សភាក្រិកគ្រោងនឹងអនុម័តផែនការសន្សំសំចៃថ្មី ដើម្បីកុំឲ្យប្រទេសក្ស័យធន
នៅយប់ថ្ងៃអាទិត្យ ទី១២ កុម្ភៈនេះ សភានៃប្រទេសក្រិកត្រូវបោះឆ្នោតទទួលយកផែនការសន្សំសំចៃថ្មីទៀតដែលរដ្ឋាភិបាលទីក្រុងអាថែនទើបបានអនុម័តកាលពីយប់ថ្ងៃសុក្រ ទី១០ កុម្ភៈ ឆ្លងចូលថ្ងៃសៅរ៍ ទី១១ កុម្ភៈម្សិលមិញ។ ផែនការសន្សំសំចៃថ្មីនេះ គឺជាការទាមទារចង់បានរបស់សហភាពអឺរ៉ុប និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ សហភាពអឺរ៉ុប និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលគ្រោងនឹងផ្តល់ប្រាក់កម្ចីឲ្យក្រិកចំនួន ១៣០ពាន់លានអឺរ៉ូបន្ថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤០
មានគម្រោងច្បាប់ចំនួន ៣ដែលក្រុមអ្នកតំណាងរាស្រ្តក្រិកគ្រោងនឹងបោះឆ្នោតអនុម័តនៅយប់ថ្ងៃអាទិត្យ ទី១២ កុម្ភៈនេះ។ គម្រោងច្បាប់ទីមួយ គឺទាក់ទងនឹងការចូលរួមវិភាគទានរបស់វិស័យឯកជនក្នុងកញ្ចប់ថវិកាជួយក្រិក តាមរយៈការលុបចោលប្រាក់បំណុលប្រមាណជា ៥០% ដែលរដ្ឋាភិបាលក្រិកជំពាក់ធនាគារឯកជនក្នុងស្រុក។ លុបចោល ៥០% គឺមានទឹកប្រាក់ប្រមាណជា ១០០ពាន់លានអឺរ៉ូ។ បន្ទាប់មក ប្រាក់បំណុលដែលដល់កាលកំណត់ត្រូវសង នឹងត្រូវពន្យារពេលបន្ថែម ដោយរក្សាទុកលក្ខខណ្ឌឲ្យនៅដដែល ពិសេសគឺអត្រាការប្រាក់ទាប។ គម្រោងច្បាប់ទីពីរ គឺទាក់ទងនឹងរបៀបវារៈនៃការបង្កើនប្រាក់ទុនរបស់ធនាគារ និងគម្រោងច្បាប់ទីបីដែលកំពុងទទួលរងការប្រឆំាងពីគ្រប់មជ្ឈដ្ឋានក្នុងស្រុកនៅពេលនេះ គឺផែនការសន្សំសំចៃថ្មីមួយទៀតដែលរដ្ឋាភិបាលទីក្រុងអាថែនគ្រោងនឹងកាត់បន្ថយការចំណាយឲ្យបាន ៣ពាន់លានអឺរ៉ូ។ ការកាត់បន្ថយការចំណាយដែលគ្រោងនឹងធ្វើឡើង តាមរយៈការលុបចោលការងាររដ្ឋចំនួន ១៥ ០០០ការងារក្នុងឆ្នំា ២០១២ ការកាត់បន្ថយប្រាក់ខែចំនួន ២២% ការកាត់បន្ថយប្រាក់ចូលនិវត្តន៍ និងប្រាក់ជំនួយសង្គម។ល។ និង។ល។
រដ្ឋាភិបាលលោក Lucas Papademos នឹងទទួលបានសំឡេងគំាទ្រលើសលប់
ផែនការសន្សំសំចៃថ្មីនេះបានជម្រុញឲ្យមានការប្រឆំាងតវ៉ាយ៉ាងខ្លំាងក្លាពីសំណាក់ប្រជាជនក្រិក។ ប្រជាជនក្រិករាប់សិបម៉ឺននាក់ដែលបានចុះផ្លូវធ្វើបាតុកម្មជាថ្មី តំាងពីម្សិលមិញ និងថ្ងៃនេះ។ ចំណែកនៅផ្ទៃក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Lucas Papademos វិញ មានរដ្ឋមន្ត្រីចំនួន ៦រូបបានលាឈប់ពីមុខតំណែង។ រដ្ឋាភិបាលក្រិករបស់លោក Lucas Papademos ជារដ្ឋាភិបាលចម្រុះដែលបានបង្កើតឡើង កាលពីខែវិច្ឆិកា ឆ្នំា ២០១១ និងដែលចូលរួមដោយគណបក្សនយោបាយចំនួន ៣ គឺគណបក្សសង្គមនិយម គណបក្សស្តំានិយម និងគណបក្សស្តំានិយមជ្រុល។ បច្ចុប្បន្ននេះ សភាក្រិកមានតំណាងរាស្រ្តសរុប ៣០០នាក់ ដែលក្នុងនោះ មាន ១៥៣រូប មកពីគណបក្សសង្គមនិយម ៨៣រូប មកពីគណបក្សស្តំានិយម ១៥រូប មកពីគណបក្សស្តំានិយមជ្រុល និងមកពីគណបក្សតូចៗផ្សេងទៀត។ រដ្ឋមន្រ្តីដែលលាចុះពីមុខតំណែងទំាង ៦នាក់ មាន ៤នាក់ មកពីគណបក្សស្តំានិយមជ្រុល និង២នាក់ មកពីគណបក្សសង្គមនិយម។ ដូច្នេះ រដ្ឋាភិបាលរបស់លោក Lucas Papademos នៅតែមានសំឡេងគំាទ្រភាគច្រើនលើសលប់ដដែល ពោលគឺអាចនឹងទទួលបានសំឡេងគំាទ្ររហូតដល់ទៅជាង ២០០សំឡេង។
ផែនការសន្សំសំចៃថ្មី ជាការកំណត់ជោគវាសនាប្រទេសក្រិក
គួររំឭកឡើងវិញថា តំាងពីប្រទេសក្រិកបានធ្លាក់ក្នុងវិបត្តិប្រាក់បំណុល និងអំពាវនាវឲ្យអឺរ៉ុបជួយមក សហភាពអឺរ៉ុបធ្លាប់បានជួយឲ្យក្រិកខ្ចីលុយចំនួន ១១០ពាន់លានអឺរ៉ូ កាលពីខែឧសភា ឆ្នាំ២០១០។ ប៉ុន្តែ ជំនួយនោះនៅមិនគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យក្រិកចេញផុតពីវិបត្តិប្រាក់បំណុលបានទេ។ បន្ទាប់មក សហភាពអឺរ៉ុប រួមទំាងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្រមព្រៀងគ្នាជួយក្រិកក្នុងជំហានទីពីរទៀត។ តែជាមួយនឹងជំនួយនេះ សហភាពអឺរ៉ុប ក៏ដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលក្រិកចាត់វិធានការទប់ស្កាត់ ការចាយខ្ជះខ្ជាយរបស់ខ្លួន។ អ្វីដែលម្ចាស់ជំនួយចង់បាន គឺចង់ឲ្យក្រិកអនុម័តទទួលយកផែនការសន្សំសំចៃថ្មី។
រីឯប្រជាជនក្រិកក៏នៅតែបន្តធ្វើបាតុកម្មប្រឆំាងនឹងផែនការសន្សំសំចៃរបស់រដ្ឋាភិបាលខ្លួន។ ឃើញថា នៅម្ខាង គឺសម្ពាធពីខាងក្រៅ ដែលជាម្ចាស់ជំនួយ រីឯនៅម្ខាងទៀត គឹសម្ពាធក្នុងស្រុក របស់ប្រជាជន។ តែជម្រើសដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាលទីក្រុងអាថែន គឺតម្រូវការប្រាក់ជំនួយចំនួន ១៣០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ បើគ្មានជំនួយនេះទេ ក្រិកនឹងអស់លុយចាយ នៅក្នុងខែមីនាខាងមុខ។ នៅពេលហ្នឹង អ្វីៗនឹងត្រូវជាប់គំាងទំាងអស់ រដ្ឋគ្មានលុយ បើកប្រាក់ខែឲ្យបុគ្គលិកខ្លួន រដ្ឋគ្មានលុយជំនួយសង្គម ហើយលុយខ្ចីគេចំនួន ១៤ពាន់ ៥រយលានអឺរ៉ូ ដែលត្រូវសងគេ ឲ្យបានមុនថ្ងៃទី ២០ មីនាខាងមុខ ក៏មិនអាចសងគេបាន។ ដូច្នេះ កព្ចាប់ជំនួយ ១៣០ពាន់លានអឺរ៉ូ គឺកញ្ចប់ខ្យល់អុកស៊ីសែនដែលក្រិកត្រូវការបន្ទាន់បំផុត ដើម្បីកុំឲ្យខ្លួនដាច់ខ្យល់ស្លាប់។ លោកអតីតនាយករដ្ឋមន្រ្តីក្រិក Georges Papandréou បានអះអាងថា ប្រជាជនក្រិកមានជម្រើសតែពីរគត់ ឬមួយ យើងត្រូវបោះបង់ខ្លះ ដើម្បីស្រោចស្រង់ប្រទេសជាតិ ឬមួយ ក៏យើងមិនព្រមបោះបង់សោះ ដោយទុកឲ្យប្រទេសជាតិស្លាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ