អានតួអត្ថបទ
លីប៊ី

កងកម្លាំង​ទ័ព​របស់​លោក​កាដាហ្វី​រុល​ទៅ​មុខ​សំដៅ​ទៅ​កាន់​បេនហ្កាហ្ស៊ី​ជា​ទី​បញ្ជាការ​របស់​ពួក​អ្នក​ប្រឆាំង​នឹង​គាត់

កងកម្លាំង​ទ័ព​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ចន្ទ​១៤​មីនា​នេះ​ បាន​រុល​ទៅ​មុខ​សំដៅ​ទៅ​កាន់​បេនហ្កាហ្ស៊ី​ជា​ទីស្នាក់ការ​របស់​ពួក​អ្នក​ ប្រឆាំង​នឹង​កាដាហ្វី​ ដោយ​សារ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​និង​ការទម្លាក់​គ្រាប់​បែក​ពី​យន្តហោះ​ ប្រដេញ​ ​ ប៉ុន្តែ​បញ្ហា​បង្កើត​មណ្ឌល​ហាមប្រាម​ការហោះ​ហើរ​ពី​លើ​ប្រទេស​លីប៊ី​កំពុង​ តែ​ត្រូវ​ជជែក​ពិភាក្សា​គ្នា​នៅ​ឡើយ​រវាង​អូតង់​និង​សហភាព​អឺរ៉ូប។

ប្រជាជន​នៅ​ Benghazi ធ្វើ​​បាតុកម្ម​ ថ្ងៃ​ទី ១៣ មីនា ២០១១
ប្រជាជន​នៅ​ Benghazi ធ្វើ​​បាតុកម្ម​ ថ្ងៃ​ទី ១៣ មីនា ២០១១ RFI/Manu Pochez
ផ្សាយពាណិជ្ជកម្ម
02:41

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

កងទ័ព​លីប៊ី​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​”​ បោស​សម្អាត​ “​ផ្ទៃ​ប្រទេស​ទាំង​មូល​-នេះ​ជា​ការថ្លែង​របស់​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​កងទ័ព​លីប៊ី​ នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​។​ ខ្សែ​បន្ទាត់​នៃ​រណសិរ្ស​បាន​ឈាន​ទៅ​ប៉ែក​ខាង​កើត​ប្រទេស​ ​ ទៅ​កាន់​ទី​ក្រុង​កាន់​កាប់​ដោយ​ពួក​ឩទ្ទាម​ដែល​បាន​ធ្លាក់​ជា​បន្ត​បន្ទាប់​គ្នា​ទៅ​ក្នុង​កណ្តាប់​ដៃ​កងទ័ព​របស់​លោក​កាដាហ្វី​ដែល​បាន​ប្តេជ្ញា​ចិត្ត​ពុះ​ពារ​ជំនះ​លើ​ការបះបោរ​ ​ ទោះ​បី​ជា​មាន​ការតវ៉ា​ប្រឆាំង​និង​មាន​ទ័ណ្ឌកម្ម​អន្តរជាតិ​ក្តី។

កាល​ពី​មួយ​សប្តាហ៍​មុន​សោះ​ ​ អ្នក​សង្កេតការណ៍​ភាគ​ច្រើន​យល់​ឃើញ​ថា​ របប​កាដាហ្វី​ជិត​ងាប់​ហើយ​។​កាល​នោះ​ ពួក​ឩទ្ទាម​កំពុង​តែ​វាយ​លុក​ ហើយ​អ្នក​ខ្លះ​យល់​ឃើញ​ថា​ របប​ទ្រីប៉ូលី​នឹង​ធ្លាក់​ក្នុង​ពេលឆាប់ៗ​ខាង​មុខ​និង​ដោយ​ចៀស​ពុំ​ផុត​ឡើយ។

នៅ​ទី​បំផុត​ទៅ​ ​ បន្ទាប់​ពី​សុន្ទរកថា​បង្ក​សង្គ្រាម​ជា​បន្ត​បន្ទាប់​គ្នា​មក​ ​ លោក​Mouammar​ Kadhafi​ បាន​ឆ្លង​ទៅ​កាន់​ការវាយ​លុក​តប-ត​វិញ។​ ដោយសារ​ឩត្តមានុភាព​យោធា​នៃ​កងទ័ព​ខ្លួន​ ​ នៃ​កង​សេនាជន​និង​ពួក​ជន​ស៊ី​ឈ្នួល​ច្បាំង​របស់​ខ្លួន​ដែល​បាន​ទទួល​ការគាំពារ​តាម​ផ្លូវ​អាកាស​មិន​តិច​ទេ​ នៅ​ចំពោះ​មុខ​ពួក​ឩទ្ទាម​ដែល​ខ្វះ​ការរៀប​ចំ​ ​ របប​កាដាហ្វី​បាន​ដណ្តើម​បាន​មក​វិញ​នូវ​ទីតាំង​មួយ​ចំនួន​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ក្នុង​ខណៈ​នេះ​ គេ​ពុំ​ទាន់​អាច​និយាយ​ថា​ តើ​ការវាយ​លុក​តប​-ត​វិញ​នេះ​ប្រកាស​ឱ្យ​ដឹង​ជាមុន​អំពី​ការបង្ក្រាប​កំទេច​ ដោយ​កម្លាំង​យោធា​នូវ​ការបះ​បោរ​ឬ​ទេ?​ ប៉ុន្តែ​ ជា​ការច្បាស់​ណាស់​ នៅ​លើ​ទី​សមរភូមិ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អ្វីៗ​ពុំ​បាន​ប្រែ​ប្រួល​ជា​គុណ​ប្រយោជន៍​ដល់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​នោះ​ទេ។

ដើម្បី​ជួយ​សង្គ្រោះ​ចលនា​ខ្លួន​ ​ ពួក​អ្នក​បះបោរ​នៅ​បេនហ្កាហ្ស៊ី​បាន​អំពាវ​នាវ​សូម​ឱ្យ​សហគមន៍​អន្តរជាតិ​បំពេញ​សកម្មភាព​មួយ​ជា​បន្ទាន់។​ ប៉ុន្តែ​ សហគមន៍​អន្តរជាតិ​ទំនង​ជា​មាន​ការយឺតយ៉ាវ​ក្នុង​ការឆ្លើយ​តប​ចំពោះ​សំណូម​ពរ​នេះ។

បន្ទាប់​ពី​សម័យប្រជុំ​របស់​អូតង់​និង​សហភាព​អឺរ៉ូប​ដែល​ពុំ​បាន​នាំ​ទៅ​កាន់​សេចក្តី​សំរេច​ចិត្ត​ណា​មួយ​ដ៏​ជាក់​លាក់​សោះ​ ​ ជំនួប​រដ្ឋ​មន្ត្រី​នៃ​ក្រុម​ប្រទេស​G-8​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​១៤​មីនា​នេះ​ នៅ​ប៉ារីស​ជា​ទី​ដែល​ប្រទេស​បារាំង​រំពឹង​ធ្វើ​ឱ្យ​ចម្រើន​ទៅ​មុខ​ គំនិត​ស្តី​ពី​មណ្ឌល​ហាម​ប្រាម​ការហោះ​ហើរ​ពី​លើ​ផ្ទៃ​ប្រទេស​លីប៊ី។ ​បក្សសម្ព័ន្ធ​អារ៉ាប​បាន​គាំទ្រ​វិធានការ​បែប​នេះ​ ដើម្បី​ហាម​ប្រាម​ការទម្លាក់​គ្រាប់​បែក​ទៅ​លើ​បណ្តាជន​ស៊ីវិល។

ម្សិល​មិញ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ឃាតកម្ម​ទៅ​លើ​រូប​អ្នក​កាសែត​ជាតិ​កាតារ​ម្នាក់​ជា​អ្នក​ថត​រូប​ដោយ​ប្រើ​ប្រដាប់​ថត​caméra​នៃ​បណ្តាញ​ទូរទស្សន៍​Al-Jazira​នៅ​ប្រទេស​លីប៊ី​ ស្លាប់​នៅ​ថ្ងៃ​សៅរ៍​១២មីនា​នៅ​ក្នុង​ការពួន​ស្ទាក់​មួយ។ ​ការបង្ក្រាប​យ៉ាង​កាច​សាហាវ​ឃោរឃៅ​បង្ហូរឈាម​ដាប​ទៅ​លើ​ពួក​អ្នក​បះបោរ​ បាន​បណ្តាល​ឱ្យ​ស្លាប់​ជន​រាប់​រយ​ឬ​ក៏​រាប់​ពាន់​នាក់​ផង​ និង​បាន​បង្ខំ​ឱ្យ​ជន​ជាង​២៥ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ចេញ​ពី​ប្រទស​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ