អានតួអត្ថបទ
កូតឌីវ័រ

សហគមន៍​អន្តរជាតិ កំពុង​ជ្រោមជ្រែង​ជួយ​ដោះស្រាយ​វិបត្តិ​កូតឌីវ័រ

ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច បាន​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​ ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​ទី ៧ ធ្នូ នេះ នៅ​Abuja ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​កូតឌីវ័រ។ ប្រទេស​កូតឌីវ័រ ដែល​ហែកជា​ពីរ ​មាន​ប្រធានាធិបតី​ពីរ គឺ​លោក បាក់ក្បូ និង​លោក វ៉ាត់តារ៉ា ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សហគមន៍​អន្តរជាតិ​ ក៏​បាន​បង្កើន​ការ​ដាក់​គំនាប​​ប្រឆាំង​នឹង​លោក​បាក់ក្បូ​ កាន់​តែ​ខ្លាំងឡើងៗដែរ។

លោក Thabo Mbeki អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង និង​ជា​បេសកជន​ពិសេសរបស់​សហភាព​អាហ្វ្រិក សម្រាប់​ប្រទេស​កូតឌីវ័រ
លោក Thabo Mbeki អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង និង​ជា​បេសកជន​ពិសេសរបស់​សហភាព​អាហ្វ្រិក សម្រាប់​ប្រទេស​កូតឌីវ័រ AFP/ Kambou Sia
ផ្សាយពាណិជ្ជកម្ម
01:51

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច បាន​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ ជាបន្ទាន់ ដើម្បី​​​រិះ​រក​មធ្យោបាយ​ឲ្យ​បាន​ប្រសើរ​ជាង​សហភាព​អាហ្វ្រិក។ សហភាព​អាហ្វ្រិក​ ដែល​បាន​បញ្ជូន​បេសកជន​ពិសេស​ គឺ​​លោក Thabo Mbeki អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ទៅ​កូតឌីវ័រ​ រយៈ​ពេល​ពីរ​ថ្ងៃ​ ដោយ​​មិន​បាន​សម្រេច​​លទ្ធផល​អ្វី​សោះ។ គូ​ប្រជែង​ទាំងពីរ​នៅ​តែ​ចចេស​រៀងៗ​ខ្លួន មិនព្រម​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់​ទេ។

លោក បាក់ក្បូ និង​ លោក វ៉ាត់តារ៉ា មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​ នៅ​ថ្ងៃ​នេះទេ។ ប៉ុន្តែ​លោក បាក់ក្បូ ដែល​ដឹក​នាំ​ប្រទេស​កូតឌីវ័រ​តាំង​ពី​​ ១០​ឆ្នាំ​មក​ហើយ បាន​បញ្ជូន​បេសកជន​ពិសេស​ទៅ​ត្រួត​ពិនិត្យ​តំបន់​ជួប​ប្រជុំ​ ​នោះ។ រហូត​មក​ទល់​ពេល​នេះ អ្នក​នាំ​ពាក្យ​របស់​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​វិធានការ​​ទាំង​ឡាយ​ដែល​ត្រូវ​លើក​យក​ពិភាក្សា​​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នេះ​ទេ។

សូម​បញ្ជាក់​ថា ​លោក បាក់ក្បូ និង​លោកវ៉ាត់តារ៉ា សុទ្ធ​តែ​​​ត្រូវ​បានប្រកាស​ទទួល​ជោគជ័យ​​រៀង​​ខ្លួនៗ និង​បាន​ស្បថ​​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទាំង​ពីរ​នាក់។ លោក វ៉ាត់តារ៉ា បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ អង្គការ​សហប្រជាជាតិ និង​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​លោក រួម​ទាំង​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច​ផង។

ហេតុ​ដូច្នេះ​ហើយ បាន​ជា​សហគមន៍​អន្តរជាតិ​នាំ​គ្នា​ដាក់​គំនាប​លើ​លោក បាក់ក្បូ ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កាត់​ក្តី​ឲ្យ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី។ ម្សិលមិញ សេតវិមាន និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ជា​ផ្លូវការ​លោក បាក់ក្បូ និង​ព្រមាន​ថា​ លោក​បាក់ក្បូ​ កំពុង​តែ​ឯកា និង​អាច​​ទទួល​ផល​វិបាក​ជា​ច្រើន ពីភាព​​រឹង​ទទឹង​តោង​អំណាច​នេះ ព្រម​ទាំង​ទណ្ឌកម្មមួយចំនួន​ផង។ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ទំនង​ជាបាន​សរសេរ​លិខិត​មួយ​ បង្ខំ​ ឲ្យ​​លោក​បាក់ក្បូ គោរព​សំឡេង​​ឆ្នោត​របស់​ពល​រដ្ឋ និង​ដើរ​ចេញ​ពី​ដំណែង​ផង។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ