អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.​ ​ប្រកាស​​ឲ្យ​​​គណបក្ស​​​នយោបាយ​​​ ត្រៀម​​ចុះ​​ឈ្មោះ​​បោះឆ្នោត​​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសឲ្យ​គណបក្ស​នយោបាយ ត្រៀមលក្ខណៈ​ដើម្បីចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ ចាប់ពី​ថ្ងៃទី២៩​មេសា ដល់​ថ្ងៃទី១៣​ឧសភា។ គ.ជ.ប. នៅថ្ងៃទី២៦មេសា ក៏បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយបំភ្លឺ​ទៅនឹង​ញត្តិ​បាតុកម្ម​​របស់​គណបក្ស​សង្គ្រោះជាតិ ចុះថ្ងៃទី២៤មេសា ផងដែរ។

កិច្ចប្រជុំ​រវាង​​គ.ជ.ប.​ជាមួយតំណាងគណបក្សនយោបាយ​ និងអង្គការ​ក្រៅ​រដ្ឋាភិបាល
កិច្ចប្រជុំ​រវាង​​គ.ជ.ប.​ជាមួយតំណាងគណបក្សនយោបាយ​ និងអង្គការ​ក្រៅ​រដ្ឋាភិបាល RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

តាមរយៈកិច្ចប្រជុំ​ជាមួយតំណាងគណបក្សនយោបាយ​និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹក​​ថ្ងៃសុក្រ ទី២៦មេសានេះ គ.ជ.ប. បានប្រកាស​ជូនដំណឹងផ្ទាល់មាត់ ឲ្យគណបក្ស​នយោបាយ ត្រៀម​ខ្លួន​ចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត​តំណាងរាស្ត្រ។ ការចុះ​បញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ​​តំណាង​រាស្ត្រ ត្រូវ​ចាប់​ផ្តើមពីថ្ងៃទី២៩មេសា រហូតដល់ថ្ងៃទី១៣ឧសភា ខណៈដែលការបោះឆ្នោតតំណាង​រាស្ត្រ នីតិកាលទី៥ នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៨កក្កដា។

ចំពោះមុខតំណាងគណបក្សនយោបាយ​និងអង្គការសង្គមស៊ីវិល លោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប. បានប្រកាសល័ក្ខខ័ណ្ឌនានា ដែលកំណត់ក្នុងច្បាប់បោះឆ្នោត សម្រាប់ការ​ចុះ​បញ្ជី​គណបក្សនយោបាយ​និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជាពិសេស ការតម្រូវឲ្យ​គណបក្ស​នយោបាយ បង់ប្រាក់តម្កល់​១៥លានរៀល សម្រាប់ការចុះបញ្ជីបោះឆ្នោត​តំណាងរាស្ត្រ។

ការតម្រូវឲ្យគណបក្សនយោបាយបង់ប្រាក់តម្កល់ ១៥ លានរៀល ស្មើប្រមាណ ៣៧៥០ ដុល្លារ ត្រូវបានតំណាងអង្គការខុមហ្វ្រែល បានឡើងតវ៉ាក្នុងកិច្ចប្រជុំ​ ហើយស្នើសុំឲ្យគ.ជ.ប. ជួយ​បន្ធូរបន្ថយ ដើម្បីអ្វីដែលតំណាងអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះ អះអាងថា អាច​នឹង​ឲ្យ​គណបក្ស​នយោបាយតូចតាច​មានលទ្ធភាព​បានចុះឈ្មោះ ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​។

ក៏ប៉ុន្តែលោកស្រី ស៊ីន ជុំបូ បានឆ្លើយតបភ្លាមថា គឺជាច្បាប់តម្រូវយ៉ាងដូច្នេះ គ.ជ.ប. គ្មាន​លទ្ធភាព​អ្វី​ទៅបញ្ចុះការកំណត់បង់ប្រាក់តម្កល់ សម្រាប់គណបក្សនយោបាយនោះឡើយ។
សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ​បោះ​ឆ្នោតតំណាងរាស្ត្រ ចាប់​ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី១៣ឧសភា ត្រូវបានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. រំពឹង​ថា អាចនឹង​មានគណបក្ស​មិនលើសពី ១០ គណបក្សឡើយ ដែលមកចុះឈ្មោះ​នៅ​គ.ជ.ប. ក្នុងចំណោមគណបក្សនយោបាយសរុប ៤៣ គណបក្ស ដែលបានចុះបញ្ជីផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នាពេលសព្វថ្ងៃ។

និយាយពីគ.ជ.ប. នៅព្រឹកថ្ងៃទី២៦មេសានេះ គ.ជ.ប. បានចេញលិខិតផ្លូវការ​ឆ្លើយបំភ្លឺទៅ​នឹង​ញត្តិ​បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៤មេសា។ តាម គ.ជ.ប. សំណើ​មួយ​ចំនួន​ ក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងអង្គការសង្កេត​ការណ៍​បោះឆ្នោតជាតិ​និងអន្តរជាតិ ដែលគណបក្សប្រឆាំង​បានលើកឡើង គឺសុទ្ធតែគ.ជ.ប. បានទទួលយកមកកែលម្អ ក្នុងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៥ រួចហើយ។

ចំពោះ​ករណីបក្សប្រឆាំងស្នើឲ្យ​ធ្វើបញ្ជីបោះឆ្នោតជាថ្មីឡើងវិញ និងការស្នើសុំពន្យារពេលបោះ​ឆ្នោត​នោះ ត្រូវបានគ.ជ.ប.​បញ្ជាក់ទៅកាន់​បក្សប្រឆាំងវិញថា ជាសំណើ​មិន​អាច​ទទួល​យក​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ