អានតួអត្ថបទ
ឡាវ

ការ​បោះឆ្នោត​សភា ក្រោម​ការ​ត្រួត​ពិនិត្យ​ដ៏​ហ្មត់ចត់

នៅ​ថ្ងៃ​សៅរ៍​ទី ៣០ មេសា នេះ បណ្តា​ជន​ឡាវ​ជាងបី​លាន​នាក់ ត្រូវ​អញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោត​សភា ដើម្បី​ជ្រើសរើស​សមាជិក​សភា​ថ្មី។ សភាឡាវ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​ទាំង​ស្រុង​ពី​សំណាក់​គណបក្ស​​កុម្មុយនិស្ត​កាន់​អំណាច។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ជា​ច្រើន​មាន​ជំនឿ​ថា​ សភា​នេះ បាន​និង​កំពុង​ទទួល​ឥទ្ធិពល​​ ពី​លោកសេរី​យ៉ាង​ច្រើន​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ប្រទេស​ឡាវ ថ្ងៃ​ទី ៣០ មេសា ២០១១
ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ប្រទេស​ឡាវ ថ្ងៃ​ទី ៣០ មេសា ២០១១ © REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​តាំង​ពី​ព្រលឹម​ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ឡាវ​ ធ្វើ​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួនចំនួន​ ១៣២​រូប មក​ជំនួស​សមាជិក​ចាស់ ដែល​មាន​តែ​១១៥​នាក់។ ប៉ុន្តែ​​ ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​​ទាំង​១៩០​នាក់ មាន​បេក្ខជន​តែ​ពីរ​រូប​ប៉ុណ្ណោះ​ ដែល​ជាជន​​ឯករាជ្យ មិន​មែន​ជា​តំណាង​បក្ស​កុម្មុយនិស្ត។ ​លទ្ធផលនៃ​ការ​បោះ​ឆ្នោត​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត។ ហើយ​សភា​ថ្មី​​នេះ នឹង​មាន​ភារៈ​អនុម័ត​ជ្រើសតាំង​រដ្ឋាភិបាល​ថ្មីនៅ​ខែ​មិថុនា។

ដូច​ជា​ក្នុង​បណ្តា​ប្រទេស​កុម្មុយនិស្ត​ផ្សេង​ទៀត​ដែរ អំណាចនយោបាយ​​ទាំង​មូល​ ស្ថិត​ក្នុង​​កណ្តាប់​ដៃ​គណៈ​កម្មាធិការ​មជ្ឈិម​​បក្ស​​ ​​ប៉ុន្តែ​​អ្នក​សង្កេតការណ៍ ​អ្នក​វិភាគ ព្រមទាំង​អ្នក​ការទូតបរទេស​​​យល់​ថា​ សភា​ឡាវ​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ ឆ្ពោះ​ទៅ​រក​ការ​ប្តូរ​ផ្លាស់​តួនាទី​​ជា​ប្រពៃណី ដែល​មាន​ត្រឹម​ជា​ការិយាល័យ​​កត់ត្រា ទៅ​ជា​ស្ថាប័ន​មួយ​ដែល​មាន​អត្តសញ្ញាណ​​ពិតៗ និង​ចេះ​ធ្វើការ​​​​កែ​សម្រួល​​​ច្បាប់​ខ្លះ​ប្រកប​ដោយ​ខ្លឹម​សារ។ បើ​តាម​អ្នក​វិភាគ​ដដែល រាល់​ការ​អនុម័ត ឬ​ការ​កែ​​ទម្រង់របស់​សភា ដែល​ធ្វើ​ឡើង​ សុទ្ធ​តែ​ត្រូវ​​ឆ្លង​កាត់​ការ​សម្រេច​ចិត្ត​ និង​ការ​យល់​ព្រម​ពី​គណបក្ស​​កាន់​អំណាច​។

គណបក្ស​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១០ តាម​រយៈ​​ការ​លា​លែង​​ចេញ​ពី​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ប៊ូសោន ប៊ូផាវ៉ាន់ និង​ការ​តែង​តាំង​លោក ថុងស៊ីង ថាម៉ាវង្ស ជា​ប្រធាន​សភា។ លើ​វិស័យ​សេដ្ឋកិច្ច​វិញ នៅ​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ បក្ស​ប្រជាជន​បដិវត្ត​ឡាវ ​បាន​គូស​វាស​ខ្សែ​បន្ទាត់​នយោបាយ​​សេដ្ឋកិច្ច​ សម្រាប់​ពេល​អនាគត។ បើ​តាម​តួលេខ​ផ្លូវការ កំណើត​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់ ឡាវ​ មាន​ជា​មធ្យម ប្រមាណ ៧,៩% ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១០។ ប្រទេស​នេះ មាន​កម្មវត្ថុ​ចាក​ចេញ​ពី​បញ្ជី​ប្រទេស​ក្រីក្រ​បំផុត​នៅ​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ