អានតួអត្ថបទ
យេម៉ែន

ប្រធានាធិបតី​យេម៉ែន​ដែល​កាន់​អំណាច​៣២​ឆ្នាំ​មកហើយ ព្រមចុះ​ចេញ​ពី​តំណែង

លោក​Ali Abdallah Saleh បាន​យល់​ព្រមចុះចេញ​ពីតំណែង ប្រធានាធិបតី យេម៉ែន នៅល្ងាច​ថ្ងៃ​សៅរ៍​ទី ២៣ ខែ​មេសា ឆ្នាំ ២០១១ ដោយ​សុខចិត្ត​ទទួល​យក​ ផែនការ​ចេញពី​វិបត្តិ​ដែល​ ស្នើឡើង​ដោយ​ប្រទេស​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ ពែក្ស។ ការព្រម​លាលែង​​ចេញពី​មុខតំណែង​​របស់​លោក​ Saleh គឺ​ជា​រឿង​មួយ​ដ៏​ភ្ញាក់ផ្អើល ព្រោះ កាលពីថ្ងៃ​សុក្រ លោក​ Saleh​ទើប​និយាយ​ថា លោក​ជា​ប្រធានាធិបតី​ស្របច្បាប់ និង​ព្រម​ចុះចេញ​ពី​អំណាច ទៅតាម​ការកំណត់​របស់​ច្បាប់​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។ តាមរដ្ឋធម្មនុញ្ញ លោក Saleh ដែល​កាន់អំណាច​ជាង ៣២​ឆ្នាំ មាន​សិទ្ធិ​ដឹកនាំ​យេម៉ែន ​រហូត​ដល់​ឆ្នាំ ២០១៣។

ប្រធានាធិបតី​យេម៉ែន លោក​Ali Abdullah Saleh ព្រមចុះចេញ​ពីអំណាច​ក្នុង​រយៈពេល​មួយខែទៀត
ប្រធានាធិបតី​យេម៉ែន លោក​Ali Abdullah Saleh ព្រមចុះចេញ​ពីអំណាច​ក្នុង​រយៈពេល​មួយខែទៀត Reuters/Ammar Awad
ផ្សាយពាណិជ្ជកម្ម

 

ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​យេម៉ែន​បាន​កើតមាន​ជាង​ពីរខែមកហើយ។ លោក​Ali Abdallah Saleh ប្រធានាធិបតី​យេម៉ែន​ផ្ទាល់​តែងតែ និយាយ​ការពារខ្លួន​​ថា លោក​មិន​ចុះចេញ​ពីអំណាច​ដាច់ខាត ព្រោះ ​បើលោកយល់ព្រម​ដើរចេញ ប្រទេស​យេម៉ែននឹង​ជួប​អសន្តិសុខ ហើយ​នឹងអាច​ធ្លាក់​ទៅក្រោម​ការកាន់កាប់​របស់​ពួកអ៊ីស្លាម​ជ្រុលនិយម ដូចជា​ពួកអាល់កៃដា ជាដើម។

មាន​ហេតុផល​បីយ៉ាង​ដែល​ធ្វើ​ឲ្យ​លោក​ Saleh​យល់ព្រម​ ដូរជំហរ ដែល​គេ​បាន​រំពឹង​ទុកមុន។ ហេតុផល​ទីមួយ​គឺ លោក​ Saleh ​បាន​មើលឃើញ​ប្រយោជន៍​នៃ​ផែនការ​ដើរចេញ​ពីវិបត្តិ​ដែល​ក្រុមដែល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស​បាន​ស្នើឡើង។ ផែនការ​នោះ​មាន​និយាយ​ថា លោក​ Saleh ត្រូវ​ដើរចេញ​ពីអំណាច យ៉ាងហោច ក្នុង​រយៈពេល​មួយខែ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​ប្រឆាំង។ ក្នុង​រយៈពេល​មួយខែ​នេះ លោក​ត្រូវ​ជួយ​​រៀបចំ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ និង​ប្រគល់​អំណាច​ ទៅឲ្យ​អនុប្រធានាធិបតី ដែល​មកពី​គណបក្សប្រឆាំង។ លោក​ Saleh​ត្រូវ​ទុកឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​រៀបចំ​ការបោះឆ្នោត ក្នុង​រយៈពេល​ពីរខែ បន្ទាប់មកទៀត។

អ្វី​ដែល​សំខាន់​បំផុត សម្រាប់​លោក​ Saleh គឺ​ក្នុង​ផែនការ​របស់​ប្រទេស​អារ៉ាប់​ទាំងប្រាំមួយ មាន​និយាយ​អភ័យ​ឯកសិទ្ធិរបស់​លោក ពោលគឺ​គេ​មិន​អាច​ប្តឹង​លោក Saleh ​សមាជិក​ក្រុមគ្រួសារ និង​មន្រ្តី​រដ្ឋាភិបាល​របស់លោក​ Saleh ទៅតុលាការ នៅក្រោយ​ដែល​ពេល​វិបត្តិ​នយោបាយ​លើកនេះទេ។ ចំណុច​នេះ​សំខាន់ ព្រោះ​លោក​ Saleh​បាន​មើលឃើញ​ពីគំរូ​របស់​មេដឹកនាំ​ប្រទេស​អារ៉ាប់ផ្សេងទៀត ដូចជា​លោក​បិន អាលី អតីតប្រធានាធិបតី​ទុយនីស៊ី ដែល​តុលាការ​កំពុង​ចេញដីការ​ចាប់ខ្លួន និង​លោក​មូបារ៉ាក់ អតីតប្រធានាធិបតី​អេហ្ស៊ីប​ដែល​តុលាការ​ក្នុង​ប្រទេស​កំពុង​ចាប់ដាក់គុក ដោយ​ចោទពីបទ​ទទួលខុសត្រូវ​​ផែនការ​បង្រ្កាប និង​សម្លាប់​បាតុករ កន្លងមក។ តាមរយៈ​អភ័យ​ឯកសិទ្ធិនេះ លោក​ Saleh​អាច​គេចផុត​ពីការចោទប្រកាន់ ទៅលើ​ការបង្រ្កាប​លើ​បាតុករ​យេម៉ែនកន្លងមក។ រហូត​មកដល់​ពេលនេះ មនុស្ស​ជាង ១៣០​នាក់​ដែល​បានស្លាប់នៅក្នុង​ការបង្រ្កាប​របស់អាជ្ញាធរ​យេម៉ែន។

មូលហេតុទីពីរ គឺ​លោក​ Saleh បាន​បាត់បង់​បង្អែក​ដ៏សំខាន់​ពីអាមេរិក។ កន្លងមក លោក​ Saleh ធ្លាប់​ធ្វើជា​ដៃគូ​របស់​អាមេរិក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បណ្តាញអាល់កៃដា។ ប៉ុន្តែ នៅពេល​ចលនា​បាតុកម្ម​ផ្ទុះកាន់តែខ្លាំង​ឡើង​ប្រឆាំង​នឹង​ប្រធានាធិបតី​ Saleh សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​លោក​ Salehគិតគូរ​ពី​នយោបាយ​ដឹកនាំ​ប្រទេស។ ហើយ​អាមេរិក និង​សហភាពអឺរ៉ុប​ដែល​នៅពីក្រោយ​ការសរសេរ​ផែនការ​ដើរចេញ​ពីវិបត្តិ ដែល​សុំ​ឲ្យ​លោក​ Saleh​ដើរចេញ​ពីអំណាច​ដើម្បីប្រយោជន៍​​សន្តិសុខ​ក្នុង​តំបន់។

ហេតុផល​ទីបី ដែល​ជម្រុញ​ឲ្យ​លោក​ Saleh​ប្តូរចិត្ត​លាលែង​ពីអំណាច គឺ​ចលនា​បាតុកម្ម​ដែល​រីកធំឡើងៗ នៅក្នុង​ប្រទេស​យេម៉ែន។ នៅចំពោះមុខ​ការតស៊ូ​មិន​ចុះចាញ់​របស់​ប្រជាជន​យេម៉ែន ជា​ពិសេស​នៅក្រោយ​មហាបាតុកម្ម​កាលពីថ្ងៃ​សុក្រ និង​បាតុកម្ម​ទូទាំង​ប្រទេស​នៅថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី​យេម៉ែន មិន​អាច​ក្រាញ នៅតែ​ចង់​កាន់អំណាច​ទៀតទេ។ អំណាច​របស់​លោក​ Saleh ​កំពុង​រង្គោះរង្គើ ជាពិសេស​នៅពេល​សមាជិក​រដ្ឋាភិបាល​បាន​ដើរ​ចេញ​ពីលោក និង​ទៅ​ចូលរួម​ជាមួយ​ក្រុមបាតុករ​ដែល​ចុះថ្នល់​ប្រឆាំង។

សូមរំលឹកថាថា នៅពេល​បាតុកម្ម​ផ្ទុះ​ដំបូង​ឡើង នៅ​យេម៉ែន លោក​ Saleh ​ដែល​កាន់អំណាច​ជាង ៣២​ឆ្នាំ បាន​ធ្វើ​សម្បទាន ដោយ​ថា លោក​មិន​ឈរ​នៅអាណត្តិក្រោយ និង​សុខ​ចិត្ត​ធ្វើ​ជា​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ ២០១៣។ ក្រោយមក​លោក​បាន​បន្ទន់​ជំហរ​ទៀត​ដោយ​សុខចិត្ត​ធ្វើ​ជា​ប្រធានាធិបតី​ត្រឹម​ចុងឆ្នាំ​២០១១។ ប៉ុន្តែ នៅទីបំផុត លោកសុខចិត្ត​ឲ្យ​គេ​រៀបចំ​ការបោះឆ្នោត នៅពាក់កណ្តាល​ឆ្នាំនេះ។

ក្រុមប្រឆាំង នៅថ្ងៃ​អាទិត្យ​នេះ បាន​បដិសេធ​មិនព្រម​ធ្វើ​តាម​​ផែនការស្នើដោយ​ប្រទេស​អារ៉ាប់។ ក្រុមប្រឆាំង​នៅយេម៉ែន មាន​ពីរគឺ​គណបក្ស​ប្រឆាំង និង​ចលនា​ប្រឆាំង​របស់​បាតុករ ដែល​ដឹកនាំ​ដោយ​ក្រុមយុវជន និង​និស្សិត ដែល​មិនពាក់ព័ន្ធ​នឹង​អ្នកនយោបាយ។ នៅថ្នាក់នយោបាយ គណបក្ស​ប្រឆាំង​បាន​យល់ព្រមជារួម ​ទទួលយក​ផែនការ​របស់​ក្រុមប្រឹក្សា​អារ៉ាប់ បើទោះបី​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ហើយ​ថា មាន​ចំណុច​មួយចំនួន​ដែល​ខ្លួន​មិន​អាច​ទទួល​យកបាន នៅក្នុង​ផែនការ​ស្នើឡើង​ដោយ​ប្រទេស​អារ៉ាប់។ ឧទាហរណ៍​ដូចជា គណបក្ស​ប្រឆាំង​មិន​ចង់​​ធ្វើការ​ក្រោម​ការដឹកនាំ​របស់​លោក​ Saleh នៅក្នុង​រយៈពេលមួយខែ នៃ​រដ្ឋភិបាល​រួបរួមជាតិ។

បើយើង​មក​មើល​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ផ្ទាល់​វិញ ដែល​ពេល​នេះ ប្រជាជន​យេម៉ែន​ចាប់ផ្តើម​បោះជម្រក​តង់​តវ៉ា នៅតាម​ទីក្រុង​ធំៗ មេដឹកនាំ​ចលនា​បាតុករ ដែល​ភាគច្រើន​ជា​ក្រុមយុវជន ​មិន​បាន​ដូរការទាមទារ​របស់ពួកគេ​ទេ។ បាតុករ​ទាំង​នេះ​បាន​ស្តីបន្ទោស រិះគន់​រដ្ឋាភិបាល​របស់​លោក​ Saleh​ថា ជា​រដ្ឋាភិបាល​ពុករលួយ បក្សពួកនិយម និង​ជា​អ្នកធ្វើ​ឲ្យ​ប្រជាជន​យេម៉ែនក្រីក្រ។ ដូច្នេះ គេ​ទាមទារ​ចង់បាន​តែមួយគត់​គឺ ឲ្យ​លោក​ Saleh​ បក្សពួក ចាកចេញ​ពីអំណាច​ភ្លាមៗ ដោយ​មិន​ចាំ​ដល់​ពេល​មួយខែទាន់។ បើ​ទុក​ពេល​យូរ គេ​ខ្លាច​ថា លោក​ Saleh អាច​នឹង​ដូរចិត្ត បង្ក​អសន្តិសុខ​ដើម្បី រកលេស​នៅដឹកនាំ​ប្រទេស​តទៅទៀត។

មួយវិញទៀត ក្រុមប្រឹក្សា​យុវជន ដែល​ជា​ផ្នែកមួយសំខាន់​​របស់​ក្រុមប្រឆាំង បាន​ទាត់ចោល​សំណើ​រក្សា​អភិយឯកសិទ្ធិ​របស់​ប្រធានាធិបតីលោក​ Saleh។ សម្រាប់ពួកគេ លោក​ Saleh​មិនអាច​រួចផុត​ពីការ​ចោទប្រកាន់​របស់​តុលាការ​បានទេ។ លោក​ Saleh និង​បក្សពួក​ ត្រូវ​តែ​ទទួល​ខុសត្រូវ​លើ​ការបាញ់សម្លាប់​បាតុករ​ទាំង​ជាង ១៣០​នាក់ និង​ត្រូវ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ