អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយពី​បក្សស្តាំនិយម​បរាជ័យ​ក្នុងការ​បង្កើត​រដ្ឋាភិបាល ម្តងនេះ​ដល់វេន​បក្សឆ្វេង​និយម​ក្រិក​ដាច់ខាត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ​៤៨ម៉ោង​ក្រោយពី​មាន​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នៅ​ប្រទេស​ក្រិក​ ​ សភាព​ទាល់​ច្រក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​នៅ​តែ​មាន​ដដែល។​ លោក​ Antonis Samaras ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យថ្មី​ដែលជា​បក្ស​ស្ដាំនិយម​ឈ្នះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី៦​ឧសភា​ឆ្នាំ២០១២​បាន​បោះបង់​ចោល​ការ​បង្កើត​រដ្ឋាភិបាល​ ​ ដោយហេតុ​តែ​គ្មាន​អាសនៈ​ភាគច្រើន​គ្រប់គ្រាន់។​ ដូច្នេះ​ប្រទេស​ក្រិក​កំពុងតែ​ធ្លាក់​ទៅក្នុង​ស្ថានភាព​នយោបាយ​មួយ​ពុំជាក់ច្បាស់។

លោកប្រធានាធិបតី​​ក្រិក​​​ Papoulias​ (ស្តាំ)​ ទទួល​លោក​​ Samaras ​​មេដឹកនាំ​​បក្ស​​ប្រជាធិបតេយ្យថ្មី​​នៅថ្ងៃ​អាទិត្យ​ទី៧​ឧសភា​ឆ្នាំ២០១២
លោកប្រធានាធិបតី​​ក្រិក​​​ Papoulias​ (ស្តាំ)​ ទទួល​លោក​​ Samaras ​​មេដឹកនាំ​​បក្ស​​ប្រជាធិបតេយ្យថ្មី​​នៅថ្ងៃ​អាទិត្យ​ទី៧​ឧសភា​ឆ្នាំ២០១២ REUTERS/Aris Messinis
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​លោក​ Antonis Samaras ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យថ្មី​ដែលជា​បក្ស​ស្ដាំនិយម​ឈ្នះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី៦​ឧសភា​ម្សិលម្ង៉ៃ​​ដែល​ទទួលបាន​១០៨អាសនៈ​ឬត្រូវជា​១៨,៨៥%​ ​ បាន​បោះបង់​ចោល​ការ​បង្កើត​រដ្ឋាភិបាល​ក្រិក។​ ​ នៅ​ថ្ងៃអង្គារ​ទី៨​ឧសភា​ឆ្នាំ២០១២នេះ​ដល់វេន​លោក​ Alexis Tsipras ​មេដឹកនាំ​បក្សឆ្វេង​និយម​ដាច់ខាត​ក្រិក​( Syriza) ដែលជា​អ្នកជាប់​ចំណាត់​ថ្នាក់​ទីពីរ​ក្នុង​ការបោះឆ្នោត​សភា​ដែល​ទទួលបាន​៥២អាសនៈ​ឬត្រូវជា​១៦,៧៨%​ ​ ជាអ្នក​ឡើងមក​បង្កើត​រដ្ឋាភិបាល​ក្រិក។

 
លោក​ Alexis Tsipras ​មេដឹកនាំ​បក្សឆ្វេង​និយម​ដាច់ខាត​ក្រិក​(Syriza) ប្រហែល​ពុំអាច​សម្រេច​ជោគជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ទេ​ ​ ដោយហេតុថា​ ​ កម្លាំង​នៃ​បក្ស​ឆ្វេងនិយម​ក្រិក​ដែល​ប្រឆាំង​ទល់នឹង​ផែនការ​ត្បិតត្បៀត​អាច​ប្រមូល​បាន​គ្នីគ្នា​ដល់ទៅ​៩៧អាសនៈ​នៅក្នុង​សភាក្រិក​ដែលមាន​ទាំងអស់​៣០០អាសនៈ។​ ហើយ​មិនទាន់​ទាំង​អ្វីផង​ ​ គណបក្ស​កុម្មុយនិស្ត​ក្រិក​( KKE) ​ដែល​ទទួលបាន​សំឡេង​គាំទ្រ​៨,៤៨%​ឬត្រូវជា​២៦អាសនៈ​បាន​ប្រកាស​ប្រាប់​ជាមុន​ហើយថា​ ​ គេពុំ​ចូល​រួបរួម​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ឡើយ។

ហើយបើ​លោក​ Alexis Tsipras ​មេដឹកនាំ​បក្សឆ្វេង​និយម​ដាច់ខាត​ក្រិក​ (Syriza) ទទួល​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ ​ នោះនឹង​ត្រូវ​ដល់វេន​អ្នក​ជាប់​ចំណាត់ថ្នាក់​ទីបី​ក្នុង​ការបោះឆ្នោត​សភា​ពោលគឺ​គណបក្ស​សង្គម​និយម​ក្រិក​ PASOK ​ដែល​ទទួលបាន​៤១អាសនៈ​ឬត្រូវជា​១៣,១៨%​ជាអ្នក​ឡើង​មក​រិះរក​មធ្យោបាយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

ហើយបើ​បក្ស​សង្គម​និយម​ក្រិក​ PASOK ​នៅតែ​ពុំ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ ​ នោះ​លោក​ប្រធានាធិបតី​ក្រិក​អាច​មាន​លទ្ធភាព​ចុងក្រោយ​មួយ​គឺ​ ​ ប្រមូល​ប្រជុំ​គណបក្ស​នយោបាយ​ក្រិក​ទាំងអស់​នារយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ ​ ដើម្បី​រិះរក​កិច្ចព្រមព្រៀង​មួយ។​ ប៉ុន្តែ​មិន​ទាំងទាន់​អ្វីផង​ ​ អ្នកវិភាគ​ជាច្រើន​យល់​ឃើញថា​ ​ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ក្រិក​សាជាថ្មី​អាចនឹង​កើតមាន​នៅ​រវាង​ថ្ងៃទី​១៧មិថុនា​ឆ្នាំ២០១២​ខាងមុខនេះ។

គួរបញ្ជាក់ថា​ ​ នាឱកាស​វិបត្តិ​នយោបាយ​ក្រិក​នៅ​ឆ្នាំ១៩៨៩​ ​ លោក​ប្រធានាធិបតី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​គណបក្ស​នយោបាយ​ក្រិក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះមួយ​ដែល​គេ​បានហៅថា​ ​ “រដ្ឋាភិបាល​សាកល”​ ដែលដឹកនាំ​ប្រទេស​ក្រិក​បានតែ​៥ខែ​ប៉ុណ្ណោះ។

បើ​ប្រសិនជា​ថ្នាក់​នយោបាយ​ក្រិក​នៅតែ​គ្មាន​សមត្ថភាព​នឹង​បង្កើត​ឲ្យមាន​រដ្ឋាភិបាល​សម្រាប់​ធ្វើការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ដើម្បី​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ទេ​ ​ នោះ​ចាប់ពី​ពេលនេះ​ទៅទល់​ចុងខែ​មិថុនា​ឆ្នាំ២០១២​ ​ ប្រទេស​ក្រិក​អាច​ធ្លាក់​ទៅក្នុង​គ្រោះថ្នាក់​នៃ​សភាព​ធនក្ស័យ​ពោលគឺ​គ្មាន​ប្រាក់​សម្រាប់​បើកជូន​មន្ត្រី​រដ្ឋការ​ដែល​ធ្វើការ​បម្រើ​ប្រទេសជាតិ​ ​ ហើយនិង​ពុំអាច​សង​ប្រាក់បំណុល​ដ៏​ច្រើន​មហិមា​ដែល​ប្រទេស​ក្រិក​ជំពាក់គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ