អានតួអត្ថបទ
កម្ពុជា

ប្រមុខ​​ការទូត​ ហោ ណាំហុង​ចេញ​ទៅ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍​ស្អែក​

លោក​​ប្រមុខ​ការទូត​ ហោ ណាំហុង ​នឹង​​ចេញ​​ដំណើរ​​ពី​​កម្ពុជា​ នៅ​​ល្ងាច​​ថ្ងៃ​​សៅរ៍​ទី​​៩​​មិថុនា​​ស្អែក​​នេះ​ ដើម្បី​​ទៅ​​បំពេញ​​ទស្សនកិច្ច​​ជា​​ផ្លូវការ​​នៅ​​សហរដ្ឋអាមេរិក​ចាប់ពី​​ថ្ងៃ​​ទី​​១២​ខែ​មិថុនា​ឆ្នាំ​​២០១២។​ ដំណើរ​ទស្សនកិច្ច​​របស់​លោក ​ហោ ណាំហុង​នៅ​​អាមេរិក​ដើម្បី​​ធ្វើ​ឲ្យ​​កាន់​តែ​​ស៊ីជម្រៅ​​បន្ថែម​ទៀត​និង​​ដើម្បី​​រិះរក​​ផ្លូវ​​ពង្រឹង​​ស្ថិរភាព​​ក្នុង​​តំបន់​និង​​ធានា​​វិបុលភាព​​រួម​សម្រាប់​​កម្ពុជា​-​អាមេរិក​ក៏​ដូច​ជា​​តំបន់​​អាស៊ី​-​ប៉ាស៊ីហ្វិក​​ទាំង​មូល។​​ 

លោក ហោ ណាំហុង​ ប្រមុខការទូតកម្ពុជា
លោក ហោ ណាំហុង​ ប្រមុខការទូតកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១២​។ លោក ហោ ណាំហុង នឹង​ចេញ​ដំណើរ​ពី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩​មិថុនា។​

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១២ បានបង្ហាញ​ថា ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី ហ៊ីល​ឡា​រី រ៉ូ​ដាម គ្លី​ន​តុ​ន។​

​សេចក្តីប្រកាស​លើក​ឡើង​ថា នៅ​អាមេរិក លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​នឹង​ជួប ពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ​លោក ជី​ម វេប (Jim Webb) សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុគណៈកម្មការ​កិច្ចការ​អាស៊ីប៉ាស៊ីហ្វិក និង​អាស៊ី​បូ​ព៌ា និង​លោក ដា​នី​ញែល រូស្ស៊ែ​ល (Daniel Russel) ជំនួយការ​ពិសេស​របស់​ប្រធានាធិបតី ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ផងដែរ។​

​ក្រៅពីនោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ថ្លែង​សុន្ទរកថា ស្តីពី “​ការអភិវឌ្ឍន៍​នៅ​កម្ពុជា និង​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​” នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ​។​

​ដំណើរ​ទស្សនកិច្ច​របស់លោក ហោ ណាំហុង ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គឺ​ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏​ដូចជា​ក្នុង​តំបន់ និង​ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ាន​។

​ក្នុង​លិខិត កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីល​ឡា​រី គ្លីន​តុ​ន បាន​សរសេរ​លិខិត​អញ្ជើញ​លោក​ហោ ណាំហុង ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១២។ តាម​លោក​ស្រី គ្លី​ន​តុ​ន ទស្សនកិច្ច​របស់​លោក ហោ ណាំហុង គឺជា​ឱកាស​ដ៏​សំខាន់​មួយ ដើម្បី​រិះរក​ផ្លូវ សម្រាប់​ឲ្យ​អាមេរិក និង​កម្ពុជា ធ្វើការ​រួមគ្នា សំដៅ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង​ជំរុញ​គោលដៅ​រួម​ក្នុង​តំបន់​ក្នុងអំឡុងពេល ដែល​លោក​ប្រមុខ​ការទូត​ហោ​ណាំហុង ដឹកនាំ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ “អាស៊ាន”។​

​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ក៏​បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែម ទៀតថា សហរដ្ឋអាមេរិក វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​នៃ​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​យើង​ទាំង​ពីរ​ជា​ច្រើន​ឆ្នាំ​កន្លងមកនេះ។

​លោកស្រី គ្លី​ន​តុ​ន ក៏​បាន​ស្វាគម​​ក្នុងឱកាស​លោក​ហោ​ណាំហុង ទស្សនកិច្ច​នៅ​អាមេរិក ដែល​​​ប្រមុខ​ការទូត​អាមេរិក ចាត់ទុកថា ដើម្បី​ធ្វើឲ្យ​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​អា​មេ​រិក​-​កម្ពុជា កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត និង​ដើម្បី​រិះរក​ផ្លូវ​ពង្រឹង​ស្ថិរភាព​ក្នុង​តំបន់ និង​ធានា​វិបុលភាព​រួម សម្រាប់​ប្រទេស​ទាំង​ពីរ ក៏ដូចជា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ទាំងមូល​ផង​ដែរ។​

​លោកស្រី គ្លី​ន​តុ​ន ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ និង​អ្នកវិនិយោគ​អាមេរិក មក​ចូលរួម​កិច្ចប្រជុំ​វេទិកា​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ នា​ដើម​ខែ​កក្កដា ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ប្រទេស​ដៃគូ សរុប ២៧ ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ