អានតួអត្ថបទ
យេម៉ែន

ប្រធានាធិបតី​យេម៉ែន​ អញ្ជើញ​ទៅកាន់​ Arabie saoudite​​ ដើម្បី​ទទួល​ការ​ព្យាបាល​មុខ​របួស

ត្រូវ​​​របួស​​នៅ​​ក្នុង​​ការ​​វាយ​ប្រហារ​​ដោយ​​គ្រាប់​​ផ្លោង​​នៅ​​ថ្ងៃ​​សុក្រ​​​ ទី​​៣ ​មិថុនា​ នា​ឱកាស​​សូត្រ​ធម៌​​ នៅ​​វិហារ​​អ៊ីស្លាម​​នា​ទី​ក្រុង​ ​Sanaa​​ លោក​​ប្រធានាធិបតី​​យេម៉ែន​​ Ali Abdalah Saleh​​ បាន​​អញ្ជើញ​​​ទៅ​​ដល់​Arabie saoudite​ នៅ​​​យប់​​ថ្ងៃ​​សៅរ៍​​ម្សិលមិញ​ ​មុន​នឹង​​ចូល​​ព្យាបាល​​​នៅ​​មន្ទីរ​​ពេទ្យ​​​យោធា​​នៅ​​​ទីក្រុង​ Ryad។ ចំណែក​​ ​មន្រ្តី​​​ជាន់​​ខ្ពស់​​​យេម៉ែន​​​ជា​​ច្រើន​​រូប​​ទៀត​​ ក៏​​បាន​​ទៅ​​ដល់​ទីក្រុង​ Ryad​ ដែរ​​ ដើម្បី​​ព្យាបាល​មុខ​របួស។​ មួយ​វិញ​ទៀត​ យោងតាម​រដ្ឋធម្មនុញ្ញ​ យេម៉ែន​​ ក្នុង​ករណី​អវត្តមាន​​រូប​​ប្រមុខ​រដ្ឋ​​ គឺ​​ត្រូវ​​​លោក​ Abdel Rabbo Mansour​ ​អនុ​​ប្រធានាធិបតី​​​​​​​ ​ដឹកនាំ​​​ប្រទេស​​ ជា​​ប្រធានាធិបតី​​យេម៉ែន​​​ស្តីទី។​

ប្រធានាធិបតី​យេម៉េន លោក  Ali Abdallah Saleh ចាកចេញពីយេម៉ែន​នឹង​ទៅដល់​ទីក្រុង​Ryad​កាល​ពីយប់ថ្ងៃសៅរ៍ទី​៤​មិថុនា​២០១១។
ប្រធានាធិបតី​យេម៉េន លោក Ali Abdallah Saleh ចាកចេញពីយេម៉ែន​នឹង​ទៅដល់​ទីក្រុង​Ryad​កាល​ពីយប់ថ្ងៃសៅរ៍ទី​៤​មិថុនា​២០១១។ Manny Ceneta/Getty Images
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី Ali Abdalah Saleh ប្រហែល​ជា​ត្រូវ​​របួស​នៅ​ត្រង់ក​និង​ទ្រូង ​នៅ​ក្នុង​ការ​វាយ ​ប្រហារ​​ដោយ​គ្រាប់ផ្លោង​​ប្រឆាំង​វិមាន​ប្រធានាធិបតីយេមែន​​នៅ​ទីក្រុង Sanaa នា​ថ្ងៃ​សុក្រ​ទី​​៣​មិថុនា​២០១១។ ប្រភព​​​ អ្នក​ជិតដិត​លោក​ប្រធានាធិបតី​យេម៉ែន បាន​ជូន​ដំណឹងថា លោក​​​ប្រធានាធិបតី​​ មាន​ការ​ឈឺចាប់​ដោយ​មុខរបួស​និង​​រលាក​ភ្លើង​នៅលើ​​ទ្រូង​និង​នៅ​លើ​មុខ។

ម្យ៉ាងទៀត​ តាំង​ពី​​ថ្ងៃ​​សុក្រ​​មក​ គេ​​ពុំ​បាន​​ឃើញ​ការ​ផ្សព្វផ្សាយ​​ រូបភាព​ណាមួយ​របស់​​លោក​​ប្រធានាធិបតី​​យេម៉ែន​ទេ ​​នៅ​​​​​តាម​​ទូរទស្សន៍​​រដ្ឋ​ លើក​​លែង​​​​​​តែ « សារ​សំឡេង​​ »​ របស់​​លោក ​Saleh​ ​ប៉ុណ្ណោះ​​​ដែល​ត្រូវ​​បាន​​​ចាក់​​ផ្សាយ​​នៅ​យប់​ថ្ងៃ​សុក្រ។​ តាម​រយៈ​សារ​​ដ៏​​ខ្លី​​នោះ​ លោក​​​ប្រមុខរដ្ឋ​​យេម៉ែន​ បាន​ចោទ​ប្រកាន់​ទៅលើ​ក្រុម​​កុលសម្ព័ន្ធ​​យេម៉ែន​​ដែល​​​ដឹក​​នាំ​​ដោយ​ Sadek​ al-Ahmar​​​ ថា​​ជា​អ្នក​បង្ក​ការ​​​វាយប្រហារ​​​វិមាន​​ប្រធានាធិបតី​​  ការ​​វាយ​ប្រហារ​​ដោយ​​អាវុធ​​ធុន​ធ្ងន់​​ដែល​​​ បា​ន​​បណ្តាល​​ឲ្យ​​ស្លាប់​មនុស្ស​​១១​​នាក់​​និង​​របួស​​​ជន​​១២៤​​នាក់​​ផ្សេង​​ទៀត ។​

ក៏​ដូចរូបលោក Saleh​ ដែរ ក្រុម​​មន្រ្តី​ជាន់​ខ្ពស់​នៃ​​រដ្ឋាភិបាល​យេម៉ែន​មួយ​ចំនួនធំ ត្រូវរបួស​​ក្នុង​​នោះក៏​មាន​នាយក​រដ្ឋមន្រ្តីដែរ ​​​ដែល​ត្រូវ​​បាន​​ដឹកជាបន្ទាន់​ទៅកាន់​​មន្ទីរពេទ្យយោធា​នៅ​ ​Arabie saoudite​ មុនគេ បន្ទាប់​​មក​ប្រធាន​​រដ្ឋសភា​និង​ព្រឹទ្ធសភា ​ក៏ព្រមទាំង ឧបនាយក​រដ្ឋ​មន្ត្រី​យេម៉ែន​​ទាំង​ពីររូប។ ​​រីឯ លោក​ប្រធានាធិបតី ​Saleh ​វិញ​  បានធ្វើដំណើរ​ទៅ​ដល់​ទីក្រុង​Ryad​ តាំងពី​យប់​ថ្ងៃសៅរ៍ ដោយ​​ជិះ​​តាម​យន្តហោះ​​មួយ​គ្រឿង​របស់​មន្ទីរពេទ្យ Arabie saoudite។

ដំណឹងនៃការចេញដំណើរ​របស់លោក Saleh នេះ ដែលត្រូវរបួសផងនិងត្រូវ​ដឹ​ក​ជម្លៀស​​​​ពី​ប្រទេសយេម៉ែនផង​ ត្រូវបានចលនាបដិវត្តន៍យុវជនយេម៉ែននៅទីក្រុងSanaa នាំ​គ្នា​​​​ប្រារព្ធ​​​អប​អរសាទរយ៉ាងគគ្រឹកគគ្រេងនាថ្ងៃអាទិត្យនេះ ដោយពួកគេ បានស្រែកច្រៀងខ្លាំងៗ ដូចជា ថា”របប​លោក​ Saleh​ ធ្លាក់​ហើយ   ឬក៏ថា  ប្រទេស​យេម៉ែន​ថ្មី កើតឡើងហើយ ។លនិងល។​​

ការប្រារព្ធធ្វើ​ដូច​គ្នានេះ ត្រូវ​បាន​ប្រារព្ធឡើងដែរនៅ​ Taëz  ដែលជាទីក្រុងដ៏ធំនៅប៉ែកនិរតី នៃ​ប្រទេសយេម៉ែន និង​ក៏​​ជា​ជម្រុក​ដ៏​សំខាន់​នៃការ​កកើតឡើងនៃ​ចលនា​បដិវត្តន៍​យេម៉ែន​ដែល​បាន​​ងើ​ប​បះបោរ​ប្រឆាំង​នឹង​របប​លោក Saleh តាំងពីពាក់កណ្តាលខែមករាម្ល៉េះ  របបដែល​បាន​​កាន់កាប់​អំណាច​អស់​រយៈពេល​ ៣៣ ឆ្នាំមកហើយនៅប្រទេសយេ​ម៉ែន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ