ដូច្នេះ ការ​បិទច្រក​សមុទ្រ Ormuz គឺ​ជា​ការរំលោភ​លើ​ច្បាប់​អន្តរជាតិ ដែល​អាច​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​ប្រកាស​សង្រ្គាម។

ក្រោយ​ពី​អ៊ីរ៉ង់​គំរាម​បិទ​ច្រកសមុទ្រ Ormuz ក្រសួង​ការបរទេស​បារាំង​​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​គោរព​ច្បាប់​អន្តរជាតិ។ ចិន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ស្ថិរភាព​ នៅ Ormuz។ ចំណែក​ក្រសួង​ការពារជាតិ​អាមេរិក​វិញ បាន​ព្រមាន​ថា អាមេរិក​នឹង​មិន​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​បិទ​ច្រក​ជា​យុទ្ធសាស្រ្ត​នេះ​ទេ។ នេះមានន័យថា អាមេរិក​នឹង​ប្រើ​កម្លាំង​ទ័ព ដើម្បី​ធានា​ការ​ធ្វើ​នាវាចរណ៍ នៅ​ច្រកសមុទ្រ Ormuz។ អាមេរិក​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​ជា​អចិន្រ្តៃយ៍ នៅ​ក្នុង​ឈូងសមុទ្រ​ពែរ្ស (នៅប្រទេស​បារ៉ែន) ក្បែរ​ច្រកសមុទ្រ Ormuz។

អគ្គបញ្ជាការ​កងទ័ព​ជើងទឹក​អ៊ីរ៉ង់​ធ្លាប់​បាន​ប្រកាស​ថា សម្រាប់​កងទ័ព​អ៊ីរ៉ង់ ការបិទ​ច្រក​សមុទ្រ Ormuz គឺ​ជា​រឿង​ងាយស្រួល​ជាង​ផឹកទឹក​ទៅទៀត។ ក៏ប៉ុន្តែ ប្រសិនបើ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ កងទ័ព​ជើងទឹក​អ៊ីរ៉ង់​ទំនង​ជា​មិន​អាច​ទប់នឹង​កងទ័ព​ជើងទឹក​របស់​អាមេរិក​បាន​ទេ។ អ្នកជំនាញ​ខាង​ផ្នែក​យុទ្ធសាស្រ្ត​ទ័ព​ជាច្រើន​យល់ថា អ៊ីរ៉ង់​ទំនង​ជា​អាច​ដាក់ពង្រាយ​មីន​ប្រឆាំង​នាវា និង​ធ្វើការ​លបវាយឆ្មក់ ដើម្បី​រំខាន​ការ​ធ្វើ​នាវាចរណ៍ ប៉ុន្តែ មិន​អាច​បិទច្រក​សមុទ្រ Ormuz ទាំងស្រុង​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ