អានតួអត្ថបទ
កម្ពុជា

ទឹកជំនន់​ឆ្នាំ​២០១៣ ប៉ះ​ពាល់​ខ្លាំង​ដល់​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​

ខណៈ​ដែល​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១៣​នេះ កំពុង​បន្ត​វាយ​ប្រហារ​បណ្តា​ខេត្ត​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​មិន​ទាន់​ស្រាក​ស្រាន្ត​នៅ​ឡើយ​នោះ មន្ត្រី​គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង។ ​ផ្ទៃ​ដី​កសិកម្ម​ប្រមាណ​ជាង ១១ម៉ឺន​ហិកតា និង​គេហដ្ឋាន​រាប់ម៉ឺន​គ្រួសារ​ផ្សេង​ទៀត កំពុង​រង់​ការ​លិចលង់។ យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្រោចស្រង់ និង​ស្ថាបនា​ឡើងវិញ។

ទឹក​ជំនន់​នៅ​ប្រទេសកម្ពុជា ​ឆ្នាំ ២០១៣នេះ
ទឹក​ជំនន់​នៅ​ប្រទេសកម្ពុជា ​ឆ្នាំ ២០១៣នេះ RFI/ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

ទឹក​ជំនន់​ឆ្នាំ​២០១៣​នេះ បណ្តាល​ឱ្យ​ផ្ទៃ​ដី​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​ខូចខាត។ នេះ​បើ​តាម​នាយ​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បាន​បន្ត​​ថា ទឹក​ជំនន់​តាំង​ពី​ខែ​កញ្ញា​មក ដែល​នៅ​តែ​បន្ត​លិចលង់​នោះ បាន​បណ្តាលឱ្យ​ផ្ទៃ​ដី​កសិកម្ម​ដំណាំ​ស្រូវ​១១​ម៉ឺន​៥ពាន់​ហិកតា កំពុង​លិចលង់ ហើយដំណាំ​ស្រូវ​​៤១​ហិកតា​បាន​ខូចខាត​ទាំង​ស្រុង រួម​ទាំង​ដំណាំ​រួម​ផ្សំ​ចំនួន​៦៩០​ហិកតា​ផ្សេង​ទៀត​ រង​ការ​លិចលង់​ផង​ដែរ។ ក្រៅ​ពី​វិស័យ​កសិកម្ម​ដែល​កំពុង​រង​ការ​ខូចខាត​យ៉ាង​ដំណំ​នោះ​ បើ​តាម​លោក កែវ វី​ដដែល ជីវិត​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​ចំនួន​៩​ដែល​រួម​មាន​ ខេត្ត​កណ្តាល ព្រៃវែង កំពង់ចាម ព្រះវិហារ រតនៈគីរី ជា​ដើម​នោះ ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី៤ តុលា​នេះ ​ប្រជាពលរដ្ឋ​៣៩នាក់ បាន​ស្លាប់ ចំណែក​មនុស្ស​ប្រមាណ​ជាង ៦០ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​រង​ការ​ប៉ះពាល់ និង​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ចំណែក​ឯ​ផ្ទះ​សម្បែង​ប្រមាណ​ជាង​១០ម៉ឺន​ខ្នង​ កំពុង​រង​ការ​លិចលង់ ខណៈ​​ដែល​សាលារៀន ចំនួន​៧៦០​ខ្នង និង​វត្ត​អារាម​៣៥៣​កន្លែង និង​មន្ទីរពេទ្យ​៤៥​កន្លែង រួម​ទាំង​ផ្លូវ​ជាតិ​ប្រវែង​៤៩​គីឡូម៉ែត្រ ផ្លូវ​លំ​១៣៣២​គីឡូម៉ែត្រ​​ រួម​ទាំង​ស្ពាន ១៣៧ កន្លែង​ ក៏​កំពុង​រង​ការវាយ​ប្រហារ​ផង​ដែរ។ នេះ​បើតាម​លោក​កែវ វី។

បើទោះបីជា​មិន​ទាន់​អាច​វាយ​តម្លៃ​ការ​ខូចខាត​ក្នុង​គ្រោះ​ទឹកជំនន់​ឆ្នាំ​២០១៣​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី​ដដែល បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ត្រៀម​ស្បៀង​បម្រុង​រដ្ឋាភិបាល​រួច​ជា​ស្រេច​ សម្រាប់​ការ​ជួយ​សង្គ្រោះ​ដំណោះ​ស្រូវ ក៏​ដូច​ជា​ការ​ផ្តល់​ពូជ​ស្រូវ​ពេល​រដូវ​ទឹក​សម្រក ព្រម​ទាំង​ការ​ជួសជុល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រួច​រាល់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ