អានតួអត្ថបទ
អ៊ីរ៉ង់

សហភាព​អឺរ៉ុប​ព្រមព្រៀងគ្នា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​អ៊ីរ៉ង់

កាលពីថ្ងៃ​ពុធ ម្សិលមិញ​នេះ មន្រ្តីការទូត​សហភាព​អឺរ៉ុប​បាន​ឲ្យដឹង​ថា ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​ជាគោលការណ៍​ហើយ​ថា នឹង​ដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​ប្រេងកាត​របស់​អ៊ីរ៉ង់។ កាលពី​ថ្ងៃសៅរ៍​កន្លងទៅនេះ អាមេរិក​ក៏​បាន​សម្រេច​​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់​ដែរ។ ក្រោយ​ពី​មាន​ទណ្ឌកម្ម​ទាំងនេះ ទីផ្សារ​រូបិយវត្ថុ​អ៊ីរ៉ង់​កំពុង​តែ​ច្រួលច្របល់​យ៉ាងខ្លាំង។ ក្នុងពេល​ជាមួយ​គ្នា តម្លៃ​ប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ ក៏បាន​កើនឡើង​ដែរ។

អ៊ីរ៉ង់​​បាញ់សាកល្បង​មីស៊ីល​ប្រឆាំង​នាវា​ កាលពីថ្ងៃ​ចន្ទ ២ មករា ២០១២ ក្រោយ​ពី​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត
អ៊ីរ៉ង់​​បាញ់សាកល្បង​មីស៊ីល​ប្រឆាំង​នាវា​ កាលពីថ្ងៃ​ចន្ទ ២ មករា ២០១២ ក្រោយ​ពី​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត
ផ្សាយពាណិជ្ជកម្ម

ថ្វីដ្បិត​តែ​មាន​ការ​ព្រមព្រៀង​គ្នា ជាគោលការណ៍ នៅពេលនេះ ក៏ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ដល់​ចុង​ខែ​មករា ទើប​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហភាព​អឺរ៉ុប ប្រជុំ​អនុម័ត​​ណ្ឌកម្ម​លើ​អ៊ីរ៉ង់។ ទោះជាយ៉ាងណា​ ការព្រមព្រៀង​គ្នា​ជាគោលការណ៍​នេះ​បាន​ទទួល​នូវ​ការអបអរ​សាទរ​ភ្លាមៗ ពី​សំណាក់​សហរដ្ឋ​អាមេរិក ដែល​​ទើប​នឹង​បាន​សម្រេច​បង្កើន​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ កាលពីថ្ងៃ​សៅរ៍​កន្លងទៅនេះ។ ទណ្ឌកម្ម​​ដែល​អាមេរិក​សម្រេចដាក់​លើ​អ៊ីរ៉ង់ កាលពីថ្ងៃ​សៅរ៍​នេះ គឺ​ដាក់​ទាំងទៅលើ​វិស័យ​ប្រេងកាត និង​វិស័យ​ធនាគារ។

នៅថ្ងៃ​ចន្ទ ពីរថ្ងៃ​ក្រោយ​ពី​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម លុយ​រៀល​របស់​អ៊ីរ៉ង់ (Rial) បាន​ធ្លាក់​ថ្លៃ​រហូតដល់​ទៅ ១២% ធៀប​នឹង​លុយ​ដុល្លារ។ រហូត​មក​ទល់​នឹង​ថ្ងៃ​ពុធ ម្សិលមិញ​នេះ លុយអ៊ីរ៉ង់​នៅ​តែ​បន្ត​ធ្លាក់​ចុះ​តទៅទៀត។ អន្តរាគមន៍​របស់​ធនាគារ​កណ្តាល​អ៊ីរ៉ង់ ដើម្បី​ទប់​លុយ​រៀល​កុំ​ឲ្យ​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​​ទីផ្សារ​រូបិយវត្ថុ​អ៊ីរ៉ង់​កាន់តែ​​ច្របូកច្របល់​ខ្លាំងឡើង​ថែម​ទៀត រហូត​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ប្តូរប្រាក់​ខ្លះ នៅអ៊ីរ៉ង់ បាន​សម្រេច​បិទទ្វារ​ផ្អាក​ការ​លក់​ដូរ។

ដំណឹង​ស្តីពី​ការព្រមព្រៀង​ក្នុង​សហភាព​អឺរ៉ុប ក្នុងការ​ដាក់ទណ្ឌកម្ម​​លើ​អ៊ីរ៉ង់ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ កើនឡើង​យ៉ាងខ្លាំង​ដែរ តាំង​ពី​ថ្ងៃ​ម្សិលមិញ។

គួរបញ្ជាក់ថា អ៊ីរ៉ង់​គឺ​ជា​ប្រទេសនាំចេញ​ប្រេង​ដ៏​ធំ លំដាប់​ទី៤ នៅលើ​ពិភពលោក។ សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការលក់​ប្រេងឆៅ។ ដូច្នេះ ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​កាត​អ៊ីរ៉ង់ អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ធ្លាក់​ដុនដាប។

ដោយសារ​តែ​ទណ្ឌកម្ម​​របស់​លោកខាងលិច​ ធ្វើ​ឡើង​ក្រៅ​​ក្របខ័ណ្ឌ​អ.ស.ប. អ៊ីរ៉ង់​នៅតែ​អាច​លក់​ប្រេង​ទៅ​ឲ្យ​ប្រទេស​​ផ្សេងទៀត ដែល​មិនដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ជាពិសេស ប្រទេស​នៅ​អាស៊ី ដូចជា ចិន ជប៉ុន និង​ឥណ្ឌា ជាដើម។ ក៏ប៉ុន្តែ ប្រទេស​ទាំងនេះ​ប្រាកដ​ជា​​ឆ្លៀត​ឱកាស​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បន្ទាប​តម្លៃ ទើប​ព្រមទិញប្រេង​របស់​អ៊ីរ៉ង់។ ដូច្នេះ អ៊ីរ៉ង់​អាច​នឹង​ត្រូវ​បាត់បង់​ចំណូល​យ៉ាងច្រើន​ពី​ការលក់ប្រេង។

ក៏ប៉ុន្តែ ប្រទេសលោក​ខាងលិច​ក៏​អាច​នឹង​ត្រូវ​ទទួលរង​ផលប៉ះពាល់​ពី​ការ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់​​នេះដែរ។ គឺ​ផលប៉ះពាល់​​លើ​ផ្នែក​សេដ្ឋកិច្ច ​ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឆៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ