អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​មាន​ទឹកមាត់​ប្រៃ​ឡើងវិញ នៅក្នុង​ពិភពអារ៉ាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​នេះ សន្និសីទ​អន្តរជាតិ​ដែល​គេ​ប្រសិទ្ធនាម​ឲ្យ​ថា«សន្និសីទ​នៃ​ប្រទេស​មិត្រ​ របស់​លីប៊ី»ត្រូវ​រៀបចំ​ធ្វើ ​នៅ​ប៉ារីស​ប្រទេស​បារាំង ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​សាកូហ្ស៊ី​(Sarkozy)។ ប្រទេស ​ចំនួន​ជិត​៦០ រួម​ទាំង​រុស្ស៊ី​និង​ចិន​ផង បាន​បញ្ជូន​តំណាង​របស់​គេ​មក​ចូល​រួម​ក្នុង​សន្និសីទ​នេះ។ ព្រឹត្តិការណ៍​នេះ ស្តែង​ឲ្យ​ឃើញ​នូវ​ជ័យជំនះ​របស់​ការទូត​បារាំង នៅ​ក្នុង​ចលនា​បដិវត្តន៍​ប្រជាធិបតេយ្យ​អារ៉ាប់។

ប្រធានាធិបតី​បារាំង​លោក​ Nicolas Sarkozy និង​រដ្ឋមន្រ្តីការបរទេស​លោក​Alain Juppéចាកចេញ​ពី​សន្និសីទ​ប្រជុំ​មន្រ្តី​ទូត ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី ៣១ សីហា ២០១១
ប្រធានាធិបតី​បារាំង​លោក​ Nicolas Sarkozy និង​រដ្ឋមន្រ្តីការបរទេស​លោក​Alain Juppéចាកចេញ​ពី​សន្និសីទ​ប្រជុំ​មន្រ្តី​ទូត ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី ៣១ សីហា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ជ័យជំនះ​មួយ​ ប្រកែក​មិន​បាន ​សម្រាប់​ប្រទេស​បារាំង សម្រាប់​លោក​ប្រធានាធិបតី​បារាំង​Nicolas Sarkozy និង​សម្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង Alain Juppé។ មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​សន្និសីទ​នៃ​ប្រទេស​មិត្រ​របស់​លីប៊ី​ប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​ប៉ារីស​ និង​ក្រោម​អធិបតីភាព​របស់​ប្រទេស​បារាំង ពីព្រោះ ប្រទេស​បារាំង​ជា​អ្នក​ដើរ​តួនាទី​សំខាន់​ជាង​គេ​តាំង​ពី​ដំបូង​មក នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​លីប៊ី។
 
បារាំង​ជា​អ្នក​ផ្តួចផ្តើម​តុបតែង​សេចក្តី​សម្រេចចិត្ត​លេខ​១៩៧៣​របស់​ក្រុម ​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​បើក​ដៃ​ឲ្យ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​របប​Kadhafi។ បារាំង ​និង​អង់គ្លេស​ជា​អ្នក​អូសទាញ​លោក​ប្រធានាធិបតី​អាមេរិកាំង​Obama ទៅ​ក្នុង​សង្គ្រាម​លីប៊ី។ គឺ​បារាំង​និង​អង់គ្លេស​ដែល​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិការ​យោធា​របស់​ អង្គការ​អូតង់ ​នៅ​លីប៊ី។ នេះ​ជា​ចំណុច​មួយ​វិសេសវិសាល​ណាស់ ដ្បិត​មក​ទល់​ពេល​នេះ​ឲ្យ​តែ​មាន​អន្តរាគមន៍​យោធា​អន្តរជាតិ​ម្តងៗ ទោះ​ជា​នៅ​អាហ្វហ្កានីស្ថាន​ក្តី និង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ផ្ទាល់​តែ​ម្តង​ក្តី ដូច​នៅ​បូស្នី ​ឬ​នៅ​កូសូវ៉ូ​ជា​ដើម គឺ​សហរដ្ឋអាមេរិក​ជា​អ្នក​នាំ​មុខ​រហូត។

គេ​នៅ​ចាំ​បាន​ថា នៅ​ដើម​ដំបូង​នៃ​ចលនា​បដិវត្តន៍​ប្រជាធិបតេយ្យ​ក្នុង​ពិភព​អារ៉ាប់ ការទូត​បារាំង​ដូច​មនុស្ស​ខ្វាក់​អ៊ីចឹង មើល​សភាពការណ៍​អត់​ធ្លុះ​ទេ។ ជាក់​ស្តែង គឺ​ឥរិយាបថ​ហេងហាង​ និង​ការ​និយាយ​ប៉ាត​ណា​ ប៉ាត​ណី ​គ្មាន​ដឹង​ខ្យល់​អ្វី​របស់​លោក​ស្រី Michèlel Alliot-Marieដែល​កាល​ណោះ​ជា​ប្រមុខការ​ទូត​បារាំង។ គាត់​បាន​ថ្លែង​ជា​សាធារណៈ​ថា ប្រទេស​បារាំង​ចង់​ជួយ​ផ្តល់​បទពិសោធន៍​ទៅ​ឲ្យ​អាជ្ញាធរ​ទុយនីស៊ី ដើម្បី​ត្រួតពិនិត្យ ​និង​ខ្ទប់​ចលនា​បាតុកម្ម​កុំ​ឲ្យ​រីករាលដាល​ធំ​បាន។
គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ចុង​ខែ​កុម្ភៈ ក្រោយ​ពេល​ដែល​លោក​Alain Juppé បាន​ឡើង​មក​ធ្វើ​រដ្ឋមន្រ្តី​ការបរទេស​ជំនួស​លោកស្រី​Alliot-Marie ទើប​ឃើញ​បារាំង​តម្រែតម្រង់​បាន​ល្អ​ឡើង​វិញ​ នយោបាយ​ការ​បរទេស​របស់​ខ្លួន។ តាំង​ពី​ពេល​នោះ​មក តាម​រយៈ​សំដី ​និង​ទង្វើ​របស់​លោក​Alain Juppé ប្រទេស​បារាំង​គាំទ្រ​ពេញ​ទំហឹង​បដិវត្តន៍​ប្រជាធិបតេយ្យ ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​អារ៉ាប់ និង​ថ្កោលទោស​គ្រប់​ការ​វាយ​បង្ក្រាប​ទៅ​លើ​ពួក​បាតុករ។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ​ដែល​បារាំង​បាន​ទទួល​ស្គាល់​មុន​គេ​បង្អស់ ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​CNT​របស់​ពួក​ឧទ្ទាម​លីប៊ី។ នៅ​ថ្ងៃ​នេះ សូម្បី​តែ​ប្រទេស​រុស្ស៊ី​ក៏​យល់​ព្រម​ទទួល​ស្គាល់​CNT​ដែរ។ តាម​មើល​ទៅ ប្រទេស​ចិន​ក៏​នឹង​ច្បាស់​ជា​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​ពួក​ឧទា្ទម​ លីប៊ី​ដែរ នៅ​ទី​បំផុត។

លីប៊ី​ជា​ប្រទេស​មួយ​សម្បូរ​ទៅ​ដោយ​ប្រេងកាត មាន​ប្រេងកាត​ច្រើន​ជាង​គេ​បង្អស់​នៅ​អាហ្វ្រិក ច្រើន​ជាង​ប្រទេស​នីហ្សេរីយ៉ា​ និង​ប្រទេស​អាល់ហ្សេរី​ទៅ​ទៀត។ ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​គាំទ្រ​ពេញ​ទំហឹង​ពួក​ឧទ្ទាម​មុន​គេ​បង្អស់ បារាំង​ទំនង​ជា​នឹង​ត្រូវ​ទទួល​ផល​ចំណេញ​សេដ្ឋកិច្ច​ច្រើន​ជាង​ពី​ប្រទេស​ លីប៊ី ​ក្រោយ​សករាជ​Kadhafi។ ជាក់​ស្តែង ព័ត៌មាន​ផ្តើម​លេច​ឮ​ឲ្យ​ដឹង​ថា ៣៥%​នៃ​ប្រេងកាត​ទាំង​ស្រុង​របស់​លីប៊ី​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ ក្រុមហ៊ុន​បារាំង​Total៕

សរុបមកវិញ បារាំងដែលតែងតែចាត់ទុកអាហ្វ្រិកថា ជាដែនអំណាចរបស់ខ្លួនកំពុងយក សំណុំរឿងលីប៊ីមកធ្វើជាឈ្នាន់ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទ្វីបនេះ។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ បារាំងបាត់បង់មិនតិចទេ ឥទ្ធិពលរបស់ខ្លួននៅអាហ្វ្រិក ដ្បិតចិន ឥណ្ឌា ប្រេស៊ីល ដែលសុទ្ធសឹងជាមហាយក្សដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង បានដាក់ជើងមក ជាន់ទ្វីបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ