ក្រុមប្រទេសG20ព្រមព្រៀងគ្នាដើម្បីបង្កើតការងារ និងជំរុញសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៥
ជំនួបកំពូលក្រុមប្រទេសG20 ដែលបើកធ្វើនៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ ត្រូវបិទបញ្ចប់នៅថ្ងៃអង្គារនេះ។ វិបត្តិប្រាក់បំណុលអឺរ៉ុបគឺជាចំណោទដែលថ្នាក់ដឹកនាំប្រទេសសមាជិកG20 លើកយកមកពិភាក្សា។ គ្មានកិច្ចព្រមព្រៀងជាក់ស្តែងណាមួយស្តីពីវិបត្តិនៅអឺរ៉ុបទេ។ ក្រុមប្រទេស G20គ្រាន់តែលើកឡើងសំណើទៅអឺរ៉ុប ឲ្យសមាជិកអឺរ៉ុបចាត់វិធានការនយោបាយបន្ទាន់ ដើម្បីស្រោចស្រង់សមាហរណកម្ម និងស្ថិរភាពនៅក្នុងតំបន់។
នៅក្នុងផែនការសកម្មភាពរបស់ក្រុមប្រទេស G20បានទាមទារឲ្យអឺរ៉ុប ត្រូវផ្តោតទៅលើការផ្តល់មូលធនដល់ស្ថាប័នហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋឡើងវិញ។ មួយវិញទៀត អឺរ៉ុបត្រូវផ្តោតលើកំណើនសេដ្ឋកិច្ច។ ក្រុមប្រទេស G20ស្នើចង់ឲ្យធនាគារកណ្តាលរបស់អឺរ៉ុបដើរតួនាទីច្រើនជាងមុន គឺត្រូវផ្តល់ទុនសម្រាប់ធ្វើវិនិយោគ ដែលនេះជាកម្លាំងចលករជំរុញសេដ្ឋកិច្ច។ គួរដឹងថា ធនាគារកណ្តាលអឺរ៉ុបបច្ចុប្បន្ន មានតួនាទីត្រឹមតែទប់ស្កាត់អតិផរណា ប៉ុន្តែ គ្មានសិទ្ធិផ្តល់ទុនវិនិយោគដោយផ្ទាល់ទៅរដ្ឋសមាជិកណាមួយទេ។
អាល្លឺម៉ង់ដែលជាសមាជិកមួយដែរនៃសន្ធិសញ្ញាអឺរ៉ុប ជាអ្នកជំទាស់មិនឲ្យធនាគារកណ្តាលផ្តល់ប្រាក់កម្ចីទៅឲ្យរដ្ឋ។ ប៉ុន្តែ តាមសំណើរបស់លោកប្រធានាធិបតីបារាំងវិញ François Hollandeធនាគារកណ្តាលអឺរ៉ុបក៏ត្រូវតែចេញមុខធ្វើអន្តរាគមន៍ ដើម្បីជួយដល់ប្រទេសជាសមាជិកណា ដែលជួបបញ្ហាហិរញ្ញវត្ថុ។
ក្រៅតែពីអឺរ៉ុប ក្រុមប្រទេស G20បានព្រមព្រៀងធ្វើផែនការសកម្មភាពមួយដើម្បីដោះស្រាយសេដ្ឋកិច្ចពិភព ដែលនៅឃ្លីងឃ្លោង រំជួលដោយវិបត្តិប្រាក់បំណុលនៅអឺរ៉ុប។ ក្នុងផែនការដែលគេនឹងប្រកាស នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រមុខដឹកនាំក្រុមប្រទេស G20បានព្រមព្រៀងគ្នាលើចំណុចសំខាន់ពីរ គឺ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ ផែនការសកម្មភាពរបស់ ប្រមុខដឹកនាំក្រុមប្រទេស G20គាំទ្ររដ្ឋាភិបាលណាដែលផ្តោតចំបងទៅលើការបង្កើតការងារធ្វើ បើទោះបីជាការបង្កើតការងារនឹងធ្វើឲ្យចំណាយសាធារណៈកើនឡើងក៏ដោយ។ បើតាម ក្រុមប្រទេស G20 ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រដ្ឋនីមួយៗត្រូវបង្កើនចំណាយសាធារណៈ ប៉ុន្តែ មិនត្រូវ អនុវត្តនយោបាយរឹតត្បិត ដោយកាត់បន្ថយថវិកានោះទេ។
កន្លងមក គឺអាល្លឺម៉ង់ដែលយល់ឃើញផ្ទុយទៅវិញ បានស្នើចង់ឲ្យគេដោះស្រាយវិបត្តិប្រាក់បំណុលនៅអឺរ៉ុប តាមរយៈការអនុវត្តនយោបាយរឹតត្បិត ដោយកាត់បន្ថយចំណាយសាធារណៈ។ បើតាមអាល្លឺម៉ង់ ចំណាយសាធារណៈ ច្រើនជាងប្រាក់ចំណូល ធ្វើឲ្យប្រទេសនៅអឺរ៉ុបមួយចំនួន រត់ទៅខ្ចីលុយគេពីក្រៅបន្ថែម ដែលជាហេតុធ្វើឲ្យបំណុលរបស់ប្រទេសទាំងនោះកើនឡើងខ្ពស់។ ក្រិក អៀឡង់ និងព័ទុយហ្គាល់ ដែលកំពុងជួបវិបត្តិប្រាក់បំណុលបានសុខចិត្តបង្ខំចិត្តអនុវត្តនយោបាយរឹតត្បិត ទាមទារដោយអឺរ៉ុប គឺដើម្បីអាចទទួលជំនួយហិរញ្ញវត្ថុពីអឺរ៉ុប។
ផែនការរឹតត្បិតថវិកានេះ ពីមុន មានបារាំង និងអាល្លឺម៉ង់ដែលជាមេគំនិត ប៉ុន្តែ នៅក្រោយពេលបារាំងផ្លាស់ប្តូរប្រធានាធិបតីថ្មី អាល្លឺម៉ង់បានស្ថិតនៅឯកោ ដោយបារាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី គឺលោកFrançois Hollande បានប្តូរចិត្តលែងអនុវត្តផែនការរឹតត្បិត។ បើតាម លោកFrançois Hollande មានតែបង្កើនចំណាយសាធារណៈទេ ទើបគេអាចជំរុញឲ្យមានកំណើនសេដ្ឋកិច្ច។ តាម លោកFrançois Hollande លុយចំណាយក្នុងការធ្វើវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គួរត្រូវផ្តល់ដោយអឺរ៉ុប តាមរយៈធនាគារវិនិយោគរបស់សហភាពអឺរ៉ុប (European Investment Bank) និងតាមរយៈការចុះមូលបត្របំណុលរួម (Eurobond)។
នយោបាយរបស់លោកប្រធានាធិបតីបារាំងក៏បានទទួលគាំទ្រដោយប្រមុខដឹកនាំអ៊ីតាលី ដែលជាប្រទេសសេដ្ឋកិច្ចធំទីបីនៅអឺរ៉ុប។ អ៊ីចឹង ការទាមទាររបស់បារាំង និងអ៊ីតាលី ប្រហែលជាបានទទួលផ្លែផ្កា ព្រោះក្រុមប្រទេស G20ក៏គាំទ្រឲ្យមានចំណាយរបស់រដ្ឋដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ហើយសម្រាប់ប្រទេសដែលគ្មានវិបត្តិប្រាក់បំណុល ប៉ុន្តែ រងគ្រោះដោយវិបត្តិប្រាក់បំណុលអឺរ៉ុប ដូចជានៅក្នុងប្រទេសចិន និងឥណ្ឌាជាដើម គេត្រូវជំរុញកំណើនសេដ្ឋកិច្ចរបស់គេ តាមរយៈ ការជំរុញការប្រើប្រាស់ក្នុងស្រុកឲ្យកាន់តែច្រើន។
ប្រទេសទើបលូតលាស់ថ្មី ប្រកាសផ្តល់ថវិកាដល់FMI
មូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានទទួលលុយបន្ថែមដល់ទៅ ៤៥៦ពាន់លានដុល្លារ គឺច្រើនជាងការគ្រោងទុកដែលគេសង្ឃឹមថានឹងបានត្រឹមតែ ៤៣០ពាន់លានដុល្លារប៉ុណ្ណោះ។ លុយមួយចំណែក គឺបានមកពីសមាជិករបស់ក្រុមប្រទេសលូតលាស់ថ្មី ដូចជាចិនជាដើម បានប្រកាសចូលវិភាគទាន ៤៣បាន់លានដុល្លារ រុស្ស៊ី ១០ពាន់លានដុល្លារ ចំណែកឥណ្ឌា ប្រេស៊ីល អាហ្រ្វិកខាងត្បូង បានសន្យាផ្តល់លុយ ២ពាន់លានដុល្លារ ដល់FMI។ ក្រុមប្រទេសទើបលូតលាស់ថ្មីBRICS ដូចជាចិន សុខចិត្តផ្តល់លុយដល់FMI ព្រោះ តែប្រទេសទាំងនេះចង់បង្កើនតួនាទីខ្លួនច្រើនជាងមុន នៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយនេះ។ FMIតែងដឹកនាំដោយអឺរ៉ុប និងអាមេរិក ប៉ុន្តែ ប្រទេសចិន ឥណ្ឌា រុស្ស៊ី ដែលទើបមានសេដ្ឋកិច្ចលូតលាស់ថ្មី ចង់បានមានសំឡេងច្រើនរបស់ខ្លួន ដែរ នៅក្នុងសេចក្តីសម្រេចចិត្តរបស់ FMI។
យ៉ាងណាក៏ដោយ គឺមូលនិធិសំខាន់របស់FMI គឺបានមកពីប្រទេសនៅតំបន់អឺរ៉ូ ដែលបើទោះជាខ្លួនកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច តែនៅតែសន្យាផ្តល់១៥០ពាន់លានអឺរ៉ូ ដល់FMI។ FMIត្រូវការថវិកាដើម្បីយកទៅទប់ទល់វិបត្តិសេដ្ឋកិច្ចអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ