អានតួអត្ថបទ
អង់គ្លេស

ឃាតកម្ម​សម្លាប់​លោកស្រី​ Jo Cox ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​អង់គ្លេស​

រសៀល​ថ្ងៃព្រហស្បតិ៍​ ១៦មិថុនា ម្សិលមិញ លោកស្រី​ចូ ខុក Jo Cox ស្ត្រីតំណាងរាស្ត្រ​អង់គ្លេសមួយរូប ត្រូវបាន​ជនជ្រុល​និយម​ស្តាំមួយរូប ​បាញ់សម្លាប់ នៅជិត​បណ្ណាគារ​មួយ ក្នុង​​ភូមិBirstall នៅWest Yorkshire ​ភាគខាងជើង​​​អង់គ្លេស។ លោកស្រី​ ចូ ខុក អាយុ​៤១ឆ្នាំ សមាជិក​បក្ស​ការងារ ជា​អ្នក​គាំទ្រពេញ​ទំហឹង​អោយ​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប។ ឃាតកម្ម​កើតឡើង​តែ​១សប្តាហ៍​ប៉ុណ្ណោះ​ មុន​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ថា តើ​ត្រូវបន្តនៅ​ក្នុង​សហភាព​អឺរ៉ុប រឺ​ក៏ត្រូវដើរចេញ។ យោងតាម​ការ​ស្ទាបស្ទង់​មតិ ពលរដ្ឋ​គាំទ្រ​អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប មាន​ច្រើនជាងពលរដ្ឋ​ដែល​ចង់​អោយ​អង់គ្លេស​នៅ​បន្ត​ជា​សមាជិក​អឺរ៉ុប។​​

លោកស្រី​ Jo Cox តំណាងរាស្ត្រអង់គ្លេស​ត្រូវ​ជន​ជ្រុលនិយម​​បាញ់​សម្លាប់​ ថ្ងៃ១៦មិថុនា ឆ្នាំ២០១៦
លោកស្រី​ Jo Cox តំណាងរាស្ត្រអង់គ្លេស​ត្រូវ​ជន​ជ្រុលនិយម​​បាញ់​សម្លាប់​ ថ្ងៃ១៦មិថុនា ឆ្នាំ២០១៦ DANIEL LEAL-OLIVAS / AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ហេតុការណ៍​ឃាតកម្ម​ អង់គ្លេស​បាន​សម្រេចព្យួរ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រជាមតិ​នេះ។ ដោយសារ​ហេតុការណ៍​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​បានលុបចោល​កិច្ចប្រជុំ​មួយ​នៅGibraltar។ លោក​ខាំមេរូន ​ចាត់ទុក​ឃាតកម្ម​លើ​រូប​លោកស្រី​ចូ ខុក ថាជា​សោដនាកម្ម។ ប្រមុខការទូត​អាមេរិក​ ​លោក​ចន ឃែររី និង​អ្នកនយោបាយ​បរទេស​​ច្រើនរូប ក៏ដូចជា​​​សារព័ត៌មាន​ក្នុងស្រុក ​ លើកឡើង​ថា មរណភាព​ស្ត្រី​តំណាងរាស្ត្រ ចូ ខុក ស​បង្ហាញ​ពី​កា​រវាយប្រហារ​លើ​​​លទ្ធិ​ប្រជាធិបតេយ្យ​​។

​ឃាតកម្ម​នយោបាយ​ រឺ​ជាគំនុំ​​ផ្ទាល់ខ្លួន?
យោងតាម​ប៉ូលិស ឃាតកម្មនេះ​ជា​រឿងផ្ទាល់ខ្លួន​របស់​ឃាតករ​តែ​ប៉ុណ្ណោះ។ ឃាតករ​សម្លាប់​ស្ត្រី​តំណាងរាស្ត្រ​​អង់គ្លេស មានឈ្មោះថា ថូមី មែរ អាយុ​៥២ឆ្នាំ។ យោងតាម​សាក្សី​ក្នុង​ហេតុការណ៍ ថូមី បាន​​ប្រើកាំភ្លើង​មួយដើម បាញ់​សំដៅ​ទៅ​លោកស្រី ចូ ខុក ២ទៅ៣គ្រាប់។ រួចមក​ទៀត​ ឃាតករ​រូបនេះ បាន​ប្រើកាំបិត​ចាក់​លើ​រូបលោកស្រី ​ជាច្រើន​កាំបិតថែមទៀត។ ​​យើងឃើញ​ថា ឃាតករ​មិន​ខ្វល់ថា លោកស្រី​ជា​ស្រីភេទ ដែល​មាន​គ្រួសារ និង​កូនៗ​នោះទេ។ ទង្វើ​នេះ​ព្រៃផ្សៃ​ណាស់។ យោងតាម​​គ្រួសារ​ឃាតករ​ ឃាតករ​ថូមី មែរ​ នេះ​ ជាធ្លាប់​មាន​​បញ្ហា​​ផ្លូវចិត្ត។

សាក្សី​ប្រាប់ទៀតថា ​ឃាតករ​រូបនេះ​បានស្រែកដល់ទៅ​២លើក​ថា Britain First។ Britain First នេះ​ជា​ឈ្មោះ​របស់​ក្រុមស្តាំនិយម​ជ្រុល​មួយ​នៅ​អង់គ្លេស។ ប៉ុន្តែ​ក្រុមនេះ​ប្រាប់ថា​ មិនដែល​មានទំនាក់​ទំនង​ជាមួយ​ ថូមី មែរ​។ យោងតាម​ក្រុមការពារ​សិទ្ធិមនុស្សអាមេរិកឈ្មោះថា ​ Poverty Law Center ថូមី មែរ​ គឺជា​សកម្មជន​ស្មោះត្រង់​មួយរូប របស់​​​ក្រុមហ្វាស៊ីស​​មួយក្រុម ឈ្មោះថា សម្ព័ន្ធជាតិ​ ហៅកាត់​ថា NA។ ក្រុម​នេះ​មាន​​ទីតាំង នៅ​អាមេរិក។ ក្រុមនេះ​ចង់​​បង្កើត​ជាតិមួយដែល​មា​នតែ​ជនជាតិ​ស្បែកស​សុទ្ធសាធ។ ឃាតករ​ថូមី ​ប្រហែល​​​បានចាយ​លុយ​​​៥៥០អឺរ៉ូ ដើម្បី​ទិញសៀវភៅ​របស់​ក្រុមនេះ ក្នុង​នោះ​ក៏​មានសៀវភៅ​និយាយ​ពី​វិធី​ធ្វើអាវុធ​ផងដែរ។

ឃាតកម្ម​​ទាក់ទង​នយោបាយ​រឺ​យ៉ាងណានោះ យើង​នៅ​មិនទាន់​ដឹងច្បាស់ទេ។ តែ​បើមើល​ទៅ វាជា​ទង្វើ​ផ្ទាល់ខ្លួន​របស់​​ជន​​ជ្រុលនិយម​ច្រើនជាង។ ឃាតករ​អាច​ជា​ជនដៃល​ស្អប់​អឺរ៉ុប​ពេញទី ជា​ជន​ដែល​មិនពេញចិត្ត​នឹង​វត្តមាន​ជនអន្តោប្រវេសន៍​ក្នុងទឹកដី​អង់គ្លេស។

គួរបញ្ជាក់ថា ស្ត្រី​តំណាងរាស្ត្រ​អង់គ្លេស​ចូ ខុក មុន​នឹង​ក្លាយ​ជា​តំណាងរាស្ត្រ​ គាត់ធ្វើ​សកម្មភាព​​មនុស្សធម៌ច្រើនណាស់ ធ្លាប់គាំទ្រ​ ជួយ​ជនភៀសខ្លួន​ រក​យុត្តិធម៌​អោយ​សង្គម។ អភិបាល​​ក្រុង​អង់គ្លេស​សព្វថ្ងៃ រឺក៌​អ្នកនយោបាយ​ច្រើនរូប នៅ​ប្រទេស​​អឺរ៉ុប​ផ្សេងទៀត ក៏​សរសើរ​ដែរថា គាត់ជា​ស្ត្រី​ដ៏ក្លាហាន​។

ប្រធានបទ​អន្តោប្រវេស៍​និង​ការភ័យខ្លាច​ជនអន្តោប្រវេសន៍​​ជារឿងថ្មី​សម្រាប់​ការ​​បោះឆ្នោត​ប្រជាមតិ២៣មិថុនា
ប្រាកដណាស់ ប្រធានបទ​ប្រជាមតិ​ពេលនេះ ហាក់​ប្រែក្លាយ​ទៅជា​ប្រធានបទ​លើ​រឿង​​​អន្តោប្រវេសន៍​ទៅវិញ។ បើ​មើល​ភាព​ជាក់ស្តែង បញ្ហា​អន្តោប្រវេសន៍​ជា​បញ្ហា​ចំបង ពិសេស​ចំពេល អឺរ៉ុប​ជួប​​បញ្ហា​ជនភៀសខ្លួន​​តាមទូក ដែល​គេច​សង្គ្រាម​ រត់មក​ជ្រកនៅ​អឺរ៉ុប ដែល​ចេះតែ​កើត​​រៀង​រាល់​ថ្ងៃ​ទៀតនោះ។ ប្រាកដហើយ ពលរដ្ឋ​អង់គ្លេសពិតជា​​ភ័យខ្លាច​នឹង​នយោបាយ​អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប ខ្លាច​ជនភៀសខ្លួន​បង្ក​ជា​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ក្នុង​​​ទឹកដីខ្លួន។ ​បូកផ្សំ​នឹង​យុទ្ធនាការ​ឃោសនា​ ញុះញង់​អោយ​ស្អប់​អឺរ៉ុប​ អោយ​បោះឆ្នោតដើរចេញ​ពី​អឺរ៉ុបទៀត បញ្ហាអន្តោប្រវេសន៍​​មិន​​ងាយ​បញ្ចប់​ងាយៗ​ទេ។ ជាក់ស្តែង មានការ​ឃោសនា​រហូត​ថា ជនអន្តោប្រវេសន៍​ឈ្លានពាន​ទឹកដី​អង់គ្លេស​ទៀតផង។ ប្រហែល​ដោយ​យុទ្ធនាការ​អស់នេះ ទើប​អ្នកគាំទ្រ​អោយ​អង់គ្លេស​ដើរចេញ​ពីអឺរ៉ុប​បាន​កើនចំនួន​ជាងមុន។

ក្រោយការ​បាញ់សម្លាប់​លោកស្រី ចូ ខុក ទីប្រឹក្សា​របស់​អតីត​នាយករដ្ឋមន្ត្រី​ថូនី ប្ល៊ែរ មួយរូប បាន​ប្រតិកម្ម​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន។ គាត់​លើកឡើង​ថា គឺសារព័ត៌មាន​ដែល​បាន​​ជំរុញ​អោយ​មាន​ការស្អប់ខ្ពើម ជំរុញ​អោយ​មាន​កំហឹង​ប្រឆាំង​អ្នកនយោបាយ។ ឥឡូវ លទ្ធផល​គឺ​ដូច្នេះ​ឯង គឺ​ថា អ្នកដែល​គេស្អប់ ដែល​មាន​មតិ​ផ្ទុយ​ពី​គេ បែរ​ជា​ត្រូវ​គេ​បាញ់សម្លាប់។

ការ​គុំកួន រឺ​បាញ់សម្លាប់​​នោះ វា​ជាបទឧក្រិដ្ឋ​រួចហើយ តែ​អ្វីដែល​ជា​បញ្ហា​នោះ គឺថា​ការ​ស្អប់ខ្ពើម​​រហូតដល់​ហ៊ាន​​ធ្វើឃាត​មនុស្ស​ដែល​គ្មាន​​ទស្សនៈ​ដូចបុគ្គល​ខ្លួន គឺ​ជា​គ្រោះថ្នាក់​ធ្ងន់​សម្រាប់​ប្រជាធិបតេយ្យ​អង់គ្លេស។ យើងឃើញថា ឃាតករ​ធ្លាប់​ជា​មនុស្ស​មា​នបញ្ហា​ផ្លូវចិត្ត។​ តែ​បើ​គាត់អាច​ដើរហើរ​បាន​ដោយសេរី មានន័យថា គាត់​អាច​គ្រប់គ្រង​ចិត្ត​គាត់បាន​ឡើងវិញ។ ប៉ុន្តែ ​​​ថូមី មែរ ជ្រុលនិយម​ ​ដុះគំនិតរហូត​​ទិញសៀវភៅអាន​ពី​​វិធី​ធ្វើអាវុធ​ដោយដៃ។​ នេះ​ជា​ការចាក់រឹស​ធ្ងន់ធ្ងរ ​នៃ​គំនិត​ជ្រុលនិយម ហើយ​ក៏បង្ហាញ​ដែរថា បើ​គំនិត​ជ្រុល​និយម​​ដុះស្លែ​ហើយ គ្មានអ្នកណា​អាច​ជួយ​អ្នកណា​ទេ។

មេរៀន​ថ្មី​សម្រាប់​អង់គ្លេស​និង​អឺរ៉ុប​
ឃាតកម្មលើស្ត្រីតំណាងរាស្ត្រ​​អង់គ្លេស​​ ​អាច​ធ្វើអោយ​ប្រជាជន​អង់គ្លេស​ពិចារណា​ឡើងវិញ ពី​ផលវិបាក​នៃ​ការដើរចេញ​ពីអឺរ៉ុប រឺក៏​ការ​បន្តស្ថិត​នៅ​ក្នុង​អឺរ៉ុប។ លទ្ធផល​អាច​ប្រែប្រួល​គ្រប់ពេល។ ឃាតកម្ម​លើ​លោកស្រី​ចូ ខុក ​ជា​មេរៀន​មួយ​សម្រាប់គ្រប់​និន្នាការ​នយោបាយ​នៅ​អង់គ្លេស​ក៏ដូច​ជា​នៅ​ទូទាំង​​សហភាព​អឺរ៉ុប​ផងដែរ។ គេ​ត្រូវ​​មើលឡើងវិញ លើ​នយោបាយ​អន្តោប្រវេសន៍​​ ថា​តើ​ត្រូវ​​ថ្លឹងថ្លែង យ៉ាងណា ទើប​ប្រសើរ។

ការឃោសនា​របស់​អ្នកសារព័ត៌មាន និង​ការ​ឃោសនា​នយោបាយ​នានា​ក៏គួរតែ​មើល​ពី​ខ្លឹមសារ​ខ្លួន​ឡើងវិញដែរ​ ចៀសវាង​ជំរុញ​អោយ​មា​នការស្អប់​ខ្ពើម រហូត​គំរាម​កំហែង​លទ្ធិ​ប្រជាធិបតេយ្យ​ដូច្នេះ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ