អានតួអត្ថបទ
យេម៉ែន

ប្រធានាធិបតី​មិនចុះ​ពី​អំណាច​ព្រោះ​ខ្លាច​ពួកអាល់កៃដា​ចូល​កាន់កាប់​យេម៉ែន

និស្សិត​ដែល​ធ្វើបាតុកម្ម​អស់ជាច្រើន​សប្តាហ៍​មកហើយ នៅ ទីក្រុង​Sanaa​របស់​ប្រទេស​យេម៉ែន ត្រូវ​បាន​ ក្រុមប៉ូលិស បង្រ្កាប កាលពីយប់​ថ្ងៃ​អង្គារ​ទី ៨ មីនា ២០១១។ និស្សិត​មា្នក់​ត្រូវ​គេ​រាយការណ៍​ថា បាន​ស្លាប់ និង​មាន​និស្សិត​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ដោយ​ការវាយដំ​របស់ប៉ូលិស។ ការបង្រ្កាបចុងក្រោយ​នេះ ធ្វើ​ឲ្យ​ចំនួនមនុស្ស​ស្លាប់ កើនជិត ៣០​នាក់ ចាប់តាំង​ពី​បាតុកម្ម​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះចេញពីតំណែង ដែល​ផ្ទុះ​ឡើង​កាលពី​ចុងខែ​មករា។

ប្រជាជន​យេម៉ែន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​ជាង ៣០​ឆ្នាំ ចុះចេញ​ពីតំណែង
ប្រជាជន​យេម៉ែន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​ជាង ៣០​ឆ្នាំ ចុះចេញ​ពីតំណែង ©Reuters/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

07:27

បទអន្តរាគមន៍​របស់​ឈាង បុប្ផា​

ឈាង បុប្ផា

បាតុករ​យេម៉ែន​ត្រូវប៉ូលិស​បង្រ្កាប​កាន់តែ​ហិង្សា នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ ប្រធានាធិបតី​យេម៉ែន លោក Ali Abdullah Saleh ឯណោះវិញ បាន​ប្រកាស​ម្តងហើយ ម្តងទៀត ថា គាត់​មិន​ព្រមចុះចេញ​ពីអំណាច​មុនចប់​អាណត្តិ​របស់គាត់ នៅឆ្នាំ ២០១៣​ទេ។ ជំហរ​បិទជិត​របស់​ប្រធានាធិបតី​ Saleh វា​ខុស​ពី​ឆន្ទះ និង​ការទាមទារ​ចង់បាន​របស់​បាតុករ។ ប្រជាជន​យេម៉ែន ដែល​បាន​សម្រេច​ងើប​ឈរ​តវ៉ា​ ដោយ​យក​តាម​គំរូបដិវត្តន៍​ផ្កាម្លិះ នៅ ទុយនីស៊ី នៅ​ត្រាំត្រែង​តវ៉ា​ជាងមួយខែ​មកហើយ ឲ្យ​ប្រធានាធិបតី​ចុះចេញ​ពីអំណាច ពីព្រោះពួកគេ​យល់​ថា រស់នៅក្រោម​ការគ្រប់គ្រង​របស់​លោក​ Saleh ពួកគេ​រងគ្រោះ​ដោយ​ការអត់ឃ្លាន ការអត់ការងារ​ធ្វើ និង​អំពើពុករលួយ។

 
គួរដឹង​ថា ប្រជាជន​ជិតពាក់កណ្តាល​នៃ​ប្រជាជន​យេម៉ែន​សរុប ២៣​លាន​នាក់ រស់ជាមួយ​នឹង​ប្រាក់ចំណូល​ក្រោម ២ដុល្លារ ក្នុង​មួយ​ថ្ងៃ។ ហើយ​ក្នុង​ប្រទេស​ដែល​រស់អាស្រ័យ​នឹង​ចំណូលប្រេង មាន​ប្រជាជន​មួយភាគបី​ដែល​រងគ្រោះ​ជា​អល្លជី ដោយ​ការអត់ឃ្លាន។

ប្រជាជន​បាន​បន្ទោស​អសមត្ថភាព​របស់​រដ្ឋាភិបាល។ ហើយ​​សង្ឃឹម​ថា ការអត់ធ្មត់​តវ៉ា​របស់​ពួកគេ​នឹង​អាច​ធ្វើ​ឲ្យ​ប្រធានាធិបតី​ដែល​កាន់អំណាច​ ជាង ៣២​ឆ្នាំ នៅ​យេម៉ែន ដើរចេញ​ពីអំណាច ដូចលោក​បិន អាលី នៅ​ទុយនីស៊ី និង​លោក​អូស្នូ មូបារ៉ាក់ ប្រធានាធិបតី​អេហ្ស៊ីប។ ប៉ុន្តែ រហូតមកដល់​ពេល​នេះ មើលទៅ សម្រែកតវ៉ា​របស់​ពួកគេ​នៅតែ​គ្មានន័យ ព្រោះលោក​ Saleh នៅតែ​មិនព្រម​ចុះចេញ​ពី​អំណាច នៅចុងឆ្នាំ​នេះ តាម​ការអំពាវនាវ​របស់​បក្សប្រឆាំង។

បើតាម​លោក​Ali Abdullah Saleh ការចុះពីតំណែង​របស់​លោក​ Saleh មិន​មែន​ជា​បញ្ហា​សំខាន់ទេ ប៉ុន្តែ បញ្ហាប្រឈម​របស់​យេម៉ែន បច្ចុប្បន្ន គឺ​ត្រូវ​រក​ស្ថិរភាព និង​សន្តិសុខ​ក្នុង​​ប្រទេស​យេម៉ែន។

យេម៉ែន​ដែល​ស្ថិត​នៅ​ជាប់​ប្រទេស​សំបូរ​ប្រេង Arabi saoudit រងគ្រោះ​នឹង​អសន្តិសុខ​ជាប់​ជានិច្ច។ អំពើភេរវកម្ម បំផ្ទុះគ្រាប់បែក សម្លាប់​ប៉ូលិស យេម៉ែន កើតមាន​សឹង​រាល់ថ្ងៃ។ រដ្ឋាភិបាល​បង្រួបបង្រួម​ ក្រោម​ការដឹកនាំ របស់​លោក​ Saleh ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​ពីរ គឺ ពួក​ឧទ្ទាម​Chiites នៅ​ភាគខាងជើង និង​ការបះបោរ​រហូតមក របស់​ប្រជាជន​រស់នៅ​ភាគខាងត្បូង។ ការបះបោរ​ខ្លាំង​លើកនេះ កើតចេញពី​ប្រជាជន​ភាគខាងត្បូង។

ពួកក្រុមបះបោរ​ពីភាគខាងត្បូង​ដែល​បាន​ទៅចូលរួម​ក្នុង​បាតុកម្ម ធ្លាប់​បាន​ទាមទារ​ផ្តាច់ទឹកដី​ភាគ​ខាងត្បូងពី​យេម៉ែន​បច្ចុប្បន្ន និង​ ចង់ក្លាយ​ជា​សាធារណរដ្ឋ​ដូចមុន គឺ​មុន​រដ្ឋាភិបាល​បង្រួបបង្រួម​របស់​លោក​ Saleh នៅឆ្នាំ ១៩៩០។ ប្រជាជន​នៅភាគខាងត្បូង ចោទ​រដ្ឋាភិបាល​ថា ចង់​បាន​ទឹកដី​ភាគខាងត្បូង​យក​មក​កាន់កាប់ ព្រោះសម្លឹង​ឃើញ​អណ្តូងប្រេង​នៅ​ភាគខាងត្បូង។ រដ្ឋាភិបាល​មិន​បាន​យកចិត្ត​ទុកដាក់ ជួយ​ចម្រើន​ជីវភាព​រស់នៅ​របស់​ពួកគេ​ទេ។

គឺ​តំបន់​នៅ​ភាគ​ខាងត្បូង​នោះហើយ ដែល​ពួកឧទ្ទាម​បំបែកខ្លួន បាន​ចូលរួម​ជាមួយ​បណ្តាញ​អាល់កៃដា របស់​បិន ឡានដិន បង្កើត​សំបុក​ក្រុមអាល់កៃដា នៅ​យេម៉ែន និង​ដើរ​ធ្វើ​ភេរវកម្ម​ពេញប្រទេស។ ពួកអាល់កៃដា​នៅ​យេម៉ែន ជា​អ្នកផ្ញើ​កញ្ចប់​មាន​ផ្ទុកគ្រឿងផ្ទុះ ទៅ​វិហារ​សាសនា​របស់​ពួកជ្វីហ្វ នៅ​ទីក្រុង​Chicago។ ប៉ុន្តែ​កញ្ចប់​ឥវ៉ាន់​ត្រូវ​បាន​ស្ទាក់​រកឃើញ​ទាន់​នៅ​ព្រលាន​យន្តហោះ ទីក្រុង​Dubai​នៅ​ចុងឆ្នាំ ២០១០។

គឺ​នៅពេល​នោះ​ហើយ​ដែល​លោក​ Saleh​ប្រកាស​ធ្វើសង្រ្គាម​ជាមួយ​ពួកអាល់កៃដា។ យុទ្ធសាស្រ្ត​នេះ ត្រូវ​បាន​ទទួល​ការគាំទ្រ ពីអាមេរិក។ លោក​ Saleh ពេលនេះ មិន​ចង់​ចុះចេញ​ពីអំណាច ដោយ​ប្រហែល​នៅ​អាង​មាន​អាមេរិក​ពីខាងក្រោយខ្នង។ អាមេរិក​ត្រូវការ​រដ្ឋាភិបាល​យេម៉ែន​បច្ចុប្បន្ន ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ពួកអាល់កៃដា។ ហេតុដូច្នេះ​ហើយ បាន​ជា​រហូត​មកដល់​ពេលនេះ គេ​មិនទាន់​ឃើញ​អាមេរិក ដែលជា​ប្រទេស​ប្រជាធិបតេយ្យ ​ស្រែក​បន្ទោស​ខ្លាំង​ដាក់​រដ្ឋាភិបាលយេម៉ែន​រឿង​បង្រ្កាប​ខ្លាំង​លើ​ បាតុករ។ អាមេរិក​ចង់​បាន​រដ្ឋាភិបាល​បង្រួបបង្រួម​យេម៉ែន​មួយ​ដើម្បី ងាយ​ស្រួល​ធ្វើការ​ប្រឆាំង​នឹង​ពួកអាល់កៃដា។ ប្រសិន​បើ​យេម៉ែន​បែក​ជា​ពីរ ជា​បី ហើយ​ទឹកដី​ភាគខាងត្បូង​ធ្លាក់​ទៅ​ក្រោម​ការកាន់កាប់​របស់​ពួកបះបោរ ដែល​នៅ​លាយឡំ នឹង​ពួកភេរវជន​អាល់កៃដា អាមេរិក​នឹង​រឹត​តែ​លំបាក​ដើម្បី​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ពួកភេរវជន។

ប្រធានាធិបតី​យេម៉ែន លោក​ Saleh ជា​អ្នកបង្រួបបង្រួម​ទឹកដីភាគខាងជើង និង​ភាគខាងត្បូង​ចូលគ្នា តែមួយ នៅឆ្នាំ ១៩៩០។ លោក​ Saleh ដែល​គេ​ស្គាល់ថា ជាអ្នកនយោបាយ​ប៊ិនប្រសប់​និយាយ​បញ្ចុះបញ្ចូល ធ្លាប់​បាន​លើកឡើង​ហើយ​ថា ប្រទេស​យេម៉ែន​នឹង​បែកបាក់​ទៅ​ជា​បី បួន​ចំរៀក ប្រសិន​បើគាត់​ចេញពីអំណាច។ លោក​ Saleh ​វាយតម្លៃ​ថា គណបក្ស​ប្រឆាំង​នឹង​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ទេ សូម្បី​មួយ​សប្តាហ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ