អានតួអត្ថបទ
ក្រិក

អឺរ៉ុប​ព្រមព្រៀង​លើ​កញ្ចប់ថវិកា​១៣០ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ក្រិក​ពី​ការ​ក្ស័យធន

នៅព្រឹកព្រលឹម​ថ្ងៃ​អង្គារ ២១ កុម្ភៈ​នេះ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​នៃ​តំបន់​ចាយលុយ​អឺរ៉ូ​បាន​ព្រមព្រៀងគ្នា​លើ​កញ្ចប់ថវិកា​ចំនួន ១៣០ពាន់លាន​អឺរ៉ូ ដើម្បីជួយ​ក្រិក​ឲ្យ​ចៀសផុត​ពី​ការ​ក្ស័យធន។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​ ដែល​ជា​ម្ចាស់បំណុល​ក្រិក​ ក៏​បាន​សុខចិត្ត​លុបចោល​បំណុលក្រិក​ជាងពាក់កណ្តាល​ផងដែរ។ ចំណែក​ក្រិក​វិញ​ត្រូវ​​ជាប់កាតព្វកិច្ច​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​ច្រើន​ជាង​មុន​ទៅទៀត។

នាយករដ្ឋមន្រ្តី​ក្រិក (ឆ្វេង) នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​នៃ​តំបន់​ចាយលុយ​អឺរ៉ូ ថ្ងៃ២០ កុម្ភៈ ២០១១
នាយករដ្ឋមន្រ្តី​ក្រិក (ឆ្វេង) នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​នៃ​តំបន់​ចាយលុយ​អឺរ៉ូ ថ្ងៃ២០ កុម្ភៈ ២០១១ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ការចរចា​គ្នា​ពេញ​មួយយប់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ នៃ​ប្រទេស​ទាំង ១៧ ជា​សមាជិក​តំបន់​ចាយលុយ​អឺរ៉ូ (Eurozone) ក៏​បាន​ព្រមព្រៀងគ្នា​លើ​​វិធានការ ដើម្បី​ជួយក្រិក​ឲ្យ​ចៀសផុត​ពី​ការ​ក្ស័យធន នៅ​ខែ​មីនា និង​ទប់​បំណុល​ក្រិក​ឲ្យ​នៅ​ត្រឹម ១២០,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០២០ (តាមការ​ព្យាករ បំណុលក្រិក​​អាច​កើនឡើង​រហូតដល់ ១៦០% នៃ​ផលិតផល​ក្នុងស្រុកសរុប នៅ​ឆ្នាំ​២០២០)។

ក្រៅ​ពី​កញ្ចប់​ថវិកា ១៣០ពាន់លាន​អឺរ៉ូ (ប្រមាណ ១៧២​ពាន់លាន​ដុល្លារ​អាមេរិក) បាន​មក​ពី​រដ្ឋជា​សមាជិក​ Eurozone ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន ដែល​ជា​ម្ចាស់​បំណុល​ក្រិក ក៏​បាន​ព្រមព្រៀង​ផងដែរ​ថា នឹង​សុខចិត្ត​លុបចោល​បំណុល​ក្រិក​ចំនួន ៥៣,៥% ពោលគឺ ៣,៥% ច្រើន​ជាង​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ កាលពីលើកមុន។

ជាថ្នូរមកវិញ ក្នុងរយៈពេល ២ខែ​ទៀត​យ៉ាងយូរ​ ក្រិក​ត្រូវ​អនុវត្ត​ច្បាប់​មួយ​ កំណត់​ថា ការ​សងបំណុល​ គឺត្រូវ​ជា​មុខ​ចំណាយ​អាទិភាព ក្នុង​ថវិកាជាតិ។

ម្យ៉ាងវិញទៀត ក្រិក​ត្រូវ​បង្កើនការ​កាត់បន្ថយ​មុខចំណាយ​សាធារណៈ​ឲ្យ​បាន​កាន់តែ​ច្រើន​ជាងមុន​ទៅទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវគោលដៅ​ បំណុល ១២០,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០២០។ លើសពីនេះ​ទៅទៀត ក្រិក​ត្រូវទទួល​ឲ្យ​តំណាង​មក​ពី​សហភាព​អឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ នៅ​ប្រចាំការ​អមរដ្ឋាភិបាល ដើម្បី​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​ផែនការ​កាត់បន្ថយ​មុខចំណាយ​ ដែល​បាន​ព្រមព្រៀងគ្នា​ព្រឹកមិញ​នេះ។

លុយអឺរ៉ូ​បាន​ចាប់ឡើងថ្លៃវិញ​ភ្លាម ក្រោយ​ពី​អឺរ៉ុប​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចព្រមព្រៀង​ជួយក្រិក នៅ​ព្រឹកថ្ងៃ​អង្គារនេះ។ ក៏ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​ជាច្រើន​​យល់ថា បើទោះជា​មាន​ជំនួយ ១៣០ពាន់លាន​អឺរ៉ូ ហើយ​បំណុល​ខាង​ឯកជន​ត្រូវ​កាត់បន្ថយ​ជាងពាក់​កណ្តាល​ហើយ​ក៏ដោយ ក៏​គេ​នៅតែ​មិនទាន់ប្រាកដ​នៅឡើយដែរ​​ថា តើ​ក្រិក​ពិតជា​អាច​មាន​លទ្ធភាព​សងបំណុល​ ដែល​នៅ​សេសសល់​នេះ​ដែរ​​ឬ​ក៏​យ៉ាងណា?

ដើម្បី​អាច​សងរំលស់​បំណុល​នេះ​បាន លុះត្រាតែ​សេដ្ឋកិច្ច​ក្រិក​ចាប់​មាន​កំណើន​ឡើងវិញ។ ជាច្រើន​ឆ្នាំមកហើយ ដែល​ក្រិក​មាន​អត្រាកំណើន​សេដ្ឋកិច្ច​អវិជ្ជមាន។ នៅ​ឆ្នាំ​២០១១​កន្លងទៅនេះ ផលិតផល​ក្នុងស្រុក​សរុប​របស់​ក្រិក​បាន​ធ្លាក់ចុះ រហូតដល់​ទៅ​ជិត ៧% ហើយ​គេ​ព្យាករ​ថា នៅ​ឆ្នាំ​២០១២​នេះ ផលិតផល​ក្នុងស្រុក​នឹង​បន្តធ្លាក់ចុះ ក្នុង​អត្រាប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១១​ដែរ។ វិធានការ​កាត់បន្ថយ​ការចំណាយ​សាធារណៈ​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដែល​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ តម្រូវ​ឲ្យ​ក្រិក​ធ្វើ ដើម្បី​ជាថ្នូរ​នឹង​ជំនួយ អាច​នឹង​ជា​ឧបសគ្គ​​ដ៏ធំមួយ​ទៀត ដែល​រារាំង​កំណើន​សេដ្ឋកិច្ច​ក្រិក។ បច្ចុប្បន្ន អត្រា​អ្នកអត់ការងារធ្វើ​នៅក្រិក មាន​រហូតដល់​ទៅ ២០,៩%។

ក្រិក​ទំនងជាត្រូវការ​ពេលវេលា​​រហូតដល់​ទៅ ១០​ឆ្នាំ ឬ​ក៏​ច្រើន​ជាងនេះ ទើប​អាច​ស្តារ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​ឡើងវិញ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ